អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ ហៅកាត់ (FAO) បានទម្លាក់ការព្យាករដំណាំស្រូវសម្រាប់ឆ្នាំ២០១២ ដោយសារទឹកភ្លៀងរដូវវស្សាមិនគ្រប់គ្រាន់នៅឥណ្ឌា ប៉ុន្តែនិយាយថា ទិន្នផលស្រូវនៅលើពិភពលោកនៅតែខ្ពស់ជាងឆ្នាំ២០១១ កន្លងទៅ ។
អង្គការ FAO ដែលមានមូលដ្ឋាននៅទីក្រុងរ៉ូម បាននិយាយថា ការព្យាករសម្រាប់ឆ្នាំ២០១២ បានធ្លាក់ចុះ៧,៨លានតោនដោយសារទឹកភ្លៀងរដូវវស្សាធ្លាក់ចុះក្រោមកម្រិតមធ្យម២២ភាគរយ ក្នុងពាក់កណ្តាលខែកក្កដា ដែលនេះទំនងជានឹងកាត់បន្ថយទិន្នផលស្រូវនៅក្នុងប្រទេស ។
យោងតាមការសង្កេតបញ្ហាទីផ្សារស្រូវឆ្នាំ២០១២ បានឱ្យដឹងថា ការព្យាករផលិតផលត្រូវបានកាត់បន្ថយសម្រាប់បណ្តាប្រទេសមួយចំនួនរួមមាន កម្ពុជា តៃវ៉ាន់ កូរ៉េខាងជើង កូរ៉េខាងត្បូង និងនេប៉ាល់ ។ ទោះជាយ៉ាងណាក៏ដោយ ទិន្នផលស្រូវនៅលើពិភពលោកនឹងកើនលើសកាលពីឆ្នាំ២០១១ បើតាមការព្យាករថានឹងអាចឈានដល់៧២៤,៥លានតោន ។ បើនិយាយពីតម្លៃស្រូវវិញនៅតែមានស្ថិរភាពដដែលបន្ទាប់ពីកើនបាន២ភាគរយកាលពីខែឧសភា វាផ្ទុយគ្នានឹងទីផ្សារស្រូវសាឡី និងពោត ។ ប្រទេសចិន ឥណ្ឌូណេស៊ី និងថៃ រំពឹងថាផលិតផលស្រូវនឹងកើនឡើងខណៈដែលទិន្នផលនៅអាហ្វ្រិកទំនងជាកើនដល់៣ភាគរយ ហើយការប្រមូលផលនៅអូស្ត្រាលីមានចំនួន៣២ភាគរយខ្ពស់ជាងកាលពីឆ្នាំមុន ។
បើតាមរបាយការណ៍មួយបានបង្ហាញថា ការធ្វើពាណិជ្ជកម្មស្រូវនៅលើពិភពលោកទំនងជាធ្លាក់ចុះពី១លានតោនដល់៣៤,២លានតោននៅឆ្នាំ២០១២ នេះ ដោយសារតម្រូវការនាំចូលធ្លាក់ចុះពីបណ្តាប្រទេសនៅអាស៊ី ៕
ចែករំលែកព័តមាននេះ