ខេត្តបន្ទាយមានជ័យ ៖ ធុរជន និងមន្ត្រីប្រមាណជាង២០នាក់មកពីសមាគមឧស្សាហកម្មថៃ និងសភាទីប្រឹក្សាសេដ្ឋកិច្ចថៃ បានចូលសម្តែងការគួរសម និងពិភាក្សាពីការស្វែងរកលទ្ធភាពវិនិយោគនៅខេត្តបន្ទាយមានជ័យ ជាមួយលោកអ៊ុង អឿន អភិបាលខេត្ត និងអភិបាលរងប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធនាសាលាខេត្តថ្ងៃទី១០ សីហា ២០១២ នេះ ។
លោកអ៊ុង អឿន អភិបាលខេត្តលើកឡើងក្នុងនាមគណៈកម្មាធិការវិនិយោគខេត្តពីភូមិសាស្ត្រ ប្រជាសាស្ត្រ សក្តានុពលខេត្ត ដែលបានវិនិយោគិន ហើយនិងកំពុងត្រូវការរកដៃគូវិនិយោគ ។ ក្នុងនោះលើកពីហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក ផ្លូវដីតំបន់សេដ្ឋកិច្ចពិសេសអូរនាង ប៉ោយប៉ែត តំបន់ដីខ្ពស់នៅក្រុងសិរីសោភ័ណ អំណោយផលដល់ការកសាងរោងចក្រចៀសផុតពីទឹកជំនន់ ផ្ទៃដីបង្កបង្កើតផល រោងចក្រ សិប្បកម្ម សេវាកម្មដែលមាន ព្រមទាំងកម្លាំងពលកម្មដែលមាន ។ ក៏លើកពីបញ្ហាទីផ្សារលក់ផលិតផលពីថៃ និងបរទេស និងកសិផលនៃខេត្តលក់ទៅថៃ ។
លោកឆាវវ៉ាលីត គូនឡាអ ប្រធានសមាគមឧស្សាហកម្មថៃ និងជាប្រធានប្រតិភូនិយាយថា សមាគម និងក្រុមប្រឹក្សាសេដ្ឋកិច្ចថៃ ក៏ជាអ្នករាយការណ៍ពីការងារសេដ្ឋកិច្ច ឧស្សាហកម្មជូនគណៈរដ្ឋមន្ត្រីថៃ របស់អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែរ ។ ទស្សនកិច្ចនេះគឺដើម្បីជំរុញគាំទ្រវិនិយោគិនថៃ រោងចក្រ ហើយដែលបោះទីតាំងដំណើរការនៅបន្ទាយមានជ័យ និងកៀរគងវិនិយោគិនថៃ ថ្មីទៀតមកបោះទុនរកស៊ី។ ក្នុងនោះក៏ផ្សព្វផ្សាយពីកិច្ចសហការលើកទឹកចិត្តល្អពីអាជ្ញាធរ និងជំនាញនានានៃខេត្តនេះ ដល់វិនិយោគិនថៃកន្លងមក។
លោកបន្តថា រោងចក្រថៃ៥កន្លែង នៅបន្ទាយមានជ័យ ដែលកំពុងដំណើរការ និងស្រូបទាញពលករជាវិនិយោគជិក២ម៉ឺននាក់ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ