ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សាំង សុណា​លីដូ អ្នក​មាន​ជំនាញ​សិល្បៈ​របាំ​ច្រើន​ត្រៀម​ខ្លួន​ចេញ​ទៅ​អូស្ត្រាលី​​ចុង​ឆ្នាំ​២០១២ ​នេះ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ដោយ​សារ​មាន​ឈាម​ជ័រ​​ជាអ្នក​សិល្បៈ​​លោក​សាំង ​សុណាលីដូ ក្នុង​វ័យ​​២៤​ឆ្នាំ ត្រូវជា​ចៅ​​យាយ​ចេក​ម៉ាច​បាន​បណ្តែត​​ខ្លួន​ចូល​ក្នុង​វិស័យ​​សិល្បៈ​​របាំ​បុរាណ​ របាំ​ប្រពៃណី​ និង​ចូល​ហ្វឹក​​ហាត់​​រៀន​រាំ​​ច្រៀង​នៅ​ក្នុង​​អង្គ​​ការ​ក្រៅ​​រដ្ឋា​ភិបាល​​មួយ​នា​ឆ្នាំ​២០០២ ។

លោក​សាំង សុណាលីដូ ​បាន​រៀបរាប់​ពី​ជីវិត​​សិល្បៈ​ឱ្យ​ដឹងថា លោក​​មាន​​ជីដូន (យាយ​ចេក​ម៉ាច) ជា​អ្ន​ក​សិល្បៈ​​ល្ខោន​បាសាក់ និង​ម្តាយ​ជា​អ្នក​ចម្រៀង​ និង​អ្នក​និពន្ធ​​ទំនុក​​បទ​ចម្រៀង​ផង​នោះ បាន​ធ្វើ​ឱ្យ​​លោក​មាន​ដុង​និស្ស័យ​សិល្បៈ​ពី​កំណើត​មក ​និង​បានខិត​ខំ​​ហ្វឹក​ហាត់​រៀន​រាំ​របាំ​​ជា​ច្រើន​ទម្រង់​ ដូច​​ជា​របាំ​ប្រពៃណី​ មាន​របាំ​​គោះ​ត្រឡោក របាំ​នេសាទ​ របាំ​គោះ​អង្រែ របាំ​វាយ​ក្រាប់ របាំ​ក្ងោក​ប៉ៃលិន ​របាំបេះ​ក្រវ៉ាញ របាំ​ហ្គែន​​​ជាដើម ។ ​ចំណែក​របាំ​បុរាណ​លោកសាំង សុណាលីដូ ចេះ​មាន​ដូច​ជារបាំ​ទេពមនោរម្យ របាំជូន​ពរ របាំ​មេខឡា របាំ​អប្សរា​ របាំ​ទេព​មច្ឆា និង​របាំ​ជាច្រើន​ទៀត​។​

លោក​សាំង សុណាលីដូ បន្ត​ថា ក្រៅពី​ចេះ​រាំ​របាំ​បុរាណ និង​ប្រពៃណី​លោក​ក៏ចេះ​ច្រៀង​ចម្រៀង​សម័យ និង​មហោ​រី​ផង​ដែរ។ ​ដោយ​សារតែ​លោក​មាន​ជំនាញ​ច្រើន​​បែប​នេះ ទើប​កន្លង​មក​ក្រៅ​ពី​សម្តែង​រាំ​របាំ និង​ច្រៀង​ជា​កិត្តិ​យស​​នៅ ក្នុង​កម្មវិធី​ផ្សេងៗ​ថ្នាក់​ជាតិ និង​នៅ​លើ​ឆាក​ប្រគំ​តន្ត្រី​ចុង​សប្តាហ៍​​តាម​ស្ថានីយ​ទូរទស្សន៍​នានា​នោះ លោក​ក៏ធ្លាប់​​បាន​ចេញ​ទៅ​សម្តែង​​រាំ​ច្រៀង​នៅ​លើ​ឆាក​អន្តរ​ជាតិ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ដូចជា​ប្រទេស​អង់​គ្លេស បារាំង និង​សហ​រដ្ឋ​អាមេរិក​​ទៀត​ផង ។ ​នៅ​​ចុង​ឆ្នាំ​​២០១២ នេះ ​លោក​នឹង​ចេញ​ទៅ​សម្តែង​​ច្រៀង ​រាំ​របាំ​​ និង​ធ្វើ​ជា​មេ​ប្រយោគ​​ផ្តល់​ពិន្ទុ​ដល់​កូន​ខ្មែរ​ដែល​រស់​នៅ​ឯ​ប្រទេស​​អូស្ត្រាលី​​​ក្នុង​ការ​ប្រឡង​ច្រៀង និង​​​រាំ​ផងដែរ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕