ខេត្តកំពង់ឆ្នាំង ៖ នៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៨ សីហា មានព័ត៌មានមួយបានឱ្យដឹងថា មានករណីប្លន់អ្នករកស៊ីជួញគោចំនួន២នាក់ យកអស់ប្រាក់ចំនួន៧០លានរៀល នៅចំណុចជើងភ្នំកង្រី ក្នុងស្រុកកំពង់លែង ខណៈដែលដង្ខៅគោទាំង២នាក់នេះមកបើកយកប្រាក់ពីក្រុងកំពង់ឆ្នាំង ទៅទិញគោនៅស្រុកនោះ ។ ទោះបីជាយ៉ាងណា មន្ត្រីប៉ូលិសមិនទាន់ហ៊ានអះអាងថាពិតជាមានករណីនេះកើតមានឡើង ឬក៏យ៉ាងណានោះទេ នៅត្រឹមម៉ោង៥ល្ងាចថ្ងៃដដែលនេះ ដោយសារតែមិនទាន់មានរបាយការណ៍ជាផ្លូវការ ។
លោកចាត សុន អធិការរងប៉ូលិសស្រុកកំពង់លែងបានប្រាប់តាមទូរស័ព្ទថា លោកមិនទាន់ហ៊ានថាពិតជាមានករណីប្លន់មែន ឬក៏យ៉ាងណានោះទេ ថ្វីដ្បិតថាអ្នករកស៊ីគោទាំង២នាក់អះអាងថាបានរងគ្រោះក្នុងអំពើប្លន់នោះមែនក៏ដោយ ព្រោះលោកខ្លាចមានករណីអ្វីផ្សេងទៀត ។ពេលនេះមន្ត្រីរបស់លោកកំពុងធ្វើការសាកសួរឈ្មោះស ហេន អាយុ៣៥ឆ្នាំ ជាអ្នករកស៊ីគោ និងម្នាក់ទៀតឈ្មោះឌុច ដែលពួកគាត់មានរបួសដៃជើង និងស្ថិតក្នុងអារម្មណ៍មិនប្រាកដប្រជា នៅរវើរវាយនៅឡើយ ។
ទោះយ៉ាងណា លោកអធិការរងថ្លែងថា ពួកគាត់ទាំង២នាក់បានអះអាងថា ចោរមានគ្នាពី២ទៅ៣នាក់បានស្ទាក់ម៉ូតូពួកគាត់ ហើយវាយដណ្តើមយកលុយអស់ចំនួន៧០លានរៀល នៅចំណុចដើមស្នួលធំ ក្នុងឃុំពោធិ៍ រួចរត់គេចឡើងភ្នំកង្រីបាត់ទៅ ។ លោកបានបន្តថា ពេលនេះកម្លាំងប៉ូលិសរបស់លោកប្រមាណជាង២០នាក់កំពុងឡើងភ្នំកង្រីដើម្បីតាមប្រមាញ់ចោរទាំងនេះហើយ ចំណែកកម្លាំងប៉ូលិសខេត្តក៏កំពុងជួយចេញបង្ក្រាបក្នុងករណីនេះដែរ ៕




ចែករំលែកព័តមាននេះ