ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារា​អាយុ​១២​ឆ្នាំ​ រលាក​ទឹក​ក្តៅ​កំពុង​ពុះ​​នៅ​ស្រុក​ថៃ​បញ្ជូន​មក​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​

13 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន​ ៖ ​កុមារា​ម្នាក់​អាយុ​​១២​ឆ្នាំ ​បាន​រង​របួសធ្ងន់​ដោយ​សារ​រលាក​​ទឹក​ក្តៅ​កំពុង​ពុះ​​ត្រូវ​​ដៃ​ស្តាំ និង​ចំហៀង​ខ្លួន​ផ្នែក​ខាង​ស្តាំ​ ខណៈ​​ដែល​កុមារា​​រូប​នេះ​ដាំ​ទឹក​ក្តៅ (ថ្នាំខ្មែរ) ​មួយ​កំសៀវ​ពុះ​លើក​យក​ទៅ​ឱ្យ​ម្តាយ​​ពិសារ ហើយ​​របូត​ដៃ​ធ្លាក់​កំសៀវ​​ បណ្តាល​​ឱ្យ​ទឹ​ក​ក្តៅ​ខ្ទាត​ត្រូវ​​​រលាក​តែ​ម្តង ។​

​ហេតុ​ការណ៍​​រលាក​ទឹក​ក្តៅ​នេះ​​បាន​កើតឡើង​​កាល​ពីវេលា​ម៉ោង​៨​និង​១០​នាទី​​យប់​ថ្ងៃទី​៧ សីហា​ ២០១២ ​ស្ថិត​ក្នុង​រោង​ចាំ​ចម្ការ​​នៅ​ខេត្ត​ចន្ទ​បូរី ប្រទេស​ថៃ ។​ ក្រោយ​​ពី​រលាក​ភ្លាម​ម្តាយ​បាន​នាំ​ទៅ​​ឱ្យ​គ្រូ​ខ្មែរ​ស្តោះ​ផ្លុំ​ចំនួន​២​ថ្ងៃ​ លុះ​របួស​កាន់​​តែ​ធ្ងន់​ធ្ងរក៏​បញ្ជូន​​ទៅ​​ព្យា​បាល​​​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ចន្ទ​បូរី ​តែដោយ​នៅ​ទី​នោះ​​គេ​ទារ​សេវា​ថ្លៃ​ពេក គ្មាន​ប្រាក់​ព្យាបាល​កូន ទើប​បញ្ជូន​មក​កាន់​មន្ទីរ​ពេទ្យ​បង្អែក​​ខេត្ត​​ប៉ៃលិន កាល​ពី​ល្ងាច​ថ្ងៃ​ទី​៩ សីហា ​នេះ ។

ប្រភព​ព័ត៌​មាន​​បានឱ្យ​ដឹងថា កុមារា​​រង​គ្រោះ​ឈ្មោះ​រឿន ម៉េង​ឈាង ​អាយុ​១២​ឆ្នាំ​ ​មាន​បង​ប្អូន​៣​នាក់ ស្រី​២​នាក់ ​ឪពុក​ឈ្មោះ​សំ​ រឿន អាយុ​៣៧​ឆ្នាំ ម្តាយ​ឈ្មោះ​​គី អ៊ន់ ​អាយុ​៣១​ឆ្នាំ ​ជា​កម្ម​ករ មាន​ស្រុក​កំណើត​​នៅ​​ភូមិ​ស្រក ឃុំ​ស្រក ស្រុក​កំពង់​សៀម ខេត្ត​កំពង់ចាម ។​ ប្រភព​បន្ត​ឱ្យ​ដឹង​ទៀតថា ​ដោយ​​ជីវ​ភាព​​ខ្វះ​ខាត និង​ជំពាក់​លុយ​​គេ ​ទើប​ប្តី​ប្រពន្ធ និង​កូន​ទាំង​៣​នាក់ ​នេះសម្រេច​ចិត្តទៅ​ធ្វើ​ការ​ងារ​នៅ​ស្រុក​ថៃ​ក្នុង​ខេត្ត​ចន្ទ​បូរី ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕