ខេត្តបន្ទាយមានជ័យ ៖ ផ្លូវចូលទៅកាន់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរី ២ខ្សែប្រវែងជាង១គីឡូម៉ែត្រ នៅរដូវវស្សានេះកំពុងរងការខូចខាតយ៉ាងខ្លាំង ហើយអាជ្ញាធរស្រុកបានឱ្យដឹងថា នឹងធ្វើការជួសជុលនៅពេលខាងមុខ ។
ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទៅមន្ទីរពេទ្យនិយាយថា ផ្លូវចូលទៅកាន់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរី បានខូចខាតរយៈពេល២ឆ្នាំមកហើយ និងកាន់តែខ្លាំងទៀតនៅរដូវវស្សានេះ ដែលកន្លែងខ្លះស្ទើរតែក្លាយជាស្រះទៅហើយ ។ អ្នកបើកបររថយន្តសាមុយរបស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរីត្អូញត្អែរថា នៅពេលដឹកអ្នកជំងឺមកព្យាបាលក្នុងមន្ទីរពេទ្យមិនថា យប់ ឬថ្ងៃទេ ពេលបើកបរចូលតាមផ្លូវមកមន្ទីរពេទ្យត្រូវជួបការលំបាក ដោយសារផ្លូវខូចនិងអាចជាប់ផុងទៀតផង បើមិនប្រុងប្រយ័ត្នទេនោះ ។
ចំពោះផ្លូវចូលមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គបុរីដែលខូចស្ទើរទាំងស្រុងនេះ លោកអីុ ឡុង អភិបាលស្រុកមង្គលបុរីថ្លែងថា ផ្លូវនេះ ខូចដោយសារទឹកជំនន់កាលពីឆ្នាំមុន ហើយខាងស្រុកបានលើកគម្រោងរួចហើយ ដែលនឹងធ្វើការជួសជុលនៅពេលខាងមុខឆាប់ៗនេះ ៕


ចែករំលែកព័តមាននេះ