រាជធានីភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅផ្ទះលេខ៥២៥E0 ផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន កាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី៩ សីហា ដោយសារម្ចាស់ផ្ទះបានដាក់កម្តៅម្ហូបលើចង្ក្រានហ្គាស ហើយចាក់សោផ្ទះពីក្រៅដើរទៅ បាត់ លុះម្ហូបរីងទឹកអស់ក៏ខ្លោចហុយផ្សែងទ្រលោមចេញមកក្រៅបង្កការភ័យខ្លាចពីការកើតមានអគ្គិភ័យ ។
ជាមួយនឹងស្ថានភាពខាងលើនេះ សមត្ថកិច្ចនគរបាលមូលដ្ឋាននិងប្រជាពលរដ្ឋរស់នៅជុំវិញផ្ទះកើតហេតុនោះបាននាំគ្នាគាស់ដំបូលស័ង្កសីផ្ទះនោះចូលទៅបិទភ្លើងចង្ក្រានហ្គាសទាន់ពេល មុនពេលម្ចាស់ផ្ទះមកដល់ ។តាមប្រភពព័ត៌មានពីអ្នករស់នៅជុំវិញផ្ទះកើតហេតុខាងលើនេះបាននិយាយថា ផ្ទះកើតហេតុនេះ ម្ចាស់ផ្ទះបានជួលទៅឱ្យជនជាតិចិនរស់នៅដោយម្ចាស់ផ្ទះទៅនៅផ្ទះផ្សេង ។ លុះពេលកើតហេតុខាងលើ អ្នកជួលផ្ទះអត់នៅ ប៉ុន្តែបើកភ្លើងចង្ក្រានហ្គាសកម្តៅម្ហូបទុកចោលទើបបណ្តាលឱ្យម្ហូបរីងទឹកអស់ ក៏ខ្លោចហុយផ្សែងទ្រលោមចេញមកក្រៅបង្កការភ្ញាក់ផ្អើលឈុល ព្រោះស្មានថា កើតមានគ្រោះអគ្គិភ័យ ។
ទោះជាយ៉ាងនេះក្តី បើគ្មានអ្នកជួយគាស់ដំបូលចូលពន្លត់ភ្លើងទេ ប្រាកដជាមានគ្រោះមហន្តរាយដោយអគ្គិភ័យកើតឡើងជាក់ជាពុំខានឡើយ ។ អ្នករស់នៅជិតខាងបានស្តីបន្ទោសម្ចាស់ផ្ទះ អំពីការធ្វេសប្រហែសរបស់គាត់ ហើយករណីបែបនេះមិនគួរឱ្យកើតមានឡើងម្តងទៀតឡើយ ៕
ចែករំលែកព័តមាននេះ