ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ីរី​ ៖ ​ពួកឧទ្ទាម​​​ដក​ថយ​​ពីទីតាំងសំខាន់​​​​របស់​ខ្លួន​​នៅ​​ក្រុង​​អាឡែប​

13 ឆ្នាំ មុន

ពួកឧទ្ទាម​​ស៊ីរី​​កាលពី​ថ្ងៃទី​៩ សីហា ​​បាន​​ដក​ថយ​ចេញពី​សង្កាត់​​សំខាន់​​ដែលពួក​គេ​ត្រួតត្រា​​នៅទី​ក្រុង​​​អាឡែប​​ជាទីក្រុង​ធំទី២​របស់​​​​ប្រទេស​​​​ហើយ​​​ជាទីក្រុង​​​គន្លឹះ​នៃ​ជម្លោះ​​​​រវាង​​ពួក​​បះ​បោរ​​​​និង​​របប​​​លោក​ប្រធានា​ធិបតី​​បាចា​​អាល់​ អាសាដ  ។​ ​ចំណែក​​ប្រធា​នា​ធិបតី​​​ស៊ីរី​​បាន​តែងតាំង​​​នាយក​​រដ្ឋមន្ត្រី​​ថ្មី​​ដើម្បី​​ជំនួស​លោក​​រីយ៉ាដ​ ហុីចាប​ ​ដែល​​រត់​ចោល​ជួរ​នាសប្តាហ៍​​​នេះ ។ ​ទន្ទឹម​នឹង​​នេះ​អុីរ៉ង់​​ជាសម្ព័ន្ធ​​​​​មិត្ត​​​ស៊ីរី​​​​​បាន​រៀបចំ​​​​​ធ្វើ​នៅ​ក្រុង​​​តេហេរ៉ង់​​នូវ​ការជួប​​​ពិគ្រោះ​​ពិភាក្សា​គ្នា​​មួយ​ស្តីពី​ស៊ីរី​​ដោយ​មាន​វត្ត​មាន​​របស់​​ប្រទេស​​​២៩ ក្នុង​នោះ​​មាន​រុស្ស៊ី​​ ចិន អុីរ៉ាក់​  អាហ្វហ្គានីស្ថាន  ​និង​ប៉ាគីស្ថាន ។​

​ពួកឧទ្ទាម​​នៃកង​​ទ័ព​ស៊ីរី​​សេរី​ដែល​បោះទីតាំង​នៅ​ក្រុង​អាឡែប​ជា​​បេះដូង​សេដ្ឋកិច្ច​របស់​ប្រទេស​​​​ដែល​​ការ​ប្រយុទ្ធ​គ្នា​នៅទីនោះ​​មាន​សភាព​​​​ខ្លាំងក្លា​​​ចាប់​​តាំងពី​ថ្ងៃទី​២០  កក្កដា​មក​ ​ប្រកាស​ថា​​ ពួក​​គេ​បាន​​​ដក​ថយ​​ចេញព​ីទីតាំង​​​​​នៅ​​សង្កាត់​​​សាឡា​ហ៊ុដ​ឌីន​ មកពី​​​​​មាន​ការ​​បាញ់​ផ្លោង​ខ្លាំង​ពេក​​​​ពីសំណាក់​​​​កងទ័ព​​​​​រដ្ឋាភិបាល ។​​

​យោងតាម​​ប្រភព​​​ព័ត៌​មានស​ន្តិសុខ​​ស៊ីរី​​​​ថា  កងទ័ព​​​​​​រុល​ទៅ​​​មុខយ៉ាង​​​​ឆាប់​​​សំដៅ​​សង្កាត់​​​​​សឺអុីវ អាល់​ដាវឡា ហើយ​​ការ​វាយ​​លុក​​​​នាពេល​​ខាង​មុខ​​​គឺ​​សំដៅ​​សង្កាត់​ស៊ុក​កាវី ​​នាភាគខាង​ត្បូង​​​ ក្រុង​​។សម្រាប់​​​​​ថ្ងៃទី​​៩ សីហា​ ​បើតាម​អង្គការ​​​ OSDH  ថា​​ ​ការ​ប្រយុទ្ធ​​គ្នា​និង​អំពើ​​ហិង្សា​​​​ ​​​នា​ថ្ងៃ​ទី​​៩ សីហា បណ្តាល​​ឱ្យ​មនុស្ស​ស្លាប់​៩​៦នាក់​​ ក្នុង​នោះ​​មាន​ជន​ស៊ីវិល​៣៧​នាក់ ។​​ទូរទស្សន៍​រដ្ឋស៊ីរី​​​រាយ​ការណ៍​​ថា ក្រោយ​​ការ​​រត់​ចោលជួរ​​​របស់​​នាយក​រដ្ឋ​មន្ត្រី​​​​លោក​រីយ៉ាដ ហុីចាប ប្រធានាធិបតី​​​បាន​តែងតាំង​​រដ្ឋមន្ត្រី​​​​សុខា​ភិបាល​លោក​វ៉ាអែល​ អាល់​​ហាល​​គី ជានាយក​រដ្ឋ​មន្ត្រី​​ថ្មី ។​

ចំណែក​​​អ្នក​ការទូត​​អាល់​ហ្សេរី​​ ម្នាក់​​លោក​​​​ឡាក់​ដា​​ប្រា​ហុីមី​ ត្រូវ​បាន​​​​​ជំរុញ​​​​ឱ្យ​​បន្ត​តំណែង​​​​ពី​លោក​​កូហ្វី​អាណាន់​ ជា​បេសកជន​​ពិសេស​របស់​អ.ស.ប​ ​និង​សម្ព័ន្ធ​អារ៉ាប់​​​ ទទួល​បន្ទុក​​ប្រទេស​​ស៊ីរី​​ ញ៉ាំងឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​នានា​​​​ទី​ចុង​ក្រោយ។​  ​ការសម្រេច​ចិត្ត​លើ​ការ​​តែងតាំង​នោះ​​អាច​ប្រកាស​នាដើម​​សប្តាហ៍​​​​ខាង​​មុខ។ ​លោក​​​​ប្រាហុីមី​​ អាយុ​៧៨ឆ្នាំ ធ្លាប់​ធ្វើ​​រដ្ឋ​មន្ត្រី​ការ​បរទេស​កាលពី​ដើម​ទសវត្ស​ឆ្នាំ​​១៩៩០ ​ហើយ​​ធ្វើ​​តំណាង​ពិសេស​​ អ.ស.ប ​សម្រាប់​​​អាហ្វហ្គា​នីស្ថាន​​​ និង​​​​អុីរ៉ាក់​​​ក្នុងឆ្នាំ​២០០១ ។

​លោក​កូហ្វីអាណាន់​ ​​ដែលទទួល​​ការតែង​តាំង​​​​ជាបេសកជន​​​ពិសេស​នោះ​ កាលពីដើម​ខែ​​សីហា ​​អះអាង​ថា  លោក​នឹងមិន​​បន្ត​​អាណត្តិ​​​​ដែល​​​ផុតត្រឹម​​ថ្ងៃទី​​​​៣១ សីហា​​ទៀត​ឡើយ ៕​