រាជធានីភ្នំពេញ ៖ មនុស្ស៣នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល ខណៈជិះម៉ូតូឌុបគ្នាគេចរថយន្តជ្រុលទៅបុកបង្គោលតឿដាក់ច្រវាក់នៅ ចិញ្ចើមផ្លូវជាប់របងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តាមផ្លូវលេខ២៧១កែងផ្លូវលេខ១៨៧ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន កាលពីវេលាម៉ោង២និង១៨នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ សីហា ២០១២ ហើយត្រូវបានគេហៅរថយន្តពេទ្យមកដឹកបញ្ជូនទៅសង្គ្រោះជាបន្ទាន់ផងដែរ ។
ជនរងគ្រោះជាអ្នកបើកម៉ូតូមានឈ្មោះភួន សុភ័ក្ក្រ ភេទប្រុស អាយុ២២ឆ្នាំ ជាសន្តិសុខឯកជន របួសបាក់ដៃស្តាំ និងប្រពន្ធមានឈ្មោះហម រតនា អាយុ២៣ឆ្នាំ ជាអ្នកបម្រើការនៅហាងខារ៉ាអូខេយីហោជារិទ្ធីហេង របួសបែកក្បាលពីក្រោយសន្លប់ និងស្ត្រីម្នាក់ទៀតឈ្មោះដានី អាយុ២២ឆ្នាំ ត្រូវជាប្អូនជីដូនមួយឈ្មោះហម រតនា ធ្វើការជាមួយគ្នារបួសបោកក្បាលពីក្រោយ និងរយះក្បាលជង្គង់ ចំណែកប្តីមិនប្រាប់ឈ្មោះជាសន្តិសុខឯកជនដែរ រងរបួសរលាត់ដៃជើង។ អ្នកទាំង៤នាក់ ស្នាក់នៅផ្ទះជួលភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិស្ពានថ្មី ឃុំស្ពានជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាមួយគ្នា។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ