រាជធានីភ្នំពេញ ៖ ស្ត្រីមានផ្ទៃពោះ៣ខែម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ និងមនុស្ស៣នាក់ទៀតរងរបួសធ្ងន់ និងស្រាល ដោយសារតែរថយន្តឈ្នួលប្រភេទទេសចរណ៍១២កៅអីដឹកដំឡូងជ្វាមួយគ្រឿង បើកបរក្នុងល្បឿនលឿនជ្រុលទៅបុករះម៉ូតូ៣គ្រឿងជាបន្តបន្ទាប់ ហើយក្រោយពេលកើតហេតុអ្នកបើករថយន្តបង្កត្រូវសមត្ថកិច្ចចាប់ខ្លួន ។ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី៨ សីហា នៅលើកំណាត់ផ្លូវលេខ២១៧ ត្រង់ចំណុចមុខអនុវិទ្យាល័យទួលអំពិលភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ ។
រថយន្តបង្កម៉ាកហ៊ីយ៉ាស់ (HIACE) ពណ៌ទឹកប្រាក់ ប្រភេទទេសចរណ៍១២កៅអី អ្នកបើកបរឈ្មោះ អន សុភក្តី អាយ២៨ឆ្នាំ មានស្រុកកំណើតភូមិលំពែង ឃុំលំពែង ស្រុកគិរីវង្ស ខេត្តតាកែវត្រូវចាប់ខ្លួនបញ្ជូនទៅ កាន់ការិយាល័យប៉ូលិសចរាចរផ្លូវគោករាជធានីភ្នំពេញភា្លមៗ ។តាមប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តនេះបានបើកជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកគុបជ្រុង ពណ៌ទឹកសមុទ្រ ជិះគ្នា២នាក់បើកបរដោយបុរសឈ្មោះអុំ សាវីន អាយុ៣០ឆ្នាំ ជាកម្មកររោងចក្រមានទីលំនៅភូមិជើងឯក សង្កាត់ជើងឯក រងរបួសធ្ងន់ធ្ងរ ឯស្ត្រីម្នាក់ទៀតត្រូវជាសាច់ញាតិជិះពីក្រោយឈ្មោះវ៉ាត ស្រីសីុម អាយុ២៤ឆ្នាំ មានផ្ទៃពោះ៣ខែ រស់នៅភូមិជាមួយគ្នាខ្ទាតធ្លាក់ពីលើម៉ូតូ ដួលបោកបាក់.កស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ។ បន្ទាប់មករថយន្តនោះបានជ្រុលទៅបុកម៉ូតូពីរគ្រឿងទៀត គឺមា៉កសេ១០០កូរ៉េ ពណ៌ក្រហម និងម៉ាកស៊ុយហ្ស៊ុយគីស្មាស ពណ៌ខៀវ ដែលកំពុងបើកបរស្របទិសគ្នា បណ្តាលឱ្យអ្នកជិះម៉ូតូ២នាក់រងរបួសស្រាល ។
ប្រជាពលរដ្ឋបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កបើកបរក្នុងល្បឿនលឿនពីត្បូងទៅជើងដឹកដំឡូងជ្វាពេញ ពេលទៅដល់ចំណុចកើតហេតុខាងលើ រថយន្តនោះបានបើកវ៉ារថយន្តមួយគ្រឿងទៀតដែលនៅខាងមុខក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះដែលកំពុងបើកបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឱ្យស្ត្រីម្នាក់ដួលបោកបាក់.កស្លាប់ រួចរថយន្តជ្រុលទៅកៀរម៉ូតូសេ១០០កូរ៉េ និងម៉ូតូម៉ាកស៊ុយហ្សុ៊យគីស្មាស ដែលកំពុងបើកបរស្របទិសគ្នា ពីក្រោយបណ្តាលឱ្យមនុស្សពីរនាក់ទៀតរបួសស្រាល ។ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបង្កបានព្យាយាមបើករត់តែត្រូវសមត្ថកិច្ចដេញតាមឃាត់បានទាំងរថយន្តនិងចាប់ខ្លួនទាំងអ្នកបើកបរបញ្ជូនទៅការិយាល័យបូ៉លិសចរាចរផ្លូវគោករាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ