ខេត្តបន្ទាយមានជ័យ ៖ ដោយមានកិច្ចសហការល្អជាមួយកម្លាំងកងពលតូចលេខ៥១ និងកម្លាំងកងរថក្រោះ ព្រមទាំងកងកាំភ្លើងធំប្រចាំទិសខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០៩ខែសីហា ឆ្នាំ២០១២ កម្លាំងនគរបាលស្រុកព្រះនេត្រព្រះចំនួន៨៥នាក់ បានធ្វើការសាកបាញ់គ្រាប់ពិត ។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រីវរសេនីយ៍ឯក ឌី សុជាតិ ស្នងការរង តំណាងលោកឧត្តមសេនីយ៍ត្រីស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោកឆាយ ថ្នម អភិបាលរង ស្រុកព្រះនេត្រព្រះ តំណាងលោកមេបញ្ជាការ មេបញ្ជាការរងកងពលតូចលេខ៥១កងរថក្រោះ ព្រមទាំងកងកាំភ្លើងធំប្រចាំទិសខេត្តបន្ទាយមានជ័យ លោកអធិការ អធិការរង និងមេបញ្ជាការកងរាជអាវុធហត្ថស្រុក មេបញ្ជាការសឹករងស្រុកនិងលោកមេឃុំចំនួន៣ឃុំ ។
លោកវរសេនីយ៍ត្រី កែវ ប៊ុនយឿន អធិការនគរបាលស្រុកព្រះនេត្រព្រះបានថ្លែងថា កម្លាំងដែលត្រូវចូលរួមធ្វើសកម្មភាពបាញ់គ្រាប់ពិតនាពេលនេះមានចំនួន៨៥នាក់ ក្នុងនោះស្រីចំនួន៣នាក់ជាកម្លាំងមកពីតាមប៉ុស្តិ៍រដ្ឋបាលចំនួន៩ក្នុងស្រុក និងកម្លាំងជំនាញនៅអធិការដ្ឋាននគរបាលស្រុក ។
លោកស្រីវរសេនីយ៍ឯក ឌី សុជាតិ ស្នងការរង តំណាងលោកឧត្តមសេនីយ៍ត្រី ខេង ស៊ុម ស្នងការនគរបាលខេត្តបានមានប្រសាសន៍ថា ដើម្បីរក្សាសន្តិសុខ សណ្តាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាងនេះទៀតដើម្បីទប់ទល់ទៅនឹងសភាពការណ៍ ដែលកើតឡើងជាយថាហេតុនិងដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត ក្នុងការហ្វឹកហាត់ជំនាញក៏ដូចជាពង្រឹងស្មារតី របស់កងកម្លាំង ពេលដែលមានសភាពការណ៍អ្វីកើតមាននៅក្នុងមូលដ្ឋាន ទើបនៅរសៀលថ្ងៃនេះ កម្លាំងនគរបាលស្រុកព្រះនេត្រព្រះ បានធ្វើការសាកល្បងបាញ់គ្រាប់ពិត ។
នាឱកាសនោះ លោកស្រីស្នងការរងបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ស្តាប់ការណែនាំរបស់លោកគ្រូដែលបានមកបង្ហាត់បង្រៀននាពេលនេះ ។ ទន្ទឹមនឹងនេះក៏បានថ្លែងអំណរគុណលោកមេបញ្ជាការកងតូចលេខ៥១ ដែលបានបញ្ជូនគ្រូហ្វឹកហ្វឺន លោកមេបញ្ជាការកងរថក្រោះដែលបានផ្តល់ទីតាំងដល់កងកម្លាំងនគរបាលស្រុកព្រះនេត្រព្រះធ្វើការសាកល្បងបាញ់គ្រាប់នាពេលនេះ ។ នេះសបញ្ជាក់ឲ្យឃើញពីកិច្ចសហការល្អរវាងកងកម្លាំងនគរបាលជាតិនិងកងកម្លាំងយោធពលខេមរភូមិន្ទ ៕



ចែករំលែកព័តមាននេះ