ខេត្តតាកែវ ៖ ដោយសារតែជីវភាព ក៏ដូចជាប្រាក់កម្រៃដែលទទួលបានប្រចាំថ្ងៃមិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាព ប្រជាពលរដ្ឋមួយចំនួនក៏សម្រេចចិត្តធ្វើចំណាកស្រុកស្វែងរកការងារធ្វើនៅតាមតំបន់ផ្សេងៗ ពិសេសចេញទៅប្រទេសជិតខាង ហើយពេលខ្លះប្រឈមនឹងការចាញ់បោកមេខ្យល់ទៀតផង ។
ស្ត្រីកឹក ជាវ មានអាយុ៣៩ឆ្នាំ រស់នៅភូមិតាសាន ឃុំបាស្រែ ស្រុកអង្គរបុរី ខេត្តតាកែវ ជាស្រ្តីមេម៉ាយ និងមានកូនពីរនាក់ក្នុងបន្ទុកនោះបានរៀបរាប់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួនថា សព្វថ្ងៃគាត់ត្រូវចិញ្ចឹមកូន២នាក់ ដោយរកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក ដោយសារប្រាក់ចំណូលប្រចាំថ្ងៃមិនអាចដោះស្រាយ ជីវភាពរស់នៅបានសមរម្យទេ និងគ្មានដើមទុន សម្រាប់ប្រកបមុខរបររកស៊ី និងថែមទាំងមិនមានដីស្រែចម្ការទៀតផង ។
កឹក ជាវ បានបន្តទៀតថា គាត់ចិញ្ចឹមកូនពីរនាក់ បន្ទាប់ពីប្តីរបស់គាត់បានចាកចោលតាំងពីកូននៅតូចៗម៉្លេះ ។ ពេលថ្មីៗនេះ គាត់មានបំណងចង់ទៅធ្វើការនៅក្រៅប្រទេសដូចអ្នកភូមិផ្សេងៗទៀតដែរ ។ គាត់ថា មូលហេតុជាច្រើនដែលធ្វើឱ្យគាត់មានបំណងធ្វើចំណាកស្រុកទៅរកការងារនៅក្រៅប្រទេស គឺព្រោះនៅស្រុកកំណើតនាពេលបច្ចុប្បន្ននេះមិនមានមុខរបរអ្វី ដើម្បីចិញ្ចឹមជីវិត ហើយអ្នកជិតខាងដែលធ្វើចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសថៃនោះទទួលបានប្រាក់កម្រៃច្រើន ។
ដោយឡែកស្ត្រីឈ្មោះ ជឹម ស្រី អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នា បានរៀបរាប់ថា នាងជាពលការិនីដែលបានទៅបម្រើការងារនៅប្រទេសថៃជាមួយប្តីរបស់នាងដែរ តែពេលនេះនាងបានត្រឡប់មកស្រុកវិញ ដោយសារតែកូនឈឺតែប្តីរបស់នាងនៅធ្វើការឯប្រទេសថៃនោះនៅឡើយ ។ ស្ត្រីខាងលើបានបន្ថែមថា គ្មាននរណាចង់ទៅធ្វើការនៅប្រទេសគេទេ តែមូលហេតុដែលធ្វើឱ្យនាង និងប្តីទៅបម្រើការងារនៅប្រទេសថៃ គឺដោយសារជីវភាពទីទ័លក្រ ហើយបន្ទាប់ពីបានទទួលដំណឹងពីសាត់ញាតិថា កម្មករដែលបម្រើការងារនៅទីនោះទទួលបានប្រាក់កម្រៃខ្ពស់ និងមានសុវត្ថិភាព នាងនិងប្តីក៏សម្រេចចិត្តទៅស្វែងរកការងារធ្វើនៅប្រទេសថៃនោះតាមរយៈក្រុមហ៊ុនឯកជនមួយ តាំងពីឆ្នាំ២០១១មក ។
លោកស ឃុយ ជាអនុប្រធានភូមិបាស្រែ បានឱ្យដឹងថា ប្រជាពលរដ្ឋក្នុងភូមិរបស់គាត់បានធ្វើចំណាកស្រុកទៅបម្រើការងារនៅតំបន់ផ្សេងៗទាំងក្នុងនិងក្រៅប្រទេសស្ទើរតែស្ងាត់ពីភូមិទៅហើយ ទាំងនេះដោយសារតែជីវភាពរបស់ពួកគេដុនដាប និងមិនមានរបរចិញ្ចឹមជីវិតសមរម្យ ។ លោកស ឃុយ បានសម្តែងការសោកស្តាយចំពោះបងប្អូនក្នុងភូមិដែលធ្វើចំណាកស្រុកបែបនេះ ។ លោកបន្ថែមថា នាបច្ចុប្បន្ននេះភូមិ-ឃុំក៏មានការអភិវឌ្ឍន៍ដែរ ដោយក្រសួងកិច្ចការនារីបានផ្តល់នូវគម្រោងសម្រាប់ជួយដល់បងប្អូនជាស្ត្រីក្នុងភូមិឱ្យចេះកាត់ដេរសម្លៀកបំពាក់ដែលជាអាជីពមួយយ៉ាងសមរម្យសម្រាប់នារី ។
ការធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេសមិនមែនជាដំណោះស្រាយល្អទេ ពលរដ្ឋទាំងឡាយគួរស្វះស្វែងរកការងារធ្វើនៅក្នុងស្រុក ឬតំបន់របស់ខ្លួនទើបជាការប្រសើរ ព្រោះបច្ចុប្បន្ននេះក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាបានប្រែមុខមាត់ និងមានក្រុមហ៊ុនវិនិយោគជាច្រើនចូលមកបណ្តាក់ទុនរកស៊ីដែលអាចបង្កើតការងារដល់ពលរដ្ឋកម្ពុជាបានយ៉ាងច្រើន ។ ពាក្យចាស់ពោលថា «ជួញជិតជាជាងជួញឆ្ងាយ» ៕



ចែករំលែកព័តមាននេះ