រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៩ សីហា បានទៅឆ្លើយបំភ្លឺដោយផ្ទាល់មាត់នៅវិមានរដ្ឋសភាក៏ដូចជាជូនប្រជាជនកម្ពុជាទូទាំងប្រទេស និងនៅក្រៅប្រទេស លើការងារបោះបង្គោលព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីឱ្យជនរួមជាតិវិនិច្ឆ័យលើបញ្ហានេះស្តីពីកិច្ចការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ជាតិ គឺជាភារកិច្ចនិងកាតព្វកិច្ចសំខាន់ជាងគបង្អស់របស់រាជរដ្ឋាភិបាល ហើយក៏ជាសិទ្ធិនិងករណីយកិច្ចរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការស្នេហាជាតិនិងទឹកដីនេះ ក៏មិនមែនជាសិទ្ធិផ្តាច់មុខរបស់បុគ្គល ឬគណបក្សនយោបាយណាមួយតែម្នាក់ឯងនោះទេ ។ ប៉ុន្តែផ្ទុយទៅវិញ ការលើកយកបញ្ហានេះមកធ្វើអាជីវកម្មកេងចំណេញខាងនយោបាយ ដោយគ្មានការទទួលខុសត្រូវ ដើម្បីបម្រើផលប្រយោជន៍របស់ក្រុម បុគ្គល ឬគណបក្សរបស់ខ្លួន តាមរយៈមធ្យោបាយប្រជាភិថុត ការញុះញង់ ការបំផ្លើស និងការបង្កើតឱ្យមានការភ័ន្តច្រឡំលើបញ្ហាព្រំដែននៅក្នុងចំណោមសាធារណមតិជាតិ និងអន្តរជាតិ អាចនឹងនាំមកនូវគ្រោះថ្នាក់ដ៏ធំធេងសម្រាប់ប្រទេសជាតិនិងប្រជាជន។
បទពិសោធន៍របស់កម្ពុជាខ្លួនឯងផ្ទាល់ និងរបស់បណ្តាប្រទេសផ្សេងទៀតជាច្រើនបានបង្ហាញឱ្យឃើញថា ទង្វើដោយគ្មានការទទួលខុសត្រូវបែបនេះ អាចនាំមកនូវអរិភាពជាតិសាសន៍ បង្កការខូចខាតដល់ទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការ និងអ្នកជិតខាងល្អរវាងប្រទេសជាប់ព្រំដែននឹងគ្នា ហើយជារឿយៗអាចនាំដល់ការកើតឡើងនូវជម្លោះប្រដាប់អាវុធរវាងប្រទេសនិងប្រទេស អស្ថិរភាពផ្ទៃក្នុងនិងការបាត់បង់នូវផលប្រយោជន៍សង្គម សេដ្ឋកិច្ចជាច្រើន ផ្សេងទៀតរបស់ប្រជាជន និងប្រជាជន ។ ខាងលើនេះគឺជាមូលហេតុចម្បង និងសំខាន់ជាងគេដែលជំរុញឱ្យខ្ញុំសម្រេចចិត្តថាត្រូវតែមកផ្តល់ការបំភ្លឺដោយផ្ទាល់ក្នុងសម័យប្រជុំសភាលើកនេះ នៅលើសំណួររបស់លោកសុន ឆ័យ ។
សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា មន្ត្រីគណបក្សប្រឆាំងចោទមកលើរាជរដ្ឋាភិបាលថាជាអាយ៉ងរបស់វៀតណាម ។ បញ្ហានេះសម្តេចតេជោមានប្រសាសន៍បន្តថា ចំពោះបញ្ហាព្រំដែននៅពេលនេះបកស្រាយឱ្យច្បាស់រវាងគណបក្សប្រឆាំងជេរសម្តេចនិងរាជរដ្ឋាភិបាលថាក្បត់ជាតិ ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា រដ្ឋប្រហាររបស់លន់ នល់ ដែលទម្លាក់សម្តេចព្រះនរោត្តម សីហនុ គឺពីបញ្ហាព្រំដែន ដែលរូបភាពនេះត្រូវបានបក្សប្រឆាំងយកមកប្រើដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលជាពិសេសសម្តេចតែម្តង ។
ដូច្នេះសូមលោកសុន ឆ័យ និងសមាជិកគណបក្សប្រឆាំងអត់ធ្មត់ ស្តាប់ការបំភ្លឺការពិតរបស់ខ្ញុំ ការបំភ្លឺរបស់ខ្ញុំវាមិនធ្ងន់ធ្ងរ ដូចពួករបស់លោកជេរខ្ញុំក្បត់ជាតិនោះទេ ។
ក្រុមបក្សប្រឆាំងដែលវាយខ្ញុំ មិនខុសអ្វីវាយសម្តេចព្រះនរោត្តម សីហនុ ទេ ពីព្រោះអ្វីដែលខ្ញុំបានធ្វើគឺបន្សល់ទុកពីសម័យសង្គមរាស្ត្រនិយម រួមទាំងផែនទីគោក និងផែនទីទឹក ។ ខ្ញុំជាហត្ថលេខីមួយនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដូច្នេះខ្ញុំយល់ពីកិច្ចព្រមព្រៀង ហើយសូមកុំបកស្រាយបំពាន ។
សម្តេចមានប្រសាសន៍ថា មានជនអគតិមួយចំនួនបានក្លែងលិខិតថា សម្តេចជា ស៊ីម ស្លាប់ រួមទាំងលិខិតរបស់សម្តេចផ្ទាល់ និងលិខិតសម្តេចហេង សំរិន ដែលផ្ញើជូនសម្តេច ។ ដូច្នេះជនអគតិទាំងនេះហ៊ានក្លែងលិខិតសាធារណៈ ពួកគេហ៊ានក្លែង ហើយនិងហ៊ានឃោសនា តើពួកគេនឹងខ្លាចអ្វីឃោសនាពីការបាត់បង់ទឹកដី ។ ដូច្នេះសូមជនរួមជាតិទាំងអស់ ត្រូវមានសុភវិនិច្ឆ័យឱ្យបានខ្ពស់ ។ សម្តេចតេជោបានអំពាវនាវឱ្យអ្នកក្លែងធ្វើលិខិតនោះចូលមកសារភាពនិងបង្ហាញភស្តុតាង សម្តេចនឹងផ្តល់៥ម៉ឹនដុល្លារ។
សម្តេចតេជោ មានប្រសាសន៍ថា ផ្ទៃក្រឡាដីប្រទេសកម្ពុជា មាន ១៨១.០៣៥គីឡូម៉ែត្រការ៉េ គឺមិនទាន់ដឹងច្បាស់ថា តើការគណនាតួលេខនេះធ្វើតាមរបៀបណាទេ ឬបូកផ្ទៃក្រឡាដីទាំងអស់ ហើយចេញជាផ្ទៃក្រឡាទាំងមូល ។ ចំពោះផ្ទៃក្រឡានេះនៅពេលធ្វើការវាស់វែងព្រំដែនរួចរាល់ នឹងមានការសុំឱ្យមានការកែប្រែចំពោះផែនទីដែលតម្កល់ទុកនៅអង្គការសហប្រជាជាតិ ។ សម្តេចបានចោទពួកអគតិមួយចំនួនដែលនិយាយថា កម្ពុជាបាត់បង់ទឹកដីរាប់រយគីឡូម៉ែត្រ ប៉ុន្តែធាតុពិតដីខ្មែរច្រើនជាងផ្ទៃក្រឡាដែលថា ១៨១.០៣៥គីឡូម៉ែត្រការ៉េទៅទៀត ។
បារាំងបន្ទាប់ពីបញ្ចប់ការគ្រប់គ្រងប្រទេសកម្ពុជានាឆ្នាំ១៩៥៣ នៅពេលនោះបារាំងបានបន្សល់ទុកខ្សែព្រំដែនមិនច្បាស់លាស់ ហើយការបោះបង្គោលព្រំដែនមិនតាមលក្ខណៈច្បាប់ និងលក្ខណៈបច្ចេកទេស ក្រៅពីបង្គោលចំនួន១២៤បង្គោលរវាងកម្ពុជា និងកូសាំងស៊ីន ។ បញ្ហាផែនទី ត្រូវបានសម្តេចព្រះនរោត្តម សីហនុ យកទៅតម្កល់នៅអង្គការសហប្រជាជាតិនៅឆ្នាំ១៩៦៤ ដូច្នេះតើមានអ្នកណាស្នេហាជាតិជាងសម្តេចព្រះនរោត្តម សីហនុ ទៅទៀត ព្រះអង្គបានការពារបូរណភាពទឹកដីរហូតមកដល់ពេលនេះ ។ ការចោទលើកឡើងថា ធ្វើឱ្យបាត់បង់កូសាំងស៊ីនដែលកើតឡើងនៅឆ្នាំ១៩៤៩ ប៉ុន្តែសម្រាប់សម្តេចផ្ទាល់កើតនៅឆ្នាំ១៩៥២ ក្រោយបីឆ្នាំទៅទៀត ដូច្នេះចេះតែចោទសម្តេចទៅកើត ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានរិះគន់ លោកស៊ាន ប៉េងសែ សព្វថ្ងៃនៅស្រុកបារាំង អតីតរដ្ឋមន្ត្រីក្នុងរបបលន់ នល់ ដែលបានធ្វើឱ្យបាត់បង់ទឹកដីនៅពេលនោះ ហើយថែមទាំងមិនហ៊ានទទួលខុសត្រូវទៀត ។ សម្តេចសង្កត់ធ្ងន់ថា អ្នកដែលចាញ់មកផ្តល់អនុសាសន៍ និងគំនិតដល់អ្នកឈ្នះ វាមិនអាចទទួលយកបានទេ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានចាត់ទុកសម្តេចព្រះនរោត្តម សីហនុ ថាជាវីរជនការពារជាតិដ៏កំពូល ។ សម្តេចបានចោទបក្សប្រឆាំងថា មិនត្រូវមើលព្រៃតែមួយដើមទេ គឺត្រូវមើលព្រៃទាំងមូល ហើយសូមកុំប្រើវិធីបំផ្លាញរូបរាងដើមឈើមួយដើមក្នុងសំណុំរឿងព្រំដែន ។ វាធ្ងន់ធ្ងរណាស់ មេបក្សប្រឆាំងប្រមាថជេរសម្តេច ។ សម្តេចលើកថា ទណ្ឌិតមនសិការស្អីគេ ទៅដកបង្គោលព្រំដែន ប្រសិនបើទៅដកបង្គោលរបងរបស់គេក៏គេដេញវាយដែរ ។
សម្តេចបានលើកពីសន្ធិសញ្ញាព្រំដែនបន្ថែមឆ្នាំ២០០៥ កម្ពុជា-វៀតណាម ដែលកំណត់ព្រំដែនទឹកតាមរយៈការពុះទ្រូងពាក់កណ្តាលព្រែក ឬតាមខ្សែទឹកជ្រៅ ដែលបានអនុញ្ញាតឱ្យប្រជាពលរដ្ឋកម្ពុជា អាចប្រើប្រាស់ទឹក ធ្វើចរាចរណ៍ នេសាទត្រី បានយ៉ាងស្រួល ដោយមិនចាំបាច់សុំការអនុញ្ញាតពីវៀតណាមដែលកាលពីសម័យបារាំងគឺពុំបានកំណត់ផែនទីឱ្យទេ ត្រឹមតែប្រគល់ច្រាំងឱ្យកម្ពុជា ។
សម្តេចបានសួរបក្សប្រឆាំងថា តើទង្វើដែលរាជរដ្ឋាភិបាលដោះស្រាយទឹកជូនប្រជាពលរដ្ឋគឺវាក្បត់ជាតិឬអី ? សូមជនរួមជាតិជ្រាប ។មួយថ្ងៃៗពួកអគតិនិយាយថា កម្ពុជាបាត់ដី មួយថ្ងៃមួយម៉ែត្រ ខ្លះរាប់សិបម៉ែត្រ ថ្ងៃខ្លះរាប់គីឡូ ចុះបើដូច្នេះមែនតាំងពីឆ្នាំ១៩៧៩មកច្បាស់ជាព្រំប្រទល់វៀតណាមដល់សិរីសោភ័ណហើយ នេះជាការប្រមាថរាជរដ្ឋាភិបាល ។
សម្តេចតេជោបានបន្ទោសរដ្ឋាភិបាលបារាំងនៅពេលគ្រប់គ្រងកម្ពុជាបានបន្សល់នូវភាពមិនច្បាស់លាស់ចំពោះបង្គោលនិងខ្សែបន្ទាត់ព្រំដែនដែលនៅក្នុងផែនទីបានកំណត់ផ្លូវមួយផ្សេង ប៉ុន្តែធាតុពិតគូសតាមផ្សេង នេះមកពីបារាំង មានគំនិតខ្ជិល ។ ដូច្នេះការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលក្នុងការចរចាបោះបង្គោលព្រំដែនជាមួយវៀតណាម នាពេលបច្ចុប្បន្ននេះជាការក្បត់ជាតិ ឬអាយ៉ង ?
សម្តេចបានលើកឡើងថា បក្សប្រឆាំងដែលបានបង្វែរសភាពការណ៍មកទិសខាងកើតនៅពេលដែលកម្ពុជាកំពុងប្រឈមមុខជាមួយទិសខាងលិច កាលពីឆ្នាំ២០០៨ នេះជាការបំបែកកម្លាំងជាតិជាពីរ ។ ដោយសារបែបបនេះ ជាពិសេសការលើកឡើងនិងយុទ្ធនាការបក្សប្រឆាំង ដល់ពេលបោះឆ្នោតបក្សប្រឆាំងបាត់សំឡេងឆ្នោតនៅភ្នំពេញ ។ លោកតំណាងរាស្ត្រជា ប៉ូច បក្សប្រឆាំង ថា ម្ចាស់ក្សត្រី សុរិន្ទថន ជិះយន្តហោះបញ្ជា ។ សម្តេចបានបញ្ជាក់ទៅវិញថា សម្តេចមិនមែនជាក្មេងបៀមដៃនិងជាទន្សាយបាក់ជើងនោះទេ គឺជាមេដឹកនាំមួយដែលមានអធិបតេយ្យត្រឹមត្រូវ ។
ចំពោះទណ្ឌិត សម រង្ស៊ី ដាច់ខាតមិនមានអន្តរាគមន៍ណាមួយនោះទេ ដូច្នេះកុំអន្តរាគមន៍ បើមានយ៉ាងដូច្នេះច្បាស់ជាថ្ងៃក្រោយមានអ្នកដើរដកបង្គោលតាមក្រោយទៀត ហើយដើរដកតម្រុយបង្គោលកុំនិយាយថាខ្លួនឯងមនសិការជាតិ ។
សម្តេចតេជោមានប្រសាសន៍ថា ការកសាងកាស៊ីណូនៅតាមព្រំដែនគឺជានយោបាយការពារជាតិមួយ ពោលបើគេវាយបង្គោលព្រំដែនគេក៏ពិបាកនឹងវាយអគារកាស៊ីណូនេះដែរ ។ សម្តេចមិនចង់ទម្លាយរឿងនេះទេ ប៉ុន្តែបក្សប្រឆាំងបានបង្ខំធ្វើឱ្យសម្តេចគ្មានជម្រើសក៏ទម្លាយតែម្តងទៅ ។
ទាក់ទិននឹងតំបន់ទឹក សម្តេចតេជោគូសបញ្ជាក់ថា តំបន់ទឹកពុំមានការបាត់បង់សូម្បីមួយតំណក់ក៏មិនបាត់ដែរ ខណៈពេលកំពុងចរចាជាមួយវៀតណាម ។ អធិបតេយ្យភាពកម្ពុជា ស្ថិតនៅលើកោះវ៉ៃ រាជរដ្ឋាភិបាលមានគោលបំណងចម្បងនិងជំហរចរចាជាមួយវៀតណាមបន្តទៀត ។
សម្តេចបានទាមទារតាមខ្សែប្រេវីយ៉េ តាំងពីឆ្នាំ១៩៨២ ក្នុងនាមជារដ្ឋមន្ត្រីការបរទេសដ៏ក្មេងមួយរូប ។ ការផ្តើមចេញឱ្យមានតំបន់ទឹកជាប្រវត្តិសាស្ត្រនៅកោះវ៉ៃ ការកំណត់អធិបតេយ្យភាពកម្ពុជានៅលើកោះវ៉ៃនោះ គឺកើតឡើងបន្ទាប់ពីវៀតណាមខាងត្បូងហៅថា អាធីវគី បានវាយកាន់កាប់យកកោះវ៉ៃហើយដាក់ទ័ពនៅទីនោះ ។ សូម្បីតែវៀតណាមខាងជើងក៏បានថ្កោលទោសដែរ ។ សម្តេចបានស្តីបន្ទោសក្រុមកាកសំណល់របស់លន់ នល់ ដែលកាន់ផែនទីរត់ ។
សម្តេចនាយករដ្ឋមន្ត្រីបានលើកបញ្ជាក់អំពីផ្ទៃក្រឡាប្រទេសកម្ពុជាពេលនោះមានភាពខុស គ្នា ក្នុងនោះរួមមាន ទន្ទេញចាំមាត់ ជនរួមជាតិទូទៅ១៨១.០៣៥គីឡូម៉ែត្រក្រឡា ដែលត្រូវប្រើប្រាស់បច្ចុប្បន្ន ក៏ដូចជាប្រើប្រាស់ក្នុងប្រព័ន្ធអប់រំ ។ ដោយឡែកមន្ត្រីបារាំងបានដាក់ថា ១៧៥.៤៥០គីឡូម៉ែត្រការ៉េ ។ មន្ត្រីបារាំងរាយការណ៍ជូនអគ្គទេសាភិបាលនៅឥណ្ឌូចិន១៧៩.០០០គីឡូម៉ែត្រការ៉េ ខុទ្ទកាល័យអគ្គទេសាភិបាលបារាំងកំណត់ឱ្យ ។ ដោយឡែកចំពោះផ្ទៃដីថ្មីដែលអាជ្ញាធរជាតិកម្ពុជាបង្ហាញឱ្យឃើញផ្ទៃដី១៨១.៦០៦គីឡូម៉ែត្រការ៉េ និងផ្ទៃក្រឡាផ្សេងទៀតរួមមាន១៨១,៤៣៦គីឡូម៉ែត្រការ៉េ និង១៨១,៣១២គីឡូម៉ែត្រការ៉េ ដែលជាផ្ទៃក្រឡាចុងក្រោយមិនទាន់បញ្ចូលផ្ទៃកោះតាមសមុទ្រនៅឡើយទេ។
សម្តេចបានប្រាប់ទៅបក្សប្រឆាំងក៏ដូចជាមជ្ឈដ្ឋានទូទៅថា កុំព្រួយបារម្ភ រាជរដ្ឋាភិបាលប្រើផ្ទៃដីបណ្តោះអាសន្ន១៨១.០៣៥គីឡូម៉ែត្រការ៉េ ។ ទាក់ទិនទៅនឹងភូមិរបស់ខ្មែរដែលបក្សប្រឆាំងថា មានការបាត់បង់ សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា រហូតមកដល់ពេលនេះគ្មានភូមិខ្មែរណាមួយបានបាត់បង់នោះទេ ។ សម្តេចបានលើកឡើងនូវជម្រើសពីរដែលមិនអាចទទួលយកបានក្នុងការកំណត់ភូមិជាប់ព្រំដែន ។ ជម្រើសទី១ គឺយកតាមផែនទីទាំងស្រុង បើផែនទីកាត់ភូមិខ្មែរឱ្យចូលទៅក្នុងទឹកដីវៀតណាមគឺកាត់ឱ្យទៅវៀតណាម ។ បើខ្សែផែនទីកាត់ភូមិវៀតណាមចូលទឹកដីខ្មែរគឺកាត់ឱ្យខ្មែរតែម្តង ។ ខ្មែរក្លាយជាវៀតណាម ឯវៀតណាមក្លាយជាខ្មែរ ។ ជម្រើសទី២ បើភូមិខ្មែរចូលទៅក្នុងវៀតណាមត្រូវរើចេញ ហើយបើភូមិវៀតណាមចូលដីខ្មែរត្រូវរើចេញ ។ ដូច្នេះជម្រើសទាំង២នេះមិនអាចធ្វើទៅបានឡើយ ។ ដោយឡែកជម្រើសទី៣ ដែលភាគីទាំង២បានឯកភាពគឺយោងតាមអនុស្សរណៈកាលពីថ្ងៃទី២៣ មេសា ឆ្នាំ២០១១ គឺបន្តរក្សាស្ថានភាពនៅដដែលស្តីពីការគ្រប់គ្រងរបស់ប្រជាពលរដ្ឋនៅលើផ្ទៃដីស្រែចំការរបស់ពួកគាត់ ។
យោងតាមផែនទី តម្កល់ទុកនៅអង្គការសហប្រជាជាតិខ្នាត១/១០០.០០០របស់ក្រុមភូមិសាស្ត្រឥណ្ឌូចិន មួយផ្នែកភូមិមួយស្ថិតក្នុងដែនដីខ្មែរឈ្មោះភូមិអន្លង់ក្រិស និងមួយផ្នែកតូចនៃភូមិនេះស្ថិតនៅក្នុងទឹកដីវៀតណាម ។ រដ្ឋាភិបាលប្រទេសទាំង២ធ្វើអនុស្សរណៈនៃការយោគយល់ស្តីពីការកែសម្រួលព្រំដែនគោកនៅតំបន់ដែលនៅសេសសល់មួយចំនួន ។ កិច្ចការនេះត្រូវធ្វើឡើងដើម្បីគោលដៅបន្ត ដើម្បីរក្សាការគ្រប់គ្រងភូមិករ ដីធ្លី ស្រែចម្ការ ដែលបានតាំងទីលំនៅបង្កបង្កើនផលជាយូរឆ្នាំមកហើយបន្តរស់នៅ និងបន្តកាន់កាប់ដីធ្លីទាំងនោះ ។
នៅក្នុងក្របខណ្ឌនៃការងារនេះ នឹងត្រូវចុះសិក្សាលំអិតមុននឹងធ្វើការដោះដូរគ្នាស្មើទៅស្មើមកទៅតាមលក្ខណៈភូមិសាស្ត្រ និងស្ថានភាពដីដោយយកខ្សែគូសចម្លងពីផែនទីខ្នាត១/១០០.០០០ក្រុមភូមិសាស្ត្រឥណ្ឌូចិនមកលើផែនទីUTMធ្វើជាគោល ធ្វើជាមូលដ្ឋាន ស្របតាមការអនុញ្ញាតនៃសន្ធិសញ្ញាបំពេញបន្ថែម ។ គោលការណ៍នៅទីនេះគឺធានាឱ្យបានថា កម្ពុជានឹងមិនខាតបង់ ឬបាត់បង់ដីឡើយ សូម្បីតែមួយម៉ែត្រក្រឡាក៏ដោយ ។ ទោះជាមានគម្រោងធ្វើការដោះដូរក៏ដោយ ក៏យើងនៅរក្សាផ្ទៃដីសរុបឱ្យនៅដដែលព្រោះវាជាការដោះដូរស្មើទៅស្មើមក ពោលគឺមួយហិកតាទៅត្រូវបានមួយហិកតាមកវិញនៅក្នុងខេត្តជាមួយគ្នា ។ លើកលែងតែក្នុងករណីក្នុងខេត្តទាំងនោះពុំមានដីដោះដូរ អនុញ្ញាតឱ្យឆ្លងទៅដូរជាមួយនឹងខេត្តផ្សេងទៀតបាន ដើម្បីធ្វើការទូទាត់គ្នាឱ្យបានសើ្មនិងគ្រប់ ។
សម្តេចតេជោនាយកមន្ត្រីបញ្ជាក់ថា ការធ្វើនេះគ្មានអ្វីផ្ទុយនឹងច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដូចជាប្រទេសមួយចំនួនធ្វើការចោទប្រកាន់នោះទេ ព្រោះនេះគឺជាមរតកដែលអាណានិគមបន្សល់ទុកឱ្យ ហើយវាស្របទៅនឹងគោលការណ៍ និងសម្រុះសម្រួលគ្នា ដែលត្រូវបានអនុវត្តជាអន្តរជាតិ និងត្រូវបានលើកទឹកចិត្តឱ្យអនុវត្តដោយអង្គការសហប្រជាជាតិ និងតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេផងដែរ ។
រហូតមកដល់ពេលនេះ សម្តេចបានបញ្ជាក់ថា ពុំមានភូមិខ្មែរណាមួយបានបាត់បង់នោះទេ ម៉្យាងវិញទៀតករណីដោះដូរនេះមិនមែនតែកម្ពុជា និងវៀតណាមនោះទេ ។ ផ្ទៃដីដែលកម្ពុជាចូលទៅវៀតណាម និងផ្ទៃដីវៀតណាមចូលមកកម្ពុជាតាមបណ្តោយខេត្តនៅជាប់ព្រំប្រទល់ ដីកម្ពុជាចូលទៅវៀតណាមចំនួន៩១៦,៧ហិកតា រីឯដីវៀតណាមចូលមកកម្ពុជា២.១៦០,៦ហិកតា ដូច្នេះដីវៀតណាមចូលមកកម្ពុជាសរុបចំនួន១.២៤៣,៦ហិកតា ។ ក្នុងនោះដីវៀតណាមចូលមកដីកម្ពុជាច្រើនជាងដីកម្ពុជាចូលទៅវៀតណាម រួមមានខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកំពត ។ ដោយឡែកដីកម្ពុជាចូលទៅវៀតណាមច្រើនជាងដីវៀតណាមចូលមកកម្ពុជាមានខេត្តព្រៃវែង ចូលទៅវៀតណាម៥៤,៥ហិកតា ដីវៀតណាមចូលមកកម្ពុជាចំនួន៣០,៩ហិកតា ខេត្តតាកែវដីកម្ពុជាចូលវៀតណាម១៥៩,១ហិកតា ដីវៀតណាមចូលមកកម្ពុជា១៥១,៧ហិកតា ។
សូមបញ្ជាក់ថា មានខេត្តជាច្រើនបានធ្វើការវាស់វែងដោយមិនទាន់មានការទទួលស្គាល់ជាទ្វេភាគីនៅឡើយ លើកលែងតែខេត្តកំពង់ចាម ខេត្តកំពត និងខេត្តតាកែវ ដែលក្រុមបច្ចេកទេសចម្រុះបានចុះហត្ថលេខាទទួលយកជាទ្វេភាគីហើយ ។ ប៉ុន្តែប្រធានគណៈកម្មការចម្រុះប្រទេសទាំង២មិនទាន់បានអនុម័តទទួលយកកំណត់ហេតុនេះនៅឡើយ ។
កម្ពុជាចូលដីវៀតណាមសរុប៩១៦,៧ហិកតា វៀតណាមចូលមកកម្ពុជា២.១៦០,៦ហិកតា ។ ទៅអនាគត បើតួលេខនេះត្រូវបានទទួលស្គាល់ដោយភាគីទាំងសងខាង ជាតួលេខផ្លូវការនោះវៀតណាមត្រូវរកដីឱ្យកម្ពុជាប្រមាណ១.២៤៣,៩ហិកតា តែនេះជាដំណោះស្រាយតាមMOUឆ្នាំ២០១១ ។
ខេត្តកំពង់ចាម ផ្អែកលើផែនទីមិនអាចកែប្រែបានទេ ទាំងព្រំដែនកម្ពុជាចូលទៅវៀតណាម ស្មើនឹង៣៨៥ហិកតា ឯវៀតណាមចូលមកកម្ពុជា៨២៥ហិកតា ភាគីទាំង២ឯកភាពគ្នារួចហើយ ។ ដូច្នេះរង់ចាំតែការដោះដូរទេ ។ ខេត្តស្វាយរៀង កម្ពុជាចូលទៅវៀតណាមវាស់ជាឯកតោភាគី២៨៩ហិកតា វៀតណាមចូលមកកម្ពុជា១.១០០ហិកតា ។ ខេត្តព្រៃវែងវាស់ជាឯកតោភាគី ចូលទៅវៀតណាម៥៤,៥ហិកតា វៀតណាមចូលមកកម្ពុជា៣០,៩ហិកតា ។ ខេត្តតាកែវ កម្ពុជាចូលទៅវៀតណាម១៥៩,១ហិកតា វៀតណាមចូលមកកម្ពុជា១៥១,៧ហិកតា ។ ខេត្តកំពតកម្ពុជាចូលវៀតណាម២៩,១ហិកតា វៀតណាមចូលមកកម្ពុជា៥៣ហិកតា ។
ដូច្នេះការទូទាត់ទៅវិញទៅមក រដ្ឋាភិបាលទាំង២ឯកភាពគ្នាធ្វើការដោះដូរសងទៅវិញទៅមក អាស្រ័យលើផ្ទៃដីច្រើន ឬតិចតែប៉ុណ្ណោះ៕




ចែករំលែកព័តមាននេះ