ខេត្តកំពត ៖ ផ្សារសាមគ្គីទីរួមខេត្តកំពតនៅព្រឹកថ្ងៃទី១០ សីហា បានរងការជន់លិច តាមបណ្តោយផ្លូវជុំវិញផ្សារ រហូតដល់ក្នុងបរិវេណផ្សារធ្វើឱ្យក្រុមអាជីវករអ្នកលក់ដូរក្នុងផ្សារ និងអ្នកដែលចូលទិញទំនិញត្អូញត្អែរពីការដើរលុយទឹកដែលមានក្លិនស្អុយ ។
តាមប្រភពពីមន្ត្រីរាជការ និងប្រជាពលរដ្ឋដែលមានលំនៅឋានជុំវិញផ្សារនេះឱ្យដឹងថា ស្ទើរតែរាល់ៗលើកទៅហើយ ឱ្យតែមានភ្លៀងធ្លាក់មួយមេធំម្តងៗ ក្នុងផ្សារនិងផ្លូវជុំវិញផ្សារតែងតែរងការជន់លិច ដោយសារស្ទះប្រព័ន្ធលូបង្ហូរទឹក ។ ប្រភពនោះបន្តទៀតថា កន្លងមកគេឃើញអាជ្ញាធរក្រុងចុះរៀបចំប្រព័ន្ធលូនៅតាមបណ្តោយផ្លូវជុំវិញផ្សារដែរ ប៉ុន្តែការកកស្ទះលូបណ្តាលឱ្យលេចផ្លូវជុំវិញផ្សាររហូតដល់ក្នុងបរិវេណផ្សារនៅតែជាបញ្ហាដដែល ។ ប្រភពខ្លះសង្ស័យថា មកពីការដាក់លូបង្ហូរទឹកនោះតូចពេក មិនតុល្យភាពនឹងកម្លាំងទឹកដែលភ្លៀងធ្លាក់ខ្លាំងម្តងៗ ហើយម៉្យាងវិញទៀតមានជនខ្លះខ្វះការយល់ដឹង បានចោលសំរាមធ្វើឱ្យស្ទះលូទឹក ទើបបណ្តាលឱ្យទឹកហូរធ្លាក់ទៅក្នុងលូមិនទាន់ ។
ជុំវិញបញ្ហាទឹកលិចផ្សារសាមគ្គីទីរួមខេត្តរាល់ៗឆ្នាំនេះ លោកនាក់ សុវណ្ណរី អភិបាលក្រុងកំពត បានឱ្យកោះសន្តិភាពដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១០ សីហា ថា មានកត្តាមួយចំនួនដែលធ្វើឱ្យទឹកលិចផ្សារពេលភ្លៀងធ្លាក់ខ្លាំងម្តងៗនេះគឺប្រព័ន្ធ លូដែលដាក់នៅជុំវិញផ្សារនេះបានតភ្ជាប់ទៅដល់ដៃព្រែកកំពត ។ កាលណាមានភ្លៀងធ្លាក់ធំម្តងៗ វាត្រូវនឹងទឹកសមុទ្រ ដៃព្រែកកំពត ក៏ជោរឡើងដែរ ធ្វើឱ្យទឹកមិនអាចហូរចេញពីប្រព័ន្ធលូក្នុងផ្សារទាន់ទេ គឺហូរយឺតៗ ។ ដូច្នេះទឹកត្រូវចាល់មួយម៉ោង ឬមួយម៉ោងកន្លះទម្រាំទឹកដៃព្រែកកំពតនាចធ្លាក់ក្នុងសមុទ្រវិញ ទើបប្រព័ន្ធលូដែលចេញពីជុំវិញផ្សារនេះហូរខ្លាំងឆាប់អស់ ។ បើសិនជាភ្លៀងត្រូវនឹងទឹកព្រែកហូរនាច ទឹកតាមប្រព័ន្ធលូក្នុងផ្សារក៏មិនអាចជន់លិចហៀរហូរតាមផ្លូវជុំវិញផ្សារនេះដែរ ។
លោកអភិបាលក្រុងបន្តទៀតថា ទោះបីប្រព័ន្ធលូដែលភ្ជាប់នឹងព្រែកកំពត យើងជួបឧបសគ្គជាមួយធម្មជាតិយ៉ាងនេះក្តី លោកនឹងមានគម្រោងកែច្នៃប្រព័ន្ធលូដែលតភ្ជាប់នឹងដៃព្រែកកំពតនេះជាថ្មីបន្តទៀត ដើម្បីបង្ហូរទឹកឱ្យធ្លាក់ទៅ ដៃព្រែកឱ្យបានទាន់ពេលបញ្ចៀសការជន់លិចផ្សារ មិនឱ្យកើតមានដដែលៗបែបនេះទៀតទេ ។ លោកអភិបាលក្រុងកំពតសំណូមពរអ្នកផ្សារយោគយល់ពីបញ្ហានេះផង ៕




ចែករំលែកព័តមាននេះ