ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នក​ក្រុង​កំពង់ចាម​​ត្អូញ​ត្អែរ​ក្រុម​ហ៊ុន​ស៊ិន​ទ្រី ប្រមូល​សំរាម​​មាន​ការ​យឺត​យាវ​

13 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ៖ ​ប្រជា​ពល​រដ្ឋ​​ក្រុង​​កំពង់​ចាម​ ភាគ​ច្រើន​មិន​សប្បាយ​ចិត្ត​ដោយ​សារ​តែ​​សំរាម​​របស់​ពួក​គាត់​​ដាក់​​នៅ​ខាង​មុខ​ផ្ទះ មិន​​ត្រូវ​បាន​ក្រុម​​ហ៊ុន​ស៊ិន​ទ្រី ចុះ​មក​ប្រមូល​​យក​​ឱ្យ​បាន​ឆាប់​ៗ​នោះ​ទេ ទាល់​តែ​​មាន​ដង្កូវ​ចោះ​ជិត​ក្លិន​ស្អុយ​​អសោច ទើប​​គេ​ឃើញ​​រថយន្ត​​ប្រមូល​សំរាម​​មក​ដឹក​យក​ទៅ​ចាក់​ចោល ។ លោក​ធុច ​ថាត អភិ​បាល​ក្រុង​កំពង់ចាម ​មាន​ប្រសាសន៍​​ឱ្យ​​កោះ​សន្តិ​ភាព​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១០ សីហា ​២០១២ ​ថា ការ​យឺត​​យាវ​​នៃ​ការ​ប្រមូល​សំរាម​នេះ គឺ​ដោយ​សារ​​តែ​មាន​វិបត្តិ​ទីតាំង​សម្រាប់​​ចាក់​​សំរាម ព្រោះ​​​មុន​នេះ​ត្រូវ​​ដឹក​យក​ទៅ​ចាក់​ចោល​​នៅ​ខាង​ភូមិ​​ស្រែ​សៀម ​ឃុំ​ជីរោទិ៍​ទី​២ ​ស្រុក​​ត្បូង​ឃ្មុំ​ តែ​​ដោយ​​​គំនរ​សំរាម​ធំ​ខ្វះ​​លក្ខណៈ​​បច្ចេក​ទេស ទើប​ជា​ហេតុ​បណ្តាល​ឱ្យ​ជះ​ក្លិន​ស្អុយ​ត្រូវ​បាន​​ប្រជា​ពល​រដ្ឋ​រស់​នៅតំបន់​​​នោះ​នាំ​​គ្នា​ប្តឹង​ជំទាស់​មិន​ឱ្យ​ចាក់​​នៅ​ទី​នោះ​ឡើយ ។ ​

លោក​ធុច ថាត បន្ត​ថា ​ការ​ផ្លាស់​ប្តូរ​ទីតាំង​​កន្លែង​ថ្មី​សម្រាប់​ចាក់​​សំរាមមិន​ទាន់​ពេល​វេលា​​ទើប​​ជា​ហេតុ​ បណ្តាល​ឱ្យ​ការ​​ប្រមូល​សំរាម​មាន​ការ​យឺត​យាវ​ ដូច្នេះ​ហើយ​​ទើប​ធ្វើ​​ឱ្យ​ប្រជា​ពល​រដ្ឋ​​រស់​នៅ​ក្នុង​ក្រុង​កំពង់ចាម មាន​ការ​មិន​សប្បាយ​​ចិត្ត​​​។ ប្រសិន​​បើ​ក្រុម​ហ៊ុន​​ស៊ិន​ទ្រី​ នូវតែ​​បណ្តោយ​ឱ្យ​កើត​មាន​បែប​នេះ​បន្ត​ទៀត នឹង​មាន​បញ្ហា​ចោទ​ឡើង ហើយ​​ពេល​​ចុះ​ទៅ​ប្រមូល​​លុយ​ថ្លៃ​សំរាម​ប្រាកដ​ជា​ត្រូវ​ប្រជា​ពល​រដ្ឋ​មិន​ឱ្យ​លុយ។ ​ជា​មួយ​នោះ​ដែរ​​លោកធុច ថាត ​បាន​ជំរុញ​ឱ្យ​​ក្រុម​ហ៊ុន​​ប្រមូល​សំរាម​​ត្រូវតែ​រៀបចំ​ទិន្ន​ន័យ​ប្រមូល​សំរាម​ឱ្យ​​បាន​ច្បាស់​លាស់​ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕