ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី៦សីហា កម្លាំងសមត្ថកិច្ចចម្រុះរបស់អាជ្ញាធរខេត្ត ដឹកនាំដោយលោកទ្រី ណារិន អភិបាលរងខេត្តរួមជាមួយកម្លាំងអន្តរាគមន៍ លោកវរសេនីយ៍ឯកម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកចាន់ តារា ស្នងការរងនគរបាលខេត្តលោកឡុង វុទ្ធ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកមេបញ្ជការរងកងពលលេខ៥១ ព្រមទាំងអាជ្ញាធរស្រុកភ្នំស្រុក បានបើកប្រតិបត្តិការទ្រង់ទ្រាយធំបង្ក្រាបជនល្មើសដែលបានប្រើគ្រឿងចក្រទន្ទ្រានដីព្រៃសម្បទានសង្គមកិច្ច នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក និងនៅស្រុកថ្មពួក ។
លោកឡុង វុទ្ធ ថ្លែងថា ដីព្រៃឈើដែលបានវាស់វែងកាត់ឆ្វៀលរួចរាល់ជាដីសម្បទានសង្គមកិច្ចទុកជូនអតីតយុទ្ធជន និងគ្រួសារមានទំហំ២.២២២ហិកតា ដែលបានកាយព្រំ និងរៀបចំឯកសារដាក់ជូនរាជរដ្ឋាភិបាល ដើម្បីធ្វើអនុប្រយោគ ។ ក្រុមការងារបានចុះដល់ចំណុចអូរអ៊ីវ តំបន់ភ្នំកូនខ្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ដែលស្ថិតនៅភាគឦសានចម្ងាយជាង៨០គីឡូម៉ែត្រ ពីទីរួមខេត្តបន្ទាយមានជ័យ ហើយជួបប្រទះសកម្មភាពភ្ជួររានទន្ទ្រានដីព្រៃឈើរដ្ឋ ដែលអាជ្ញាធរខេត្ត បានកាត់ដីចូលជាតំបន់សម្បទានសង្គមកិច្ចនៅចម្ងាយប្រមាណ៣គីឡូម៉ែត្រពីព្រំ ។
តាមចម្លើយរបស់តំណាងម្ចាស់ឈូសឆាយឈ្មោះសុទ្ធ គឹមឈាវ ភេទប្រុស អាយុ៣៣ឆ្នាំមានស្រុកកំណើតនៅភូមិព្រែកតាព្រហ្ម ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ប្រាប់ថា ខ្លួនបានមកកាន់ការជាមេការតាំងពីថ្ងៃទី២០ មេសា ឆ្នាំ២០១១ ឱ្យម្ចាស់ឈ្មោះងិន ចិន្ដា ភេទប្រុសអាយុប្រមាណ៤៣ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅឃុំឈ្នួរមានជ័យ ស្រុកព្រះនេតព្រះ ។ ក្រុមនេះប្រើប្រាស់ត្រាក់ទ័រ៤គ្រឿងភ្ជាប់ផាល និងរនាស់ គឺ១-ម៉ាក case1056xt ខូច១គ្រឿង ២-ម៉ាក Ford ៣-Mtz-82 និង៤-Mtz-92 ផលិតនៅអតីតសហភាពសូវៀត រ៉ឺម៉ក២គ្រឿង និងប្រើប្រាស់កម្មករ៣៦នាក់ ដាំដំឡូងមី៥០ហិកតា និង៣០ហិកតាទៀតដាំកូនកៅស៊ូ៣ម៉ឺនដើម ។
លោកសេង គី អភិបាលស្រុកភ្នំស្រុកបានឲ្យដឹងថា លោកងិន ចិន្តា ត្រូវបានគណៈបញ្ជាការឯកភាពស្រុកឱ្យធ្វើកិច្ចសន្យាម្តងរួចមកហើយឲ្យគេបញ្ឈប់ការរុករានទន្ទ្រានដីព្រៃរបស់រដ្ឋដែលមានចំនួន២០ហិកតា ប៉ុន្តែជននេះនៅតែបន្តរុករានទន្ទ្រានដោយមិនស្តាប់អាជ្ញាធរដែនដី និងបំពានអនុសាសន៍ចុងក្រោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងការទប់ស្កាត់បង្ក្រាបការរុករានទន្ទ្រានដីព្រៃឈើខុសច្បាប់។ ពេលនេះអាជ្ញាធរបានរកឃើញការរុករានទន្ទ្រានដីព្រៃជាថ្មីម្តងទៀតដល់ទៅជាង៨០ហិកតា ក្នុងនោះ មានដាំដំណាំដំឡូងមីមួយចំនួនរួចហើយ ហើយប្រតិបត្តិការក៏កំពុងតែនៅធ្វើពុំទាន់បញ្ចប់នៅឡើយទេ ព្រមទាំងចាប់ឃាត់បានត្រាក់ទ័រភ្ជួរ និងគ្រឿងចក្រចំនួន៤គ្រឿង ។
លោកទ្រី ណារិន អភិបាលរងខេត្ត ឱ្យដឺងថា ក្រុមប្រតិបត្តិការកំពុងតែរុករកនៅក្នុងតំបន់នោះ ដើម្បីរកគ្រឿងចក្របន្តទៀតដែលធ្វើសកម្មភាពរុករានទន្ទ្រានដីព្រៃឈើ ក្នុងតំបន់ដីសម្បទានសង្គមកិច្ចនៅស្រុកថ្មពួក ស្រុកភ្នំស្រុក និងកន្លែងទន្ទ្រានដីព្រៃឈើរដ្ឋដទៃទៀត ។ លោកទ្រី ណារិន បន្តថា ប្រតិបត្តិការទ្រង់ទ្រាយធំក្នុងការបង្ក្រាបបទល្មើសនេះបានរកឃើញសកម្មភាពឈូសឆាយរុករានទន្ទ្រានដីព្រៃឈើទំហំ៨០ហិកតា ដោយប្រើប្រាស់គ្រឿងចក្រ(ត្រាក់ទ័រ៤គ្រឿងភ្ជាប់ផាល និងរនាស់) កំពុងធ្វើសកម្មភាពឈូសឆាយព្រៃដាំដុះដំឡូងមី និងកូនកៅស៊ូ ហើយក៏ឱ្យផ្អាកសកម្មភាពនេះជាបន្ទាន់។
ជាមួយនេះ បានអប់រំមេការ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ព្រមទាំងប្រគល់វត្ថុតាងមានត្រាក់ទ័រ កូនកៅស៊ូ៣ម៉ឺនដើម និងជីចម្រុះ៣៥តោនជូនជំនាញមេព្រៃដើម្បីចាត់វិធានការតាមច្បាប់ ៕




ចែករំលែកព័តមាននេះ