ខេត្តឧត្តរមានជ័យ ៖ មន្ត្រីកម្លាំងប្រដាប់អាវុធរួមជាមួយមន្ត្រីបម្រើការងារនៅមាត់ច្រកទ្វារអន្តរជាតិជាំស្រងាំ បានសហការគ្នាធ្វើការតវ៉ារារាំងអាជ្ញាធរថៃដែលមានបំណងដាំកូនឈើនៅក្បែរមាត់ច្រកទ្វារអន្តរជាតិជាំស្រងាំ ខណៈចំណុចច្រកព្រំដែននេះពុំទាន់បានធ្វើការដោះស្រាយឱ្យបានច្បាស់លាស់នៅឡើយ ដែលសូម្បីតែប៉ុស្តិ៍ព្រំដែនខ្មែរក៏ភាគីថៃហាមឃាត់មិនឱ្យសាងសង់សំណង់រឹងមាំណាមួយនៅក្បែរច្រកព្រំដែននោះដែរ ។ ហេតុការណ៍នេះបានកើតឡើងនៅមាត់ច្រកទ្វារអន្តរជាតិជាំស្រងាំ ក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៩ សីហា កន្លងទៅ ។
លោកវរសេនីយ៍ទោ តូច រ៉ា ប្រធានក្រុមការងារទំនាក់ទំនងកម្ពុជា-ថៃ បានឱ្យដឹងថា ក្រុមសមត្ថកិច្ចនិងអាជ្ញាធរថៃបានរៀបចំធ្វើពិធីដាំកូនឈើនៅក្បែរបារ៉ាស់ជាច្រកព្រំដែនដែលមានន័យស្មើនឹងការចាត់ទុកថាចំណុចដែលគេដាំកូនឈើនោះជាទឹកដីរបស់គេដូច្នេះ ។ សមត្ថកិច្ចនិងមន្ត្រីដែលបម្រើការងារនៅមាត់ច្រកអន្តរជាតិខាងកម្ពុជាបានមានប្រតិកម្មតវ៉ា និងរារាំងមិនឱ្យដាំកូនឈើនៅក្បែរមាត់ច្រកទ្វារអន្តរជាតិជាំស្រងាំនោះទេ ព្រោះនៅមាត់ច្រកទ្វារអន្តរជាតិនេះពុំទាន់មានការដោះស្រាយជាក់លាក់ពីក្រុមគណៈកម្មការព្រំដែនឱ្យបានច្បាស់លាស់នៅឡើយ តែបើខាងភាគគីថៃចង់ដាំកូនឈើនោះ គឺខាងកម្ពុជាតម្រូវឱ្យដាំឃ្លាតចេញពីបារ៉ាស់ច្រកទ្វារចម្ងាយពី២០០ទៅ៣០០ម៉ែត្រ ។
លោកឧត្តមសេនីយ៍ទោ នួន នៅ មេបញ្ជាការយោធភូមិភាគទី៤ និងជាមេបញ្ជាការប្រចាំទិសស្រុកអន្លង់វែង ត្រពាំងប្រាសាទបានឱ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មានរាយការណ៍តាមទូរស័ព្ទពីកងកម្លាំងនៅច្រកទ្វារ និងក្រុមសមត្ថកិច្ចបម្រើការងារនៅមាត់ច្រកទ្វាររួចមក លោកបានទាក់ទងទៅភាគីថៃដោយប្រាប់ពីជំហររបស់យើងថា ភាគីថៃមិនអាចដាំាំកូនឈើនៅក្បែរខ្សែបន្ទាត់ព្រំដែនបានឡើយ ព្រោះថាព្រំដែនពុំទាន់បានកំណត់ច្បាស់លាស់នោះទេ ត្រូវតែដាំកូនឈើឱ្យឃ្លាតចម្ងាយ២០០ម៉ែត្រទៅ៣០០ម៉ែត្រ ហើយភាគីថៃបានយល់ព្រម ។ ប៉ុន្តែបន្ទាប់ពីព្រមព្រៀងគ្នាលើហេតុការណ៍នេះហើយ ស្រាប់តែភាគីថៃយកកូនឈើមកដាំនៅក្បែរព្រំដែន ទើបលោកចុះទៅដល់ និងធ្វើការត្រួតពិនិត្យរួចតម្រូវឱ្យដកកូនឈើទាំងអស់ចេញវិញជាបន្ទាន់ ។
ជំនួបមន្ត្រីកម្ពុជា-ថៃនៅក្បែរបង្គោលព្រំដែនលេខ៣៦
ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី៩ សីហា ប្រតិភូកម្ពុជា-ថៃមួយក្រុមបានជួបគ្នានាវេលាម៉ោងជិត១២ថ្ងៃត្រង់ នៅចំណុចអគារស្នាក់ការប៉ូលិសអន្តោប្រវេសន៍ថៃ ច្រកខ្លងផែង ស្ថិតក្នុងភូមិខ្លងផែង ឃុំតាប់ប្រាយ៉ា ស្រុកតាប់ប្រាយ៉ា ខេត្តស្រះកែវ ក្បែរបង្គោលសីមាព្រំដែនលេខ៣៦ ឈមនឹងទឹកដីកម្ពុជា ភូមិបន្ទាយមានប្ញទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក ។ ទោះជាយ៉ាងណាជំនួបរវាងភាគីទាំង២ ពុំត្រូវបានគេបង្ហើបឱ្យដឹងពីគោលបំណងនោះទេ ។
តាមការឃ្លាំមើល ភាគីទាំង២បានពិនិត្យអគារស្នាក់ការអន្តោប្រវេសន៍ថៃដែលភាគីថៃចង់រុះរើ និងសាងសង់ថ្មីតែខាងកម្ពុជាបានបដិសេធ ។ បន្ទាប់មក ភាគីទាំង២បាននាំគ្នាត្រឡប់ទៅវិញអស់ទាំងភាគីថៃទាំងភាគីកម្ពុជា តាមទឹកដីថៃ ។ លោក ទ្រី ណារិន អភិបាលរងខេត្តបានបង្ហើបព័ត៌មានតិចតួចប្រាប់អ្នកយកព័ត៌មានថា «ការមកនេះអត់មកធ្វើអ្វីទេ គ្រាន់តែមកពិនិត្យព្រោះរាល់ការប្រជុំកន្លងមកគេសំណូមពររឿងហ្នឹង ដូច្នោះយើងចុះមកពិនិត្យឱ្យឃើញថា តើស្ថានភាពវាដូចទៅនឹងសំណូមពររបស់គេ ឬក៏អត់» ។ លោកថា បញ្ហាផ្សេងទៀតមិនមានការសម្រេចអ្វីទាំងអស់ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ភាគីថៃចង់ធ្វើការរុះរើទីស្នាក់ការអន្តោប្រវេសន៍ដែលសង់ពីឈើទៅធ្វើជាដែក ហើយដូរដំបូលពីហ្វ៊ីប្រូស៊ីម៉ង់ត៍ទៅជាប្រក់ក្បឿងវិញ ។ អគារអន្តោប្រវេសន៍របស់ថៃនេះបើពិនិត្យឱ្យដិតដល់ទៅពុំមានអ្វីគួរឱ្យជួសជុលនោះទេ ព្រោះដំបូលបច្ចុប្បន្នប្រក់ហ្វ៊ីប្រូស៊ីម៉ង់ត៍យ៉ាងស្អាត ហើយឈើក៏គ្មានពុក ឬមេស៊ីនោះដែរ គ្រាន់តែសំយាបទៅទិសខាងកើតកោងតិចតួចប៉ុណ្ណោះ ។
ដោយសារបញ្ហាខាងលើនេះ ភាគីថៃបានបោះតង់ក្នុងបំណងចង់រុះរើអគារនេះដើម្បីជួសជុលថ្មី ខណៈភាគីកម្ពុជារារាំង ហើយមកទល់ពេលនេះ ក៏ពុំទាន់មានការរុះរើតង់នោះចេញនៅឡើយដែរ ។ ការរារាំងរបស់កម្ពុជាដោយសារតែយល់ថា ដីខ្មែរអាចចូលទៅជ្រៅទៀតពីបង្គោលសីមាបច្ចុប្បន្ន ហើយក៏ចង់ឱ្យមានការដោះស្រាយពីបញ្ហាព្រំដែននៅចំណុចនោះឱ្យបានឆាប់ផងដែរ៕








ចែករំលែកព័តមាននេះ