រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចគោលការណ៏ឲ្យមានការសាងសង់រូបសំណាកលោកជា វិជ្ជា អតីតប្រធានសហ ជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដែល ត្រូវបានជនមិនស្គាល់អត្តសញ្ញាណបាញ់សម្លាប់ កណ្តាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ មករា ២០០៤កន្លងមក ។
យោងតាមសេចក្តីសម្រេចរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលចុះហត្ថលេខាដោយលោក ឧបនាយករដ្ឋមន្រ្តីសុខ អាន បានឲ្យដឹងថា ករណីស្នើសុំគោលការណ៍សម្រេចស្តីពីការ កសាងរូបសំណាក លោកជា វិជ្ជា នោះ រាជរដ្ឋាភិបាលបានសម្រេចគោលការណ៏ចំនួនបីចំណុច៖
ទី១-សាងសង់រូបសំណាកលោកជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ ដោយបែរមុខទៅទិសខាងលិចជ្រើសរើសយកទីតាំងទី១ ស្ថិតនៅប៉ែកខាងត្បូងនៃសួនស្មៅខាងលិចវិមានឯករាជ្យខិតទៅម្ខាងវត្តលង្កា ។ទី២-ប្រគល់ភារកិច្ចជូនសហជីពសេរីកម្មករក្នុងការឆ្លាក់រូបសំណាកទៅតាមប្លង់ ដែលបានឯកភាពគ្នារួច ដោយប្រើថ្មភក់ពណ៌ខៀវ យកមកពីខេត្តសៀមរាប មានកម្ពស់១,៦៨ម៉ែត្រ កម្ពស់ជើងទម្រ១ម៉ែត្រ ហើយជើងទម្រមានរាងបួនជ្រុង ។ ទី៣-សាលារាជធានីភ្នំពេញជួយបំពេញបន្ថែមថវិកាចំនួន៥.០០០ដុល្លារ សម្រាប់ចំណាយក្នុងការសាងសង់នេះ ៕
ចែករំលែកព័តមាននេះ