រាជធានីភ្នំពេញ ៖ រថយន្តម៉ាកកូរ៉ូឡាស៊េរី៩៥ ពណ៌ឈាមជ្រូកមួយគ្រឿង បានបើកក្នុងល្បឿនលឿនវាក់ជាមួយថយន្តមួយគ្រឿងនៅពីមុខ អ្នកបើកទាញចង្កូតគេច និងទាញមកវិញបោកផ្នែកខាងក្រោយ និងរនាំងដែកចែកមហាវិថីសេនាប្រមុខគឹម អ៊ីលស៊ុង បណ្តាលឱ្យរថយន្តខ្ទេចគូទ ហើយរនាំងដែកពុំបាក់ដួលរលំឡើយ គឺគ្រាន់តែវៀចចំរឹងតែប៉ុណ្ណោះ ។ បន្ទាប់ពីកើតមានគ្រោះថ្នាក់ចរាចរណ៍ រថយន្តនោះព្យាយាមបើករត់គេចខ្លួន តែត្រូវប៉ូលិសផ្សារដេប៉ូទី៣ ដេញឃាត់បាននៅតាមផ្លូវលេខ៥៦៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី៩ សីហា ២០១២ នៅតាមមហាវិថីសេនាប្រមុខគឹម អីុលស៊ុង ខាងជើងស្តុបទួលគោក ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។តាមមន្ត្រីកងរាជអាវុធហត្ថ និងប៉ូលិសចរាចរដែលប្រចាំការនៅតាមស្តុបទួលគោក បានឱ្យដឹងថា បន្ទាប់ពីកើតមានគ្រោះថ្នាក់ប៉ះរនាំងដែករថយន្តបានបើករត់គេចខ្លួនតាមមហាវិថីសហព័ន្ធរុស្ស៊ី ទៅទិសខាងកើត និងបានបើកកាច់ចុះឡើងត្រូវកម្លាំងសមត្ថកិច្ចប្រចាំការ និងប៉ូលិសសង្កាត់ផ្សារដេប៉ូទី៣ ដេញចាប់បាននៅពេលដែលម្ចាស់បើករត់ដល់មុខផ្ទះតាមផ្លូវលេខ៥៦៦ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។
តាមសម្តីអ្នកបើកបរបានឱ្យដឹងថា មូលហេតុដែលកើតមានគ្រោះថ្នាក់ប៉ះរនាំងដែក ដោយសារតជិះែគេចរថយន្តមួយគ្រឿង ដែលធ្វើដំណើរនៅចំពីមុខ ។ បន្ទាប់ពីកើតមានគ្រោះថ្នាក់ ខ្លួន ពុំបានបើករត់នោះទេ គឺបើកមកផ្ទះបើបើករត់ទៅបាត់ហើយ ។ នៅយប់នោះ ប៉ូលិសការិយាល័យចរាចរណ៍ផ្លូវគោកបានចុះទៅយករថយន្តនោះបញ្ជូនទៅកាន់សាលារាជធានីភ្នំពេញ ដើម្បីដោះស្រាយសងការខូចខាត ៕




ចែករំលែកព័តមាននេះ