ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ថ្មី​ទើប​នឹង​​ទិញ​បាន​ទៅ​ដួល​បោក​​លើ​ផ្លូវ​លំ​ស្លាប់​​បាត់​បង់​ជីវិត​

13 ឆ្នាំ មុន

ខេត្ត​កំពង់ឆ្នាំង​ ៖ ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ថ្មី​ដែល​ទើប​នឹង​ទិញ​បាន​ទៅ​​ដួល​លើ​​ផ្លូវ​លំ​ក្រាល​ក្រួស​​ក្រហម បណ្តាល​ឱ្យ​ស្លាប់​បាត់​បង់​ជីវិត​កាល​ពី​វេលា​ម៉ោង​​៥​និង​៣០​នាទី​​ល្ងាច​ថ្ងៃទី​៩ ​សីហា ២០១២ នៅ​ចំណុច​​ស្រែ​ទំនាប​ត្រពាំង​​ក្រវ៉ាន់ ស្ថិត​ក្នុង​ភូមិ​ក្រាំង​លាវ ឃុំ​​ក្រាំង​លាវ ​ស្រុក​រលា​ប្អៀរ ​។

​មន្ត្រី​ប៉ូលិស​ស្រុក​រលា​ប្អៀរ ​បាន​ប្រាប់​តាម​ទូរស័ព្ទថា ​ជន​រងគ្រោះ​​មាន​ឈ្មោះ​អ៊ុន ​ផង់ អាយុ​​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំងលាវ ​ឃុំ​ក្រាំង​លាវ ។ ​ប្រភពដដែល​បាន​បន្ត​ដោយ​ស្រង់​​សម្តី​បង​ប្អូន​ជន​រងគ្រោះ​ថា បុរស​រងគ្រោះ​​ទើប​​បាន​ទិញ​ម៉ូតូ​ថ្មី​​ម៉ាក​ស្មាស់​រីវ៉ូ ស៊េរី​២០១២ ​ពណ៌ ខ្មៅ មួយ​គ្រឿង ​ហើយ​នៅ​មុន​ពេល​កើត​ហេតុ​​បាន​ជិះ​​ម៉ូតូ​ថ្មី​ដែល​ទើប​នឹង​ទិញ​នោះ​​សាក និង​​ទៅ​មើល​ស្រែ​ផង ប៉ុន្តែ​​នៅ​ល្ងាច​នោះ​ពេល​ជិះ​ចេញ​ផុត​បាន​បន្តិច​ក៏​មាន​ភ្លៀងធ្លាក់​ជា​ខ្លាំង​​ ខណៈ​នោះ​ជន​រង​គ្រោះ​​ប្រហែល​ជាជិះ​​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ ហើយ​គាប់​ជួន​​ផ្លូវ​រអិល​​ និងមិន​សូវ​​ប្រសប់​​បើក​ម៉ូតូ​ផង​ក៏​ដួល​​បោក​ទៅ​នឹង​ផ្លូវ បណ្តាល​​ឱ្យ​រង​របួស​ជា​ទម្ងន់​ ​និង​បន្តិច​ក្រោយ​​មក​ក៏​ស្លាប់​បាត់​បង់​ជីវិត​តែ​ម្តង ។

តាម​ប្រជា​ពល​រដ្ឋ​​ដែល​នៅ​​ផ្ទះ​​ជិត​ជន​រងគ្រោះ​បាន​និយាយ​ថា ជន​រង​គ្រោះ​​ខិត​ខំ​សន្សំ​ប្រាក់​​ទម្រាំ​បាន​​គ្រប់​ទិញ​ម៉ូតូ​ថ្មី​នេះ​ ប៉ុន្តែ​ពេល​​ទិញ​បាន​​ដូច​យក​មក​សម្លាប់​ជីវិត​ខ្លួន​ឯង​តែ​ម្តង ៕