ខេត្តកំពត ៖ ព្រឹកថ្ងៃទី១០ សីហា ២០១២ នេះ ក្នុងតំបន់ផ្សារទីរួមខេត្តកំពត បានរងការដក់ទឹកលិចលង់ តាមបណ្តោយផ្លូវជុំវិញ រហូតដល់ក្នុងបរិវេណផ្សារ ធ្វើឱ្យក្រុមអាជីវករលក់ដូរក្នុងផ្សារ និងពលរដ្ឋ ដែលត្រូវចូលទៅទិញអីវ៉ាន់ និងស្បៀងត្អូញត្អែរពីការលិចលង់នេះ ។
តាមប្រភពពីមន្ត្រីរាជការ និងប្រជាពលរដ្ឋ ដែលមានទីលំនៅជុំវិញផ្សារនេះ ឱ្យដឹងថា ស្ទើរតែរាល់លើកឱ្យតែមានភ្លៀងធ្លាក់មួយមេធំបន្តិច ក្នុងផ្សារទីរួមខេត្ត និងផ្លូវជុំវិញផ្សារតែងតែរងការលិចលង់ដោយស្ទះប្រព័ន្ធលូ ។ ប្រភពបន្តទៀតថា កន្លងមកគេឃើញអាជ្ញាធរក្រុងចុះរៀបចំប្រព័ន្ធលូនៅតាមបណ្តោយផ្លូវជុំវិញផ្សារដែរ ប៉ុន្តែឧបសគ្គការកកស្ទះបណ្តាលឱ្យទឹកលិចផ្លូវជុំវិញផ្សាររហូតដល់ក្នុងបរិវេណផ្សារនៅតែទឹកលិចដដែល ។
ប្រភពបានអះអាងទៀតថា មកពីការដាក់លូបង្ហូរទឹកនោះ តូចពេកមិនមានតុល្យភាពនឹងកម្លាំងទឹកភ្លៀងធ្លាក់ខ្លាំងម្តងៗ។ ម្យ៉ាងវិញទៀត មានប្រជាពលរដ្ឋមួយចំនួនបានចោលសំរាមបិទរន្ធរេហ្គ្រាទឹក ទើបបណ្តាលឱ្យទឹកចាល់ហូរធ្លាក់ទៅក្នុងលូមិនទាន់ និងមានប្រភពខ្លះរិះគន់ថា ការដាក់ប្រព័ន្ធលូមិនត្រឹមត្រូវតាមបច្ចេកទេស ទើបបណ្តាលឱ្យទឹកមិនហូរច្រោះតាមប្រព័ន្ធលូ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕




ចែករំលែកព័តមាននេះ