ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ទំនើង​​2ក្រុម​វាយ​តប់​គ្នា​ជម្រះ​គំនុំ​ចាស់​ជាប់​អន្ទាក់​ប៉ូលិស​​ទាំង​សង​ខាង​

13 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ ក្មេង​ទំនើង​​២​ក្រុម​ដែល​​ម្ខាង​មាន​គ្នា​៤​នាក់​ ឯ​ម្ខាង​ទៀត​មាន​គ្នា​២​នាក់​ និង​ធ្លាប់​​មាន​គំនុំ​វាយ​តប់​​គ្នា​ពី​​ពេល​មុន​នោះ​ ពេល​នេះ​ជួប​មុខ​គ្នា​​ ក៏​វាយ​តប់​គ្នា​ម្តង​​ទៀត​ដើម្បី​ជម្រះ​បញ្ជី​ចាស់ ​បង្ក​​​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​តាម​ដង​​ផ្លូវ​ ​និង​ត្រូវ​​បាន​ប៉ូលិស​​ស្រុក​អង្គ​ស្នួល​​ និង​ប៉ូលិស​​ប៉ុស្តិ៍​បែក​ចាន​ ចុះ​ទៅ​ព័ទ្ធ​​ចាប់​បាន​ញាត់​ចូល​ទ្រុង​ទាំង​សង​ខាង​ ។ ហេ​ត​ុ​ការណ៍​នេះបាន​​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​​៦ និង​២៥​នាទី​ល្ងាច​​ថ្ងៃទី​៨ សីហា ឆ្នាំ​២០១២ នៅ​តាម​ផ​្លូវ​លំ​ស្ថិត​ក្នុង​ភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នួល​​ ។

ក្មេង​ទំនើង​ទាំង​នោះ​ត្រូវ​បាន​គេ​ដឹង​​ថា ក្រុម​ទី​១​មាន​គ្នា​ចំនួន​៤​នាក់​ គឺ​១-​ឈ្មោះ​វង្ស ឆកា ភេទ​​ប្រុស អាយុ​១៧​ឆ្នាំ ​ជា​កម្ម​ករ​រោង​ចក្រ ២-ឈ្មោះ​​គីម វាសនា ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ ជា​កម្ម​ករ​រោង​ចក្រ​ ទាំង​២​នាក់​នេះ​​ស្នាក់​នៅ​ក្នុង​ភូមិ​​អង្គ​ស្នួល​​ទី​១ ឃុំ​ពើក​​ ស្រុក​អង្គ​ស្នួល៣-​ឈ្មោះ​​ផាត សុភ័ណ្ឌ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​កម្ម​ករ​រោង​ចក្រ​ និង​៤-​ឈ្មោះ​ផល សុខា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខ​របរ​​លក់​ដូរ​ ពួក​គេ​​មាន​ទី​លំ​នៅ​ក្នុង​​ភូមិ​អង្គ​ស្នួល​ទី២ ឃុំ​ពើក​។ ដោយ​ឡែ​ក​ក្មេង​ទំនើង​ក្រុម​ទី​២ មាន​​គ្នា​២​នាក់​ ដែល​ម្នាក់​ឈ្មោះ​សាន់ វាសនា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​កម្ម​ករ​រោង​ចក្រ មាន​ទី​លំ​នៅភូមិ​ព្រៃ​អំពិល​ ឃុំ​ជម្ពូ​ព្រឹក្ស ស្រុក​ឧដុង្គ ខេត្ត​កំពង់​ស្ពឺ និង​ម្នាក់​ទៀត​ឈ្មោះ​​​​ចេង ហឿន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ​ជា​កម្ម​ករ​រោង​ចក្រ​​ មាន​ទី​លំ​នៅ​ក្នុង​​ភូមិ​-ឃុំ​ជា​មួយ​គ្នា​ ហើយ​​​ក្រោយ​ពេល​កើត​ហេតុ​ ប៉ូលិស​​​បាន​ចុះ​ទៅ​​ធ្វើ​ការ​ឃាត់​ខ្លួន​បាន​ទាំង​សង​ខាង​ និង​ដក​ហូត​បាន​ដាវ​សាមូរ៉ៃ​មួយ​​​​ទៀត​ផង ។​

មន្ត្រី​ប៉ូលិស​​ស្រុក​អង្គ​ស្នួល​​ ​​ឱ្យ​ដឹង​ថា ​ក្មេង​ទំនើង​ទាំង​២​ក្រុម​នេះ​ធ្លាប់​មាន​ទំនាស់​​វាយ​តប់​គ្នា​កាល​ពី​ប៉ុន្មាន​​ថ្ងៃ​មុន​​ ដោយ​ក្រុម​ក្មេង​ទំនើង​ដែល​មាន​គ្នា​៤នាក់​​បាន​​ព្រួត​​គ្នា​វាយ​​ទៅ​លើ​ក្រុម​​ដែល​មាន​គ្នា​២​នាក់​ ប៉ុន្តែ​​​​មិន​បណ្តាល​​ឱ្យ​មាន​អ្នក​រង​របួស​នោះ​ទេ ព្រោះ​វាយ​ដោយ​ដៃ​ទទេ​​ បន្ទាប់​មក​ពួក​គេ​ក៏​បាន​បែក​គ្នា​អស់​ទៅ ។ លុះ​ដល់​ថ្ងៃ​កើត​ហេតុ​ ក្រុម​ក្មេង​ទំនើង​ដែល​មាន​គ្នា​​២​នាក់​​បាន​នាំ​គ្នា​​ស្ទុះ​ចូល​ទៅ​​វាយ​២-៣​ដៃ​ដើម្បី​ជម្រះ​​គំនុំ​ចាស់​​ និង​ជា​ការ​សង​សឹក​ ហើយ​​ក្រុម​​គូ​ទំនាស់​មិន​បាន​​សម្ងំ​ស្ងៀម​​​​ទេ គឺ​​វាយ​តប​ត​វិញ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​ទាំង​ល្ងាច​ ទើប​កម្លាំង​​ប៉ូលិស​ស្រុក​អង្គ​ស្នួល​​ និង​ប៉ូលិស​​ប៉ុស្តិ៍​បែក​ចាន​​ចេញ​អន្តរា​គមន៍​​ចាប់​ខ្លួនបាន​ទាំង​សង​ខាង​តែ​ម្តង ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​​ពេល​កើត​ហេតុ ពួក​គេ​ត្រូវ​បាន​បញ្ជូន​​ទៅ​កាន់​​ផ្នែក​ព្រហ្ម​ទណ្ឌ​ស្រុក​អង្គ​ស្នួល​​​ ដើម្បី​កសាង​សំណុំ​រឿង​ និង​ធ្វើ​ការ​អប់​រំ​​ ព្រម​ទាំង​​ឱ្យ​ពូក​គេ​​ធ្វើ​កិច្ច​សន្យា​​កែ​ខ្លួន​ពី​ក្មេង​​ទំនើង​ទៅ​ជា​សិស្ស​ល្អ​​ និង​កូន​ល្អ​​ រួច​​ឱ្យ​ឪពុក​ម្តាយ​ទៅ​​ធានា​​យក​​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕