ខេត្តព្រៃវែង ៖ មានរឿងរ៉ាវមួយមិនដែលមាន និងមិនគួរកើតនោះគឺនៅក្នុងទឹកដីស្រុកកំពង់ត្របែក បុរសស្រវឹងខួបម្នាក់ដុតផ្ទះខ្លួនឯងឱ្យឆេះអស់ រួចហើយរករឿងម្តាយបង្កើតដោយលើកគ្នាទៅរុះរើផ្ទះរបស់ម្តាយមកធ្វើផ្ទះរបស់ខ្លួនឡើងវិញ ។ រឿងមិនដែលមាន និងមិនគួរកើតត្រូវលោកយាយឈ្មោះស៊ាង ស៊ាន អាយុ៧៥ឆ្នាំ (មេម៉ាយ៣០ឆ្នាំ)និងមានកូនតែ២នាក់ ក្នុងនោះកូនស្រីម្នាក់ឈ្មោះព្រហ្ម ស៊ីថា អាយុ៥៣ឆ្នាំ ក៏ជាស្ត្រីមេម៉ាយ ជាកម្មការិនីនៅរាជធានីភ្នំពេញ។ ឯកូនប្រុសឈ្មោះព្រហ្ម សេងលី អាយុ៥០ឆ្នាំ មានប្រពន្ធឈ្មោះអីុ ហេង មិនសូវជាគ្រប់ តែមានកូនដល់ទៅ១០នាក់ រស់នៅភូមិឈើទាល ឃុំប្រធាតុ ស្រុកកំពង់ត្របែក ។
លោកយាយស៊ាង ស៊ាន បានរៀបរាប់ប្រាប់អ្នកយកព័ត៌កោះសន្តិភាពថា កាលពីថ្ងៃទី២ សីហា ២០១២ កូនប្រុសរបស់គាត់ឈ្មោះព្រហ្ម សេងលី បានផឹកស្រាស្រវឹងជោកជាំ ហើយបានរករឿងគំរាមកំហែងធ្វើឱ្យប្រពន្ធ និងកូនៗទាំងអស់ភ័យខ្លាចឪពុកធ្វើបាប ក៏នាំរត់ទៅដេកពួននៅផ្ទះអ្នកជិតខាងអស់ទៅ ។ លោកយាយបន្តថា កូនប្រុសគាត់បានដើរទៅស្រែកហៅប្រពន្ធ និងកូនៗឱ្យមកដេកនៅផ្ទះរបស់ខ្លួនវិញ ដោយពោលពាក្យដដែលៗថា បើមិនមកដេកនៅផ្ទះវិញទេ អញនឹងដុតផ្ទះចោល ទុកធ្វើអីបើគ្មានមនុស្សដេក ស្រែកហៅជាច្រើនសានៅតែប្រពន្ធ និងកូនៗមិនមកដដែល ព្រោះតែការភ័យខ្លាចប្តី ឬឪពុកវាយធ្វើបាបខ្លួនដូចពេលមុនៗទៀត ។ ទីបំផុតបុរសជាប្តីនោះក៏ដុតផ្ទះទំហំ៦ម៉ែត្រគុណ៨ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី២ខ្នងឱ្យឆេះខ្ទេចខ្ទីអស់នៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២ សីហា ២០១២ លុះព្រឹកឡើងថ្ងៃទី៣ ខែឆ្នាំដដែល ប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំប្រធាតុ ស្រុកកំពង់ត្របែក បានមកព័ទ្ធចាប់ខ្លួនតែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ