ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​​សាល​ក្រម​​ផ្តន្ទា​ទោស​​សន្តិ​សុខ​រោង​ចក្រ​អីុ​ស្ទិច​៥​នាក់​រឿង​​លួច​ក្រណាត់​ និង​ខោ​អាវ​រោងចក្រ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី​១០ សីហា សាលាដំបូងរាជធានីភ្នំពេញ បាន​ប្រកាស​សាល​ក្រមផ្តន្ទាទោសលើជនជាប់ចោទចំនួន៥នាក់ អតីត​ជាសន្តិសុខរោងចក្រអីុស្ទិចហ្គា មែន ដែល​ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍​សែន​ជ័យ ដាក់ពន្ធនាគារ​ម្នាក់​១ឆ្នាំ និងរួមគ្នាសង​ទៅ​ដើមបណ្តឹង៤១.១៧៧ដុល្លារ។ សាលក្រមនេះ​បាន​បើកផ្លូវ និងទុកពេល៣០ថ្ងៃ​ឱ្យភាគីណាមួយ​មិន​សុខចិត្តប្តឹង​ទាស់ទៅ​សាលា​ឧទ្ធរណ៍ ។

ពិធីប្រកាសសាលក្រមនេះ​ធ្វើឡើងដោយ​លោកសេង នាង ប្រធានក្រុមប្រឹក្សា លោកហោ លីណា ព្រះរាជអាជ្ញារង​អមសាលាដំបូង​រាជ​ធានី​ភ្នំពេញ និងបានធ្វើ​ចំពោះមុខជនត្រូវចោទ ១-ឈ្មោះសៅ វណ្ណៈ ភេទ​ប្រុស អាយុ​២៤ឆ្នាំ ២-ឈ្មោះ​ហួត ទី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ៣-ឈ្មោះ​កែប វ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ៤-ឈ្មោះ​​ហុល ហ៊ា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ៤នាក់​នេះ​គឺជាសន្តិសុខរោងចក្រត្រូវផ្តន្ទា​ទោស​ដាក់ពន្ធ​នាគារម្នាក់ៗរយៈពេល១ឆ្នាំ និង៥-ឈ្មោះហេង ប៊ុនស ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជាអ្នកទៅទិញ​ក្រណាត់ និងខោអាវពី​សន្តិសុខ​៤នាក់​​ខាង​លើ​ដាក់ពន្ធនា​គា​រយៈពេល១ឆ្នាំដែរ ។ ប៉ុន្តែទោស​នេះ​ត្រូវព្យួរ​ ហើយសាលក្រមក៏បានផ្តន្ទាទោស​ទៅ​លើ​ឈ្មោះ​ហេង ប៊ុនស ដោយកំបាំងមុខ ពោល​គឺជនត្រូវ​ចោទបានរត់គេច​ខ្លួនបាត់ទៅ​ហើយ ។

គួរ​រំលឹកថា កាលពីថ្ងៃទី២៥ ធ្នូ ឆ្នាំ២០១១ និងថ្ងៃទី២ មករា ២០១២ ជន​ត្រូវ​ចោទ​ទាំង៥​នាក់បានធ្វើសកម្មភាពលួចខោអាវ និង​ក្រណាត់​រោងចក្រចំនួន​២លើកសរុប​អាវយឺត​៥.៩៥៩​អាវ ក្រណាត់១៨ដុំ គិតជាប្រាក់ជាង​៤​ម៉ឺនដុល្លារ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕