ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ភ្ញៀវ​ទេស​ចរឆ្លៀតដឹក​ទំនិញ​​គេ​ច​ពន្ធ​បង្ក​ការ​យឺត​យ៉ាវ​ដល់​ភ្ញៀវ​

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ក្រុម​អ្នកសង្កេត​ការណ៍​និយាយ​ថា ​​ជារឿយៗ​​គេ​សង្កេត​​ឃើញ​នូវ​​ភាព​អសកម្ម​ជាច្រើន​ ដែ​ល​បង្កឱ្យ​មាន​​​ការ​រអ៊ូរ​ទាំ​ពី​ភ្ញៀវ​ទេសចរឆ្លង​កាត់​ព្រំ​ដែន ។ មូលហេតុ​​គន្លឹះ​​ដែលនាំ​ឱ្យ​មានការ​យឺត​យ៉ាវ​នោះគឺ​ការ​ឆ្លៀត​​ដឹក​ទំនិញ​ក្នុង​ឃ្លុប​រថយន្ត​​​ និង​ក្រោម​​កៅអី​​​អ្នក​ដំណើរ​​​ដែល​ត្រូវ​​ចំណាយ​ពេល​វេលារ​ង់​ចាំ​​មួយ​ចំនួន​​​​សម្រាប់​បំពេញ​​បែប​បទ​​នាំ​ចូល​ ។

​​ក្រុមអ្ន​ក​សង្កេត​​​ការណ៍​​ផ្នែក​ខាង​គយ​​ និង​រដ្ឋាករ​និយាយ​ថា ​រៀងរាល់​​ពេល​មាន​​ការ​ត្រួត​ពិនិត្យ​​​រូបវ័ន្ត​​តាមគោលការណ៍​គ្រប់​គ្រង​​ហានិភ័យ​ និង​តាម​រូប​ភាព​​​ចោះ​ៗ​ម្តង​​​ម្តាល​នោះ​គេ​​សង្កេត​​​ឃើញ​ថា ​​រថយន្ត​ដឹ​ក​ភ្ញៀវ​​​ទេស​ចរ​ទាំង​នោះ​មួយ​ចំនួន​ ពុំ​បាន​​យក​កម្រៃ​ពី​អ្នក​ដំណើរ​​​ទេ​គឺ​គ្រាន់​តែ​អង្គុយ​​បន្លំភ្នែក​​សមត្ថកិច្ច​ប៉ុណ្ណោះ និង​មាន​បង្កប់​នូវ​ទំនិញ​គេ​ច​ពន្ធ​​ដែល​មួយ​ផ្នែក​ជាប្រភេទ​ទំនិញ​ហាម​ឃាត់​ការ​នាំ​ចូល​ ។ ក្នុង​រថយន្ត​មួយ​គ្រឿង​ដែល​ចាប់​បាន​មាន​ទំនិញគេច​ពន្ធ​រាប់​តោន​​​​ដែល​ជាប់​ពន្ធ​អាករ​​ និងប្រាក់​ពិន័យ​​ជា​មធ្យម​​​ប្រមាណ​៤០​លាន​រៀល ​ដូចជា​ករណី​ចាប់​ឃាត់​​​រថយន្ត​ទេសចរណ៍​​​៤គ្រឿង​នៅ​ខេត្ត​ព្រៃវែង​នា​ខែ​មិថុនា ២០១២​នេះ​ជាដើម។

ប្រសិន​បើ​​​ពិនិត្យ​​​ពី​តួ​លេខ​​ជាមធ្យម​​ប្រមាណ​​៤៥គ្រឿង​​ក្នុង​មួយ​​​ថ្ងៃនោះ គេអាច​គណនា​​ពីផល​ប៉ះពាល់​​​ ពី​សកម្មភាព​​ល្មើស​ច្បាប់​​ទាំង​នោះ​បាន។​ ក្រោយ​ពេល​​​ទទួល​​រង​នូវ​ការ​​បង្ក្រាប​​​ និង​វិធាន​ការណ៍​​​ពង្រឹង​​​ការ​ត្រួត​ពិនិត្យនា​ខែ​កន្លង​មក​ បរិមាណ​រថយន្ត​​ប្រភេទ​នេះ​បាន​​ថយ​​ចុះ​គួរ​ឱ្យ​កត់​​សម្គាល់ ​។ ជាទូទៅ​​រាល់​ពេល​​មានការ​​​ឃាត់​​ត្រួត​​ពិនិត្យ​​​​ម្តង​ៗ​ អ្នកបើក​បរ​​​ ឬម្ចាស់​​ទំនិញ​​តែង​តែ​​​​គេច​មុខ​​មិន​សហការ​​ចូល​រួម​ត្រួត​ពិនិត្យ​​ទេ និង​គិត​​​​តែ​រត់​រក​អន្តរាគមន៍​​ពីអ្នកមាន​​អំណាច​មក​កាង​​ការពារ​​ ដែល​នាំ​​ឱ្យមាន​​​ការ​អូស​បន្លាយ​​ពេល​​វេលា​​បង្ក​ឱ្យ​យឺត​យ៉ាវ​ដល់​អ្នក​ដំណើរ​ ។

សរុប​សេចក្តី​មក​ ប្រសិនបើ​គេ​​ពិតជា​​មាន​បំណង​​​សម្រួល​ដល់​អ្នកទេសចរ​ឱ្យ​ឆ្លង​​ដែន​បាន​​ឆាប់​រហ័សមែន​នោះ ការ​សម្រប​សម្រួល​​មួយ​ចំនួន​​ជាការ​ចាំ​បាច់​ ៖
-បញ្ឈប់​​ការ​យក​រថយន្ត​​ដឹក​​ភ្ញៀវ​​ទេសចរ​ ទៅ​ប្រើ​ប្រាស់​​ដឹក​ទំនិញ​​ជា​លក្ខណៈ​​ពាណិជ្ជកម្ម​​​ដែល​នាំ​ឱ្យ​ខាត​​​ពេល​បំពេញ​​បែប​បទ​​​លើ​នីតិ​វិធី​​គយ​តាម​​ច្បាប់​​​ជា​ធរ​មាន ។
-ក្រុមហ៊ុន​​ដឹក​ភ្ញៀវ​​ទេសចរ ត្រូវ​សហការ​​​ឱ្យ​បាន​ល្អ​ជាមួយ​​​អាជ្ញាធរ​​​មាន​សមត្ថកិច្ច​​ពាក់​ព័ន្ធ​​​បញ្ឈប់​ការ​រត់​រក​​ខ្នង​បង្អែក​​មក​អន្តរាគមន៍​ផ្សេង​ៗ​ខុស​​​នីតិវិធី​ និង​ត្រូវ​ស្វែង​យល់​ពី​បែប​បទ​​​អ្នក​ដំណើរ​​ មធ្យោបាយ​​ដឹក​ជញ្ជូន​ និង​ទំនិញ​​ឱ្យ​បាន​ច្បាស់​​លាស់​ និងត្រូវ​​​​ស្វែង​យល់​​ពី​បែប​បទ​​​ជាមុន​ដើម្បី​​​បំពេញ​​ឱ្យ​រួច​រាល់​​មុនពេល​មក​ដល់​​​កន្លែង​​ត្រួត​ពិនិត្យ​ ។ ប្រសិនបើ​​អាជ្ញាធរ​​​មាន​សមត្ថកិច្ច​ប្រព្រឹត្ត​រំលោភ​បំពានច្បាប់ ជាពិសេស​​​​​ការ​ជំរិត​ទារ​កម្រៃ​​​ក្រៅ​ផ្លូវ​ការ​នោះ ធុរជន​ត្រូវ​​​តវ៉ា​​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​​​ជា​បន្ទាន់​ មិនត្រូវ​​​ទុក​ឱ្យ​ទៅ​ជា​​​ទម្លាប់​​អាក្រក់​លំបាក​កែនោះ​ទេ  ។

ប្រសិន​បើ​ផ្នែក​ឯក​ជន​ ឬ​អាជីវករ​ប្រព្រឹត្ត​បទ​ល្មើស​​​នានា ​ជាពិសេស​​ការ​បង្កប់​ប្រេង​​ និង​ទំនិញ​​​ផ្សេង​ៗគេច​​ពន្ធ​នោះ អាជ្ញាធរ​​មាន​សមត្ថ​កិច្ច​​ត្រូវ​ធ្វើកំណត់​ហេតុ​​​បទល្មើស​​​ជាបន្ទាន់​​មិន​ត្រូវ​បង្អែ​បង្អង់​​ និង​បញ្ជូន​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​​ដើម្បី​វិនិច្ឆ័យ​​តាម​ផ្លូវ​ច្បាប់​ ។ ករណី​ដូចនេះ​​សាមី​ក្រុម​ហ៊ុន​​ទេស​ចរណ៍​ត្រូវ​ប្តូរ​រថយន្ត​​ដើម្បី​ដឹក​ភ្ញៀវ​​ទេសចរ​​បន្ត​ទៀត​ ចៀស​វាង​ការ​យឺត​យ៉ាវ​​ដូច​ករណី​ខាង​លើ​ ឬ​តម្កល់​ប្រាក់​ធានា​តាមច្បាប់ ៕