ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង JICA ​ពិនិត្យ​​​​ប្រព័ន្ធ​ធា​រាសាស្ត្រ​​​ដើម្បី​​បន្ត​ជួយ​​​ជំហាន​ទី​​2

13 ឆ្នាំ មុន

ខេត្ត​ពោ​ធិ៍​សាត់​ ៖ ​​រយៈ​ពេល​​​ពេញ​មួយ​ថ្ងៃ​​​​ទី​​៨​ សីហា ​តំណាង​​​​អង្គ​​ការ​ Jica ទី​​​ប្រឹក្សា​​​​ក្រសួង​​​ធន​ធាន​ទឹក​​​​​ និង​ឧ​តុ​​និ​​យម​​​​ និង​ទី​​ប្រឹក្សា​​​ TSC3 ​ដឹក​នាំដោយ​លោក​​​​​ ពេជ​​ វាស​នា អគ្គ​នាយក​​រង​កិច្ច​​​ការ​រដ្ឋ​បាល​​នៃ​ក្រសួង​​​​​ធនធាន​ទឹក​ និង​​ឧតុ​និយម​ បាន​ចុះ​​​ត្រួត​ពិនិត្យ​​ និង​​​វាយ​តម្លៃ​​​​លើ​ប្រព័ន្ធ ​​​ស្រោច​​ស្រព​​នៅ​ខេត្ត​​​ពោធិ៍​​សាត់ ។​

​លោក​ កែវ​ ​វ័យ​ ​ប្រធាន​​​​មន្ទីរ​​​ធន​ធាន​​ទឹក​​​ និង​ឧ​តុ​និយម​​​ខេត្ត​ បាន​ឱ្យ​ដឹង​​​ថា ប្រព័ន្ធ​​ស្រោច​​ស្រព​​​គម្រោង​​អង្គ​ការ​​ Jica ជា​ជំនួយ​ឥត​សំណង​​​របស់​ប្រទេស​​​​ជប៉ុន​នៅ​ខេត្ត​ពោធិ៍​សាត់​​ ដែល​បាន​​​សាង​​សង់​​​រួច​​ដូច​ជា​​ នៅ​​ធ្លា​ម្អម​​ ស្រុក​​​ក្រគរ សាង​សង់​​​នៅ​ឆ្នាំ​២០០៩​ ស្រោច​​ស្រព​​លើ​ផ្ទៃ​ដី​ស្រែ​ ៣.៥០០​ ហិកតា​​ ប្រព័ន្ធ​ធារា​សាស្ត្រ​​ទួល​គូរ​ស្រុក​​​​កណ្តៀង​​​ សាង​សង់​​​នៅ​ឆ្នាំ​​២០១០​ ​ស្រោច​​ស្រព​​​​​លើ​ផ្ទៃ​​​ដី​​៧៧១​ហិក​តា​ ​ប្រព័ន្ធ​​​​ធារា​សាស្ត្រ​​​​​កំពែង ​​​​​ស្រុក​​​​ភ្នំក្រវាញ​​ សាង​សង់​​​​នៅ​ឆ្នាំ​​២០១២​ ស្រោច​ស្រព​​​លើ​ផ្ទៃដី​​​៣៨០​​ហិកតា​​ ប្រព័ន្ធ​ធារា​សាស្ត្រ​​​កំប៉ា​ង​​ ស្រុក​បាកាន​​ សាង​សង់​​​​នៅ​ឆ្នាំ ​​២០១០​ ស្រោច​ស្រព​​​​​លើ​ផ្ទៃ​​ដី​​​២.២០០​​ហិកតា​ និង​​​ម៉ូ​ដែល​​​សៃ​​ដំណាក់​​​អំពិល​​ ក្រុង​​ពោធិ៍​សាត់​​ សាង​សង់​​នៅ​ឆ្នាំ​​២០១២​ ស្រោច​ស្រព​​លើ​ផ្ទៃ​ដី ​១០០​ហិកតា​ ។

បន្ទាប់​ពី​​ពិនិត្យ​​​​​ប្រព័ន្ធ​​​ស្រោច​ស្រព​​​ទាំង​អស់​​​ខាង​​​លើ​​​រួច​មក​ គណៈ​​ប្រ​​​​​តិ​​​ភូ​​ក៏​បាន​​​បន្ត​​​ដំណើរ​​​​​ទៅ​ពិនិត្យ​​​​មើល​ការ​សាង​​សង់​ទំនប់​​​​ទី​​៣​ នៅ​ស្រុក​​​​ភ្នំ​ក្រវាញ​​របស់​ក្រុម​ហ៊ុន​​ចិន ​ពិនិត្យ​​​ស្ថានីយ​វាស់​​​ទឹក​​​បាក់​​​ត្រកួន​ ស្រុក​​ភ្នំ​​​​ក្រវាញ​ និង​ពិនិត្យ​​​​ស្ថានីយ​​ឧតុ​និយម​​​នៅ​មន្ទីរ​​​ធន​ធាន​ទឹក​ និង​ឧតុ​និយម​​​ខេត្ត​ផង​ដែរ​ ។​លោក​​​ពេជ ​វាសនា ​​អគ្គ​នាយក​​រង​កិច្ច​​​ការ​​រដ្ឋ​បាល​​​​ និង​​​ជា​ប្រធាន​​ TSC3 ​នៃ​​​ក្រសួង​​​ធនធាន​ទឹក​​​ និង​ឧតុ​និយម​​​ មាន​ប្រសាសន៍​ថា ​​ការ​ដឹក​​នាំ​តំណាង​​ Jica ​​​ចុះ​មក​​​​ថ្ងៃ​នេះ ​មាន​គោល​​​បំណង​​ ទី​​១​-ពិនិត្យ​​​​សក្តា​នុពល​​​ទឹក​នៅ​ខេត្ត​​ពោធិ៍សាត់ ទី​​២-វាយ​តម្លៃ​​​គម្រោង​​សំណង់​​​​ប្រព័ន្ធ​ធារា​សាស្ត្រ​​ដែល​បាន​​​​សាង​សង់​​​​​​​​​​​​​រួច​ដោយ​​​ TSC3 និង​ទី​​៣-​ដើម្បី​ពិនិត្យ​​​​គម្រោង​សាង​សង់​បន្ត​​ ។​

លោក​​​​ ពេជ វាសនា និង​​តំណាង​អង្គ​ការ​ Jica ​​​ដែលជា​​ម្ចាស់​​​​​គម្រោង​បាន​​​​កោត​សរសើរ​​​ និង​​វាយ​តម្លៃ​​​​ខ្ពស់​​​​ចំពោះ​​មន្ទីរ​​ធន​ធាន​​​ទឹក​ និង​​ឧតុ​និយមខេត្ត​​​ ដែល​គ្រប់​គ្រង​​​​ការ​ងារ​បាន​ល្អ​​​ ពិសេស​​​​មាន​ការ​ចូល​​​រួម​ថែ​​ទាំ​​​ពី​សហ​គម​​ន៍​កសិករ​​ ដែលជា​អ្នក​​​​ប្រើ​ប្រាស់​ទឹក​​​បាន​ល្អ​​ប្រសើរ​ ។​​លោក​​​​ ពេជ វាសនា មាន​​​ប្រសាសន៍​​​​​ទៀត​ថា សក្តា​​នុ​ពល​​​ទឹក​នៅ ខេត្ត​​​​ពោធិ៍​សាត់​​​ មាន​លក្ខណៈ​​​​ល្អ​ប្រសើរ​​ ពេល​ធារាសាស្ត្រ​​កើត​ឡើង​​​ ប្រជា​កសិករ​​​នឹង​ទទួល​​​បាន​​​ជោគ​ជ័យ​​​លើ​ការ​​​ងារ​​​បង្ក​បង្កើន​ផល​​ស្រូវ​គ្រប់​​​​ទី​កន្លែង​​​ជាក់​ជា​មិ​ន​ខាន​​ ។​ អង្គ​ការ​​ Jica ​​ប្រទេស​​ជប៉ុន​​ បាន​ពិនិត្យ​​​​ និង​បន្ត​ជួយ​​​​នៅជំហាន​​​ទី​​២​​បន្ត​ទៀត​​ ដើម្បី​​ធ្វើ​ឱ្យ​​មិត្ត​​ភាព​ជប៉ុន​​-​កម្ពុជា​​​កាន់​តែ​​​​​​​​​​​​​​​​​​ស្អិត​​​រមួត​ ៕