រាជធានីភ្នំពេញ ៖ រ៉ឺម៉កម៉ូតូដឹកអីវ៉ាន់នៅចំណុចផ្លូវកោងបត់ទៅប៉ះរថយន្តឡិចស៊ីស៤៧០ បណ្តាលឱ្យក្រពឹតទ្វារ និងបែកកង់ក្រោយខាងស្តាំ ចំណែកអ្នកបើករ៉ឺម៉កម៉ូតូរយះដៃឆ្វេង ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី៩ សីហា ២០១២ ត្រង់ចំណុចមុខសាលាបង្រៀនបើកបររថយន្ត២ធ្នូ តាមផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
ប្រភពព័ត៌មានបានឱ្យដឹងថា រ៉ឺម៉កម៉ូតូដឹកអីវ៉ាន់នោះ បើកតាមផ្លូវលេខ២៧១ ពីជើងទៅត្បូង ចំណែករថយន្តឡិចស៊ីស៤៧០ ពណ៌ខ្មៅ បើកពីត្បូងទៅជើងក្នុងទិសដៅបញ្ច្រាសទិសគ្នា ខណៈមកដល់ចំណុចខាងលើជាផ្លូវកោង រ៉ឺម៉កម៉ូតូបើកក្នុងល្បឿនលឿនបត់ទៅប៉ះរថយន្តឡិចស៊ីស៤៧០ បណ្តាលឱ្យក្រពឹតទ្វារ និងបែកកង់ក្រោយខាងស្តាំ ចំណែកអ្នកបើករ៉ឺម៉កម៉ូតូរងរបួសរយះដៃខាងឆ្វេង។
ក្រោយពេលកើតហេតុម្ចាស់រថយន្តឡិចស៊ីស៤៧០ បានទាមទារសំណង១.៥០០ដុល្លារ ដោយមានការអង្វរកពីអ្នកបើករ៉ឺម៉កម៉ូតូប្រាប់ថា គេជាបុគ្គលិកក្រុមហ៊ុនដឹកអីវ៉ាន់ឱ្យគេទេ មិនមានប្រាក់ទេ ទើបខាងរថយន្តចុះតម្លៃនៅត្រឹម៥០០ដុល្លារនៅតែអ្នកបើករ៉ឺម៉កម៉ូតូអត់មានប្រាក់សងទៀត ជម្រើសចុងក្រោយត្រូវបានសមត្ថកិច្ចចុះវាស់វែងយករថយន្ត និងរ៉ឺម៉កម៉ូតូទៅរក្សាទុកនៅខណ្ឌទួលគោករង់ចាំការដោះ ស្រាយតាមនីតិវិធី។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ