រាជធានីភ្នំពេញ ៖ រថយន្តសង្គ្រោះបន្ទាន់ដែលគេអះអាងថា ជារថយន្តរបស់មន្ទីរពេទ្យខេត្តកំពង់ចាម បានជួបគ្រោះថ្នាក់ចរាចរណ៍បុកគ្នាជាមួយម៉ូតូម៉ាកឃ្លីក ពណ៌ខ្មៅ មួយគ្រឿងដែលជិះ២នាក់ប្តីប្រពន្ធក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យស្រ្តីជាប្រពន្ធមានផ្ទៃពោះ២ខែរងរបួសស្រាលហើយម៉ូតូខូចខាតធ្ងន់ធ្ងរខ្ទេចមុខ។ បន្ទាប់ពីកើតមានគ្រោះថ្នាក់អ្នកបើករថយន្តសាមុយនោះបានឈប់មើលមួយសន្ទុះហើយក៏ឡើងជិះរថយន្តទៅបាត់។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី៩ សីហា ២០១២ នៅតាមផ្លូវជាតិលេខ៦ ខាងត្បូងផ្សារព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ។ ស្រ្តីរងគ្រោះឈ្មោះព្រីន រ៉ាន អាយុ១៩ឆ្នាំ មានផ្ទៃពោះ២ខែ មានទីលំនៅភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌឫស្សីកែវ រងរបួសរលាត់ដៃជើង។ ចំណែកបុរសជាប្តីដែលជាអ្នកឌុបពុំមានរងរបួសឡើយ។
តាមសាក្សីឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ដោយសាររថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យខេត្តកំពង់ចាម បានបើកវ៉ារថយន្តមួយគ្រឿងក្នុងទិសដៅស្របគ្នា ហើយក៏ជ្រុលចង្កូតទៅបុកម៉ូតូម៉ាកឃ្លីក មួយគ្រឿងដែលកំពុងធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសគ្នាតែម្តង។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ