ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈពេលកំពុងជិះម៉ូតូឌុបគ្នា ហើយត្រូវជនសង្ស័យលបកាប់២កាំបិតផ្គាក់ ចំណែកម្នាក់ទៀតលោតចេញពីម៉ូតូទាន់មិនមានរងរបួសទេ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី៩ សីហា តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិធ្លកយុល ឃុំតាជេស ស្រុកកំពង់ត្រឡាច ។
តាមបងប្អូនដែលជូនមកកាន់មន្ទីេពទ្យព្រះកុសុមៈ ក្នុងរាជធានីភ្នំពេញបានប្រាប់ថា ជនរងគ្រោះឈ្មោះ កុយ ផាត អាយុ៣៥ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅភូមិសាវង្ស ឃុំតាជេស រងរបួសក្បាលផ្នែកខាងឆ្វេងត្រូវបានគ្រូពេទ្យដេរអស់១០ថ្នេរ និងរយះបបូរមាត់ ។ ចំណែកម្នាក់ទៀតដែលអង្គុយខាងក្រោយលោតចេញទាន់ឈ្មោះ រ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលាងម៉ូតូ ស្នាក់នៅក្នុងភូមិជាមួយគ្នា ។
ប្រភពដដែលបានបន្តទៀតថា ជនសង្ស័យជាអ្នកបង្កឈ្មោះ វ៉េង ភេទប្រុស អាយុ២៨ឆ្នាំ ជាកសិករ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ បន្ទាប់ពីធ្វើសកម្មភាពកាប់រួចហើយក៏បានរត់គេចខ្លួនបាត់ ។ មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូសេ១០០ចិន ពណ៌ខ្មៅ មានគ្នា២នាក់ មកពីលេងផ្ទះបងប្អូនជិតភូមិកើតហេតុ ត្រឡប់មកផ្ទះវិញ លុះមកដល់ភូមិធ្លកយុលស្រាប់តែជនសង្ស័យលបចេញពីកន្លែងស្ងាត់មកកាប់ចំនួន២កាំបិតផ្គាក់ បណ្តាលឱ្យជនរងគ្រោះដេកដួលក្នុងថ្លុកឈាម ហើយជនសង្ស័យក៏បានរត់គេចខ្លួន ។
សាច់ញាតិបានបង្ហើបទៀតថា កន្លងមកជនរងគ្រោះនិងជនបង្កធ្លាប់មានទំនាស់នឹងគ្នាម្តង តែមិនបានបញ្ជាក់ច្បាស់ថាជាទំនាស់អ្វីនោះទេ ។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកជនបង្កសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន ៕


ចែករំលែកព័តមាននេះ