ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លន់​នាង​កណ្តាល​រាត្រី ប៉ូលិស​ដេញ​តាម​ជាន់​ក​ដក​ស្លាប​ទើប​ចាប់​បាន​

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ជន​សង្ស័យ​​ជា​ចោរ​​ប្លន់​​ពេល​រា​ត្រី​​២នាក់ ​ត្រូវ​បានប៉ូលិស​​តាម​ប្រមាញ់​​រហូត​​ដល់​​ជាន់​ក​ដក​ស្លាប​ទើប​​ចាប់​​បាន ​​ក្រោយ​ពីពួក​​គេ​​​​ធ្វើ​សកម្ម​ភាព​​វាយ​ស្ត្រី​​បម្រើ​​ខារ៉ា​អូ​ខេ​​ម្នាក់​​ប្លន់​យក​​ខ្សែ​ក​ ខ្សែ​ដៃ និង​កា​បូប​​លុយ​ ខណៈ​ពេល​ដែលនាង​​ចេញ​ពី​​ធ្វើ​​ការ​​នៅ​ហាង​​ខារ៉ា​អូ​ខេ​​​កាល​ពី​​វេលា​​ម៉ោង​​២និង​​១៥​នាទី​​​ទៀប​ភ្លឺ​​ឈាន​​ចូល​ថ្ងៃ​ទី​​៩ សីហា ​នៅ​ចំណុច​​មុខ​​ខ្លោង​ទ្វារ​​វត្ត​ទឹក​ថ្លា ​តាម​បណ្តោយ​​មហា​​វិថី​​សហ​​ព័ន្ធ​រុស្ស៊ី​ ក្នុង​ភូមិ​​ចុង​​ថ្នល់​​ខាង​កើត ​សង្កាត់​ទឹក​​ថ្លា ​ខណ្ឌ​សែន​សុខ ​​​រាជ​ធានី​ភ្នំពេញ​។

​ស្ត្រី​រង​គ្រោះ​​ឈ្មោះ​ហាក់ ស្រី​កា ​អាយុ​​២៥​ឆ្នាំ ​​បម្រើ​​ការ​​នៅ​​ខារ៉ា​អូ​ខេ​​ឌី​យ៉ា​​ម៉ង់​ ​តាម​បណ្តោយ​​ផ្លូវ​លេខ​​​១៩៨៦ ក្នុង​សង្កាត់​​ភ្នំពេញ​ថ្មី ​ខណ្ឌ​សែន​សុខ ​ត្រូវ​ជន​​ល្មើស​​វាយ​ប្លន់​​​រហូត​រហែក​​អា​វ និង​រង​របួស​​ថែម​ទៀត ។​

​មន្ត្រី​​ប៉ូលិស​​ដែល​បាន​ធ្វើ​​​ប្រតិ​បត្តិ​ការ​​តាម​ប្រមាញ់​​ចាប់​ចោរ​ប្លន់​​ទាំង​​២នាក់​​ខាងលើ​បាន​​ឱ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​ ស្ត្រី​រង​គ្រោះ​​បាន​ជិះ​ម៉ូតូ​​​ឌុប​ ​ម៉ាក​សង់​កូរ៉េ​​ចេញ​ពី​​កន្លែង​ធ្វើ​ការ​ មក​ឈប់​​នៅ​ចំណុច​​កើត​ហេតុ​​ខាងលើ ​និង​បម្រុង​​ដើរ​ចូ​ល​ផ្ទះ​ ក៏​ស្រាប់​តែ​​មាន​ម៉ូតូ​ចំនួន​​២​គ្រឿង​​ប្រភេទ​​​​គុប​មូល​​ និង​​គុប​​ជ្រុង​ជិះ​គ្នា​​​៤នាក់ ​។ មន្ត្រី​ប៉ូលិស​​បាននិយាយ​​ទៀត​​​ថា​ ពេល​នោះ​ជន​​២នាក់​​​ជិះ​ម៉ូតូ​​គុប​មូល​​បាន​ចុះ​ពី​លើ​ម៉ូតូ​ ហើយ​ធ្វើ​សកម្មភាព​​​វាយ​ទៅ​លើ​ស្ត្រី​រង​​គ្រោះ​​​ដណ្តើម​​យក​ខ្សែ​ក​ ​ខ្សែ​ដៃ​ និង​កា​បូប​លុយ​​ ។ ​ចំណែក​​ស្ត្រី​រង​គ្រោះ​​ក៏​បាន​​ប្រវាយ​ប្រតប់​​ជា​​មួយ​ជន​​ល្មើស​វិញ ប៉ុន្តែ​​មិន​ឈ្នះ​​ ក៏​ត្រូវ​​​ជន​ល្មើសប្លន់​​​យក​ទ្រព្យ​សម្បត្តិ​​អស់​​ពី​ខ្លួន​​ រួច​នាំ​គ្នា​​ជិះ​ម៉ូតូ​​រត់​គេច​​ចូល​តាម​​ផ្លូវ​លំ​មួយ​ ​នៅ​ខាង​​លិច​​វត្ត​ទ​ឹក​ថ្លា​ ​។ ក្រោយ​ពេល​​​​កើេត​ហេតុ​ ស្ត្រី​រង​គ្រោះ​​​ក៏​បាន​​ទូរ​ស័ព្ទ​​ប្តឹង​​ទៅ​ប៉ូលិស​ ហើយ​ប៉ូលិស​​មូល​ដ្ឋាន​​ ក៏​ចុះ​​មក​រុក​រក​​ភ្លាមៗ ​​ក៏​​​ប្រទះ​​និង​ក្រុម​ចោរ​​​២នាក់​​ដែល​​​កំពុង​តែ​ជិះ​​ម៉ូតូ​ចេញ​​ពី​ផ្លូវ​លំ​​ឆ្ពោះ​​មក​​មហា​​វិថី​សហ​ព័ន្ធ​រុស្ស៊ី​​វិញ ក៏​​ត្រូវ​ប៉ូលិស​​ចាប់​ខ្លួន​​បាន​​ទាំង​​២នាក់ ​។
​មន្ត្រី​ប៉ូលិស​​បាន​ឱ្យ​​​​ដឹង​​ទៀត​ថា ជន​សង្ស័យ​​ទាំង​​២នាក់​​​ ក្រោយ​ពី​ប៉ូលិស​​ចាប់​ខ្លួន​​បាន​រួច​ហើយ ​ប៉ូលិស​​​បាន​វាយ​​ខ្នោះ​​ដៃ​រួច​ដាក់​​ទៅ​លើ​ម៉ូតូ​​ប៉ូលិស​ ដើម្បី​បញ្ជូន​​​ទៅ​អធិការ​ដ្ឋាន​​ខណ្ឌ​សែន​សុខ ​ប៉ុន្តែ​​នៅ​ពេល​ដែល​​កំពុង​​នាំ​​ខ្លួន​​​តាម​ម៉ូតូ​​នោះ​ជន​សង្ស័យ​​ទាំង​​២​នាក់​បាន​​លោត​ចេញ​ពី​ម៉ូតូ​​ប៉ូលិស​ ​ដើម្បី​រត់​ ក៏​ត្រូវ​​ប៉ូលិស​​ដេញ​ចាប់​បាន​​ម្តង​​ទៀត​ ដោយ​​ចាប់​​ផ្តួល​​ទៅ​លើ​​ដី ហើយ​​ជាន់​ក​សង្កត់​​ថែម ​ទើប​យក​​ឈ្នះ​​ចោរ​ប្លន់​​ជើង​ខ្លាំង​​នេះ​បាន​ ​។ បើ​ប៉ូលិស​​មាន​​កម្លាំង​ល្មម​ៗ​មិន​អាច​​យក​ឈ្នះ​​លើ​​ចោរ​បាន​​ឡើយ​​ ។

​ទោះ​​បែប​នេះ​ក្តី​ ក្នុងហេតុ​ការណ៍​​បង្ក្រាប​​​ក្រុម​ជន​ស​ង្ស័យ​​ខាងលើ​ ​បណ្តាល​​ឱ្យ​ប៉ូលិស​អន្តរា​​គមន៍​​របួស​​២នាក់ ​គឺ​ឈ្មោះ​​អ៊ុច ​សេរី​រ័ត្ន ​រហស្ស​​នាម​​មេសា ​២៥AC ​ត្រូវ​​របួស​មួយ​​​ចំហៀង​ខ្លួន​ ​ដោយ​សារ​ក្រៀក​​ជន​សង្ស័យ​​នៅ​លើ​ម៉ូតូ​ ហើយ​ជន​សង្ស័យ​​លោត​ចេញ​ពី​លើ​ម៉ូតូ ​បណ្តាល​​​ឱ្យ​ធ្លាក់​​ពីលើ​ម៉ូតូ​​អូស​​ប្រមាណ​​១០​ម៉ែត្រ ​និង​ឈ្មោះ​​បួង ​បូណា​ រហស្ស​​​នាម​​មេសា​២៥T ​ជិះ​ម៉ូតូ​​ដេញ​​ជន​សង្ស័យ​​ធ្លាក់​ជង្ហុក​​ បណ្តាល​​ឱ្យ​ដួ​ល​រយះ​​ដៃ​ នៅ​ខណៈ​ពេល​​ដែល​ក្រុម​​ជន​​សង្ស័យ​លោត​​ពី​លើ​ម៉ូតូ​ ។

​ជន​សង្ស័យ​​ទាំង​​២នាក់ខាងលើ​​ម្នាក់​ឈ្មោះ​​សំ នាង ភេទ​ប្រុស អាយុ​​២៥​ឆ្នាំ ​​ជា​កម្មករ​​រោ​ង​ចក្រ ​ស្នាក់​នៅ​ផ្ទះ​​ជួល​ ​សង្កាត់​​ទឹក​ថ្លា ខណ្ឌ​សែន​​សុខ ​មាន​ស្រុក​​​កំណើត​​ឃុំ​​បន្ទាយ​​ដែក​ ​ស្រុក​កៀន​ស្វាយ ​ខេត្ត​កណ្តាល ​និង​ឈ្មោះ​​ទូច វណ្ណា​រិទ្ធ ​ភេទ​ប្រុស អាយុ​​២៤​ឆ្នាំ ​ស្នាក់​នៅ​​សង្កាត់​​ទឹក​ថ្លា ​និង​មាន​ស្រុក​កំណើត​​នៅ​ខេត្ត​ស្វាយ​រៀង ។ ទាំង​​២នាក់​នេះ​ ដោយ​សារ​ត​ដៃ​ជាមួយ​​ប៉ូលិស​​ ទើប​​ទ្រម​ខ្លួន​​មិន​តិច​ទេ​ ​និង​​សំណាង​ហើយ​​ដែល​គ្មាន​​អ្នក​ដទៃ​​ជួយ​វាយ​​ថែម ។

​ចំពោះ​​ទ្រព្យ​សម្បត្តិ​​ស្ត្រី​រង​គ្រោះ​​ដែល​បាត់​​បង់​​​ មាន​ខ្សែ​ក​ទម្ងន់​​​២​ជី​(មាស​)​ ​​ខ្សែ​ដៃ​​ទម្ងន់​​២​ជី​(មាស) និង​លុយ​​នៅ​ក្នុង​​កា​បូប​​ចំនួន​​៣០០​ដុល្លារ​ ដែល​​នា​ងបាន​ធ្វើ​ការ​សន្សំ​​ជា​ច្រើន​​ខែ​មក​ហើយ​​នោះ​ត្រូវ​​ចោរ​ប្លន់​​២នាក់​ទៀត​​យក​​ទៅ​បាត់ ៕​