រាជធានីភ្នំពេញ ៖ ករណីកេងប្រវ័ញ្ចយកថវិការដ្ឋជិត២លានដុល្លារអាមេរិក តាមរូបភាពកាត់ភាគរយលើគម្រោងផ្តល់ដីសម្បទានសង្គមកិច្ច និងសាងសង់លំនៅស្ថានជូនអតីតយុទ្ធជននិងជនក្រីក្រ ដើម្បីធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន បានត្រូវលោកលាង សំណាត់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីរសៀលថ្ងៃទី៩ សីហា ឃុំខ្លួនដាក់ពន្ធនាគារពីបទ ពុករលួយ ដើម្បីស៊ើបអង្កេតរកមនុស្សជាប់ពាក់ព័ន្ធមួយចំនួនទៀត ។ តាមដែលដឹងគឺមិនខុសពីសម្លកំពិសនោះទេ ។
អង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី៦ សីហា ឆ្នាំ២០១២ បានឃាត់ខ្លួនមន្ត្រីទាំង៤នាក់ជាបន្តបន្ទាប់មានឈ្មោះសារ៉េត បូរ៉ាមី ជាអគ្គនាយករងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឈ្មោះផូ វុឌ្ឍី ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ ឈ្មោះមាស ឥស្សរ៉ា អនុប្រធាននាយកដ្ឋាន និងឈ្មោះទុយ ឡាយរិទី្ធ ជាមន្ត្រីបម្រើការនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីសាកសួរករណីកេងប្រវ័ញ្ចថវិការដ្ឋប្រមាណជិត២លានដុល្លារអាមេរិក ។
ទាក់ទិននឹងបញ្ហាខាងលើនេះ តាមប្រភពមួយបានបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលបានលើកគម្រោងផ្តល់ដីសម្បទានសង្គមកិច្ច និង សាងសង់លំនៅស្ថានជូនអតីតយុទ្ធជននិងជនក្រីក្រ តាមបណ្តាខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងទំហំទឹកប្រាក់ជិត៨លានដុល្លារអាមេរិក ។
ក្រោយពីទទួលបានគោលការណ៍នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកគម្រោងជាក់ស្តែងដូចជាកាប់គាស់រានដីព្រៃឈូសឆាយដីបង្កើតជាផ្លូវក្នុងសហគមន៍ព័ទ្ធរបងពុះជាឡូតិ៍ និងសាងសង់លំនៅស្ថានរួចប្រគល់គម្រោងនេះទៅឱ្យប្រធានមន្ទីររៀបចំដែនដីតាមបណ្តាខេត្តនីមួយៗជាអ្នកគ្រប់គ្រង និងទទួលខុសត្រូវចំពោះគម្រោងនេះ ។
បន្ទាប់ពីគម្រោងនេះអនុវត្តរួចរាល់ជាស្ថាពរតាមបណ្តាខេត្តមួយចំនួនរួចហើយ អាជ្ញាធរបានប្រគល់ដីនិងផ្ទះជូនអតីតយុទ្ធជន ឬជនក្រីក្រចូលស្នាក់នៅ។ ប៉ុន្តែរយៈពេលមិនយូរប៉ុន្មានផងផ្ទះដែលទើបសាងសង់ រួចនេះបានត្រូវខ្មូតស៊ី ពុកផុយទ្រុឌទ្រោម រហូតធ្វើឱ្យម្ចាស់ផ្ទះពុំអាចស្នាក់នៅបាន ឬចុះមកចងតង់ដេកនៅក្រោមផ្ទះវិញ។
ហេតុការណ៍នេះ បានត្រូវទម្លាយចេញតាមទំព័រសារព័ត៌មានមួយចំនួន បង្កឱ្យមានការភ្ញាក់ផ្អើលដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលរហូតដាក់បញ្ជាឱ្យស្ថាប័នពាក់ព័ន្ធនឹងអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតករណីនេះ រួចរាយការណ៍មកថ្នាក់ដឹកនាំវិញ ដើម្បីដាក់ចេញគោលការណ៍បំបាត់ភាពមិនប្រក្រតី និងរម្ងាប់នូវបាតុភាពមួយចំនួនដែលអតីតយុទ្ធជន និងជនក្រីក្រថ្នាំងថ្នាក់ចិត្ត ។
ប្រភពបានបន្តថា រយៈពេលប៉ុន្មានខែក្រោយមកសមត្ថកិច្ចជំនាញបានស្រាវជ្រាវឃើញថាក្នុងទំហំទឹកប្រាក់ជិត៨លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងនេះបានត្រូវមន្ត្រីជំនាញឃុបឃិតគ្នាកិបកេងយកអស់មួយចំនួន តាមរូបភាពប្រគល់ប្រាក់មកឱ្យប្រធានមន្ទីររៀបចំដែនដីតាមបណ្តាខេត្ត រួចកាត់យកអស់មួយចំនួន ដើម្បីយកទៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក ។
យោងតាមលទ្ធភាពនៃការស្រាវជ្រាវនេះ សមត្ថកិច្ចបានអញ្ជើញប្រធានមន្ទីររៀបចំ ដែនដីតាមបណ្តាខេត្ត និងអ្នកម៉ៅការលើគម្រោងនេះ រួមទាំងមនុស្សមួយចំនួនទៀតដែលជាប់ពាក់ព័ន្ធមកបំភ្លឺក្នុងនាមជាសាក្សី ទើបកំណត់បាននូវអត្តសញ្ញាណមន្ត្រីក្រសួងរៀបចំ ដែនដីចំនួនបួននាក់នេះ រួចសុំគោលការណ៍ពីតុលាការដើម្បីឃាត់ខ្លួនយកមកសាកសួរតែម្តង ដោយសារតែពួកគេមានពិរុទ្ធជាប់ពាក់ព័ន្ធនឹងការកេងយកប្រយោជន៍ដោយខុសច្បាប់ និងសូកប៉ាន់ បណ្តាលឱ្យមានភាពមិនប្រក្រតីកើតឡើងនៅក្នុងការអនុវត្តគម្រោងនេះ ។
ក្រោយការសាកសួររួចហើយ កាលពីព្រលប់ថ្ងៃទី៨ សីហា ឆ្នាំ២០១២ អង្គភាពប្រឆាំងអំពើពុករលួយបានកសាងសំណុំរឿង និងបញ្ជូនមនុស្សទាំង៤នាក់នេះមកតុលាការដើម្បីចាត់ការតាមច្បាប់។ ក្នុងនោះគេសង្កេតឃើញមានរថយន្តទំនើបៗ ដែលផ្ទុកមនុស្សទាំងបួននាក់នេះ បើកចូលក្នុងបរិវេណតុលាការ រួចបណ្តើរឡើងតាមជណ្តើរយ៉ាងប្រញាប់ប្រញាល់ដើម្បីចៀសពីការថតរូបពីក្រុមអ្នកយកព័ត៌មាននិងទូរទស្សន៍ ៕
ចែករំលែកព័តមាននេះ