រាជធានីភ្នំពេញ ៖ ផលិតករភាពយន្តវ័យចំណាស់ម្នាក់ដែលមនុស្សជំនាន់សម័យសង្គមរាស្ត្រនិយមភាគច្រើនបានស្គាល់រូបគាត់ឥឡូវបានទទួលមរណភាពហើយ ដោយរោគាពាធកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១០ សីហា ២០១២ នៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីចូលសម្រាកព្យាបាល៤ថ្ងៃ ដែលជាមួយការស្លាប់នេះបាននាំយកទៅជាមួយនូវធនធានមនុស្សផ្នែកវិស័យសិល្បៈភាពយន្តបង្កឱ្យមានការសោកស្តាយពន់ពេកផងដែរ ។
ផលិតករភាពយន្តវ័យចំណាស់រូបនេះឈ្មោះអីុ វ៉ុងហែម អាយុ៧៥ឆ្នាំ កើតជំងឺបេះដូងប្រហែល២០ឆ្នាំ មកហើយ… ទើបតែថ្មីៗនេះទេ ស្ថានភាពជំងឺបានធ្វើទុក្ខខ្លាំងធ្លាក់ដុនដាបត្រូវបានក្រុមគ្រួសារនាំទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែបានរយៈពេល៤ថ្ងៃប៉ុណ្ណោះ ក៏ស្លាប់ក្រោមដំណក់ទឹកភ្នែកសោកស្តាយពីក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ ។ សពរបស់លោកផលិតករភាពយន្តអីុ វ៉ុងហែម ត្រូវបានយកទៅ តម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តទួលទំពូង រាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ ។
គួររំលឹកបន្តិចថា ខ្សែភាពយន្តដែលលោកអីុ វ៉ុងហែម ដឹកនាំសម្តែង និងផលិតរួមមាន ៖ រឿងអាបុល កាសេម, រំដួលអង្គរ, សុវណ្ណហង្ស, ស្រមោលអន្ធការ…។ ផលិតករវ័យ៧៥ឆ្នាំផុតរលត់ជីវិតរូបនេះ កាលនៅរស់បានចូលប្រឡូកក៏ដូចជាការចាប់យកអាជីពលើវិស័យភាពយន្ត គឺចាប់តាំងពីទសវត្សឆ្នាំ៦០មកម៉្លេះ ហើយមកដល់បច្ចុប្បន្ននេះលោកធ្វើការងារមួយចំនួនជាមួយអង្គការក្រៅរដ្ឋាភិបាលផ្នែកផលិតភាពយន្ត ប៉ុន្តែស្តាយណាស់មិនអាចបន្តដំណើរទៅមុខទៀតបាននោះទេ លោកបានលាចាកលោកនេះហើយ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ