ក្រុងប៉ោយប៉ែត ៖ បុរសម្នាក់មានស្នាមរបួសក្បាល និងដៃធ្វើដំណើរចេញពីដីថៃតាមច្រករបៀងនៅរសៀលថ្ងៃទី៨ សីហា បានអះអាងថា ការរងរបួសនេះដោយសារកូនបំណុលគាត់កាប់នឹងកាំបិតបុ័ងតោ ព្រោះតែរឿងជម្លោះជំពាក់ប្រាក់២.០០០បាត ។ បុរសរងគ្រោះឈ្មោះ អែត សុខា អាយុ៣៤ឆ្នាំ មានទីលំនៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ មានមុខរបរជាជាងសំណង់។
តាមការអះអាងពីជនរងគ្រោះបានឱ្យដឹងថា បញ្ហានេះកើតឡើងផ្តើមចេញពីជម្លោះរឿងជំពាក់លុយ ។ មុនហេតុការណ៍កើតឡើងជនដៃដល់ជាកូនបំណុលឈ្មោះឧត្តម ភេទប្រុស អាយុជាង២០ឆ្នាំ មានទីលំនៅក្នុងភូមិស្រុកជាមួយគ្នា និងធ្វើការងារជាកម្មករសំណង់ជាមួយគ្នានៅលើទឹកដីថៃក្នុងខេត្តប៉ាត់តានី ។ ជនដៃដល់ទំនងជាស្តាប់ឮក្រុមគ្រួសារគាត់និយាយរឿងលុយដែលគេជំពាក់ ព្រោះនៅបន្ទប់ជាប់គ្នាទើបគេខឹងក៏បានទាញកាំបិតបុ័ងតោស្ទុះមកកាប់ខ្លួនចំនួនមួយកាំបិតដោយការកាប់នោះជនដៃដល់កាប់តម្រង់ក្បាលតែគាត់បានយកដៃរង ទើបរងរបួសទាំងក្បាលនិងដៃតែម្តង ។
ជនរងគ្រោះបន្តថា ពេលនេះជនដៃដល់កំពុងស្ថិតនៅក្នុងប្រទេសថៃនៅឡើយ ។ ទោះបីជាបែបណា ភាគីម្ខាងដែលជាជនដៃដល់ឈ្មោះ ឧត្តម មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ ៕
ចែករំលែកព័តមាននេះ