រាជធានីភ្នំពេញ ៖ ម៉ូតូម៉ាក BAZA ធុនធំមួយគ្រឿងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៩ សីហា នៅតាមផ្លូវលេខ៥៩៨ ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បន្ទាប់ពីបុកជាមួយម៉ូតូម៉ាកស្មាស ពណ៌ខ្មៅ មួយគ្រឿង ក្នុងទិសដៅស្របគ្នាភ្លាមនោះត្រូវប្រជាពលរដ្ឋនាំគ្នា ជួយពន្លត់ទាន់តែម៉ូតូធំនោះត្រូវភ្លើងឆេះរងការខូចខាតធ្ងន់ធ្ងរ ។
តាមព័ត៌មានឱ្យដឹងថា គ្រោះថ្នាក់នេះ បណ្តាលឱ្យអ្នកបើកបរម៉ូតូធំឈ្មោះ ផាន់ វណ្ណារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅផ្ទះលេខ០៤២ ផ្លូវលេខ៥ប៉េតេ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានរងរបួសរលាត់ដៃជើងផងដែរ ។ចំណែកអ្នកបើកម៉ូតូស្មាសឈ្មោះ ជឹង មៃ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅផ្ទះជួល ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ពុំរងរបួសឡើយ ។ សាក្សីបានឱ្យដឹងថា មុនពេលកើតហេតុម៉ូតូស្មាស ពណ៌ខ្មៅ មួយគ្រឿង ធ្វើដំណើរតាមផ្លូវលេខ៥៩៨ ពីត្បូងទៅជើង ពេលធ្វើដំណើរជិតដល់ដីឡូត៍មួយកន្លែងបានបទឆ្វេងចូលចាក់សាំងស្រាប់តែម៉ូតូម៉ាក BAZA មួយគ្រឿងបើកស្របទិសគ្នាក្នុងល្បឿនលឿនមកបុកពីក្រោយបណ្តាលឱ្យដួលម៉ូតូទាំងពីរគ្រឿងអូសលើថ្នល់តែម្តង ។
សាក្សីបន្តថា ស្របពេលកើតមានគ្រោះថ្នាក់ នោះស្រាប់តែម៉ូតូ BAZA បានឆាបឆេះយ៉ាងសន្ធោសន្ធៅភ្លាមៗប្រជាពលរដ្ឋនាំគ្នាជួយពន្លត់ដោយយកដីខ្សាច់បាចពីលើនិងបុគ្គលិកស្ថានីយប្រេងក៏បានយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ ទើបគ្រប់គ្រងស្ថានភាពបាន ។ ក្រោយភ្លើងរលត់ហើយនោះ ប៉ូលិសនាំគ្នាអូសម៉ូតូទៅដាក់ចិញ្ចើមផ្លូវ ដើម្បីសម្រួលចរាចរណ៍កុំឱ្យមានការកត់ស្ទះ។
ម៉ូតូទាំងពីរគ្រឿងត្រូវប៉ូលិសយកទៅកាន់ការិយាល័យដោះស្រាយតាមច្បាប់ ។ អ្នកឃើញហេតុការណ៍បាននិយាយថា មូលហេតុដែលបណ្តាលឱ្យម៉ូតូធុនធំឆាបឆេះយ៉ាងសន្ធោសន្ធៅ គឺដោយសារម៉ូតូទាំងពីរគ្រឿងបុកគ្នាអូសកកិតទៅនឹងថ្នល់បែកផ្កាភ្លើងធ្វើឱ្យម៉ូតូដាច់ទុយោហូរសាំងក៏ឆាបឆេះតែម្តង ៕



ចែករំលែកព័តមាននេះ