ខេត្តបន្ទាយមានជ័យ ៖ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា កុមារកំព្រា និងអ្នកផ្ទុកមេរោគអេដស៍ចំនួន៤០គ្រួសារ រស់នៅក្នុងភូមិចំនួន១៧ ក្នុងឃុំឫស្សីក្រោក ស្រុកមង្គលបុរី កាលពីថ្ងៃទី៧ សីហា ឆ្នាំ២០១២ ។ ពិធីផ្តល់អំណោយនេះ បានប្រារព្ធធ្វើឡើងនៅក្នុងបរិវេណសាលារៀនចិនចុងវ៉ា ដោយមានវត្តមានលោកស្រីនួម សុភ័ណ និងលោកឈុំ វណ្ណារិទ្ធ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត និងលោក-លោកស្រីប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្តជាច្រើនរូបទៀត ។
លោកបេ ឪគីម ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកមង្គលបុរី ឲ្យដឹងថា ប្រជាពលរដ្ឋចំនួន៤០គ្រួសារ រស់នៅ ក្នុងភូមិចំនួន១៧ ក្នុងឃុំឫស្សីក្រោក គឺមានជីវភាពក្រីក្រជា ជនចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ ដែលមន្ត្រីអនុសាខាសហការជាមួយសាខាចុះត្រួតពិនិត្យ និងវាយតម្លៃយ៉ាងត្រឹមត្រូវទៅលើជីវភាពរស់នៅរបស់ពួកគាត់ថាពិតជាជួបការលំបាកជាក់ស្តែងមែន ។
លោកស្រីនួម សុភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត មានមតិសំណេះសំណាលថា បច្ចុប្បន្ននេះប្រទេសកម្ពុជាយើងបានជួបនូវជំងឺរាតត្បាតជាច្រើនដូចជាជំងឺ ឈីក ជំងឺ EV-71 ជាដើម ដែលបានសម្លាប់កុមារជាច្រើននាក់ ។ ចំពោះបញ្ហានេះ លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់អនុសាសន៍ល្អៗឲ្យមន្ត្រីក្រោមឱវាទខិតខំធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ត្រូវធ្វើអនាម័យជាប្រចាំ ដោយរស់នៅស្អាត ផឹកស្អាត ហូបស្អាត។ ជាក់ស្តែងបងប្អូនដែលមកទទួលអំណោយនៅពេលនេះ ត្រូវមើលថែទាំកូនចៅឲ្យបានត្រឹមត្រូវដើម្បីចៀសផុតពីជំងឺនេះ ។
លោកស្រីនួម សុភ័ណ បានផ្តាំផ្ញើផងដែរដល់បងប្អូនដែលផ្ទុកមេរោគអេដស៍ កុំមានការខ្មាសអៀនត្រូវទទួលយកការពិត រក្សាសុខភាព លេបថ្នាំតាមវេជ្ជបញ្ជាឲ្យបានទៀងពេលវេលា ។មួយទៀត គឺមិនមានការរើសអើងនោះទេពីគ្រប់មជ្ឈដ្ឋាន ពិសេសកាកបាទក្រហមកម្ពុជា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាចាំជួយ ។ ក្នុងពេលនេះ អំណោយរបស់កាកបាទក្រហមកម្ពុជា ដែលនាំយកមកផ្តល់ជូនដល់បងប្អូនមានចំនួនតិចតួចក៏ពិតមែន តែជាការបញ្ជាក់ពីការយកចិត្តទុកដាក់ និងជួយរំលែកសេចក្តីលំបាកបានមួយគ្រាដែរ ។ចំពោះប្រជាពលរដ្ឋដែលត្រូវបានផ្តល់អំណោយឧបត្ថម្ភទាំង៤០គ្រួសារនេះ ក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម គ្រឿងឧបភោគបរិភោគមួយចំនួន រួមទាំងសម្ភារប្រើប្រាស់ចំនួន៨មុខ និងថវិកា១៥.០០០រៀល ៕


ចែករំលែកព័តមាននេះ