រាជធានីភ្នំពេញ ៖ ម៉ូតូម៉ាកស្មាសស៊េរី២០០៥ ពណ៌ខ្មៅមួយគ្រឿង ត្រូវជនមិនស្គាល់មុខដែលសង្ស័យថាជាក្រុមចោរឆក់បានបង្ខំចិត្តផ្តួលម៉ូតូរត់ចោលបាត់បន្ទាប់ពីធ្វើសកម្មភាពឆក់ខ្សែកមិនបានសម្រេចហើយប្រមាណ២ម៉ោងក្រោយមកត្រូវម្ចាស់ខ្សែកជិះម៉ូតូជួបនិងស្រែកថា ចោរៗ ។ ហេតុការណ៍នេះបានធ្វើឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៨ សីហា នៅតាមមហាវិថីសហព័ន្ធរុស្ស៊ីហើយម៉ូតូដែលជនសង្ស័យផ្តួលចោលរួចរត់គេចខ្លួននោះគឺនៅក្រោយផ្ទះសំណាក់ស្រែលាភ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
ម្ចាស់ខ្សែកដែលត្រូវចោរឆក់ឈ្មោះ លឹម ធីតា ភេទស្រី អាយុ២២ឆ្នាំ ជាជាងអ៊ុតសក់ មានលំនៅផ្ទះលេខ១៩ ផ្លូវលេខ១៣ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានបក្សពួកចំនួន២នាក់ជិះម៉ូតូម៉ាកស្មាសសេ៊រី២០០៥ ពណ៌ខ្មៅមួយគ្រឿងបានធ្វើសកម្មភាពឆក់ខ្សែកផ្លាកទីនទម្ងន់ជាង២ជីពីស្ត្រីខាងលើកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៨ សីហា នៅចំណុចមុខស្ថានទូតអាមេរិកក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ខណៈដែលស្ត្រីជាម្ចាស់ខ្សែកជិះម៉ូតូម៉ាកស្គូពីពណ៌ផ្កាឈូកមកពីសង្កាត់ព្រែកលៀបក្នុងគោលបំណងត្រឡប់ទៅផ្ទះ ។ សកម្មភាពចោរឆក់នេះពុំបានសម្រេចឡើយហើយជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់ទៅ ។
តាមមន្ត្រីប៉ូលិសបន្តទៀតថា លុះប្រមាណ២ម៉ោងក្រោយមក នៅវេលាម៉ោង៩និង៣០នាទីយប់នៅពេលដែលស្ត្រីជាម្ចាស់ខ្សែករួមទាំងមិត្តភក្តិទាំងអស់៦នាក់ជិះម៉ូតូចំនួន៣គ្រឿងចេញពីភោជនីយដ្ឋានរតនាស្រីម៉ៅធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ីត្រឡប់ទៅផ្ទះដល់មុខទីស្តីការគណៈរដ្ឋមន្ត្រីស្រាប់តែប្រទះឃើញជនសង្ស័យដែលធ្វើសកម្មភាពឆក់កាលពី២ម៉ោងមុនក៏បានស្រែកចោរៗហើយនាំគ្នាដេញតាមត្រូវជននោះព្យាយាមបើកម៉ូតូគេចខ្លួនចូលតាមក្លោងទ្វារវត្តនាគវ័នហើយបង្ខំចិត្តផ្តួលម៉ូតូចោលនៅក្រោយផ្ទះសំណាក់ស្រែលាភរួចរត់គេចខ្លួនបាត់ស្រមោល ។ ម៉ូតូត្រូវប៉ូលិសប៉ុស្តិ៍បឹងកក់ទី២ យកទៅរក្សាទុកដើម្បីស្រាវជ្រាវរកជនសង្ស័យចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ