រាជធានីភ្នំពេញ ៖ យុវជន២នាក់ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតដែលជិះឆ្លងផ្លូវពេញទំហឹង បណ្តាលឱ្យម៉ូតូទាំងពីរគ្រឿងរងការខូចខាត និងមនុស្ស៣នាក់រងរបួស កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៩ សីហា ២០១២ នៅចំណុចមុខផ្ទះលេខ៤៨៧ ផ្លូវលេខ២៧១ ក្នុងសង្កាត់ទួលទំពូងទី ២ ខណ្ឌចំការមន ។
សាក្សីដែលឃើញហេតុការណ៍ខាងលើប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់ ពណ៌ស ឌុបគ្នាក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿនក៏ជ្រុលទៅបុកម៉ូតូស្មាស់មួយគ្រឿងទៀត ពណ៌ខ្មៅ ដែលកំពុងជិះឆ្លងផ្លូវពីលិចទៅកើតពេញទំហឹង បណ្តាលឱ្យភាគីទាំងសងខាងខ្លះរបួសដៃ ចំណែកខ្លះទៀតរបួសជើង និងម៉ូតូទាំងពីរគ្រឿងរងការខូចខាត។
ក្រោយពេលកើតហេតុនគរបាលចរាចរខណ្ឌចំការមន បានចុះទៅសម្របសម្រួលរវាងភាគីទាំងពីរ ប៉ុន្តែដោយជជែកគ្នាមិនត្រូវនោះសមត្ថកិច្ចក៏យកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំការដោះស្រាយ៕


ចែករំលែកព័តមាននេះ