ខេត្តកណ្តាល ៖ អ្នករស់នៅតាមមាត់ទន្លេនៅភូមិកណ្តាលកោះតូចនិងចុងកោះតូច ឃុំតាលន់ ស្រុកស្អាង ចំនួន៣០គ្រួសារបានបង្ខំចិត្តរុះរើលំនៅឋានចាកចេញពីទីតាំងចាស់ ដែលធ្លាប់រស់នៅ ខណៈដែលច្រាំងទន្លេបាសាក់ បានបន្តបាក់ស្រុតជិតដល់លំនៅឋាន ។
ទន្ទឹមនោះដែរ ផ្លូវជាតិលេខ១១០ត្រើយខាងកើតទន្លេបាសាក់ ក្នុងភូមិកណ្តាលកោះតូច ក៏ត្រូវច្រាំងទន្លេបាក់មកជិតដល់ និងប្រឈមនឹងការបាក់ធ្លាក់ចូលក្នុងទន្លេផងដែរ ខណៈពេលទឹកទន្លេបាសាក់បានជន់ឡើងខ្លាំងជាលំដាប់ចាប់តាំងពីដើមខែសីហាមក ។ ទោះជាយ៉ាងណា មិនទាន់មានផ្ទះប្រជាពលរដ្ឋណាមួយធ្លាក់ចូលទៅក្នុងទន្លេដោយសារការបាក់ច្រាំងនេះទេ ។
ប្រជាពលរដ្ឋនិយាយថា ច្រាំងទន្លេបានបាក់ជាបន្តបន្ទាប់អស់រយៈពេលជាច្រើនឆ្នាំមកហើយ តែការបាក់ស្រុតនេះមិនទាន់បាក់ដល់លំនៅឋានរបស់គាត់នៅឡើយទេ ពោលគឺបាក់ស្រុតដល់តែដីចំការប៉ុណ្ណោះ ។ រយៈពេល៥ឆ្នាំចុងក្រោយនេះច្រាំងទន្លេបានបាក់ខ្លាំង ហើយប្រជាពលរដ្ឋបានបង្ខំចិត្តរុះរើផ្ទះសម្បែងចេញនិងរំកិលខិតជាបន្តបន្ទាប់ ។ ទើបតែមកដល់ដើមខែសីហា ឆ្នាំ២០១២នេះច្រាំងទន្លេបានបន្តបាក់ស្រុតយ៉ាងខ្លាំងដល់ជិតលំនៅឋានរបស់ពួកគាត់ ធ្វើឱ្យពួកគាត់មានការភិតភ័យបង្ខំចិត្តរុះរើលំនៅឋានចេញពីទីតាំងដែលធ្លាប់រស់នៅនោះទៅសង់នៅកន្លែងផ្សេងវិញ ។
ប្រជាពលរដ្ឋបានឱ្យដឹងទៀតថា មូលហេតុនៃការបាក់ស្រុតច្រាំងទន្លេនេះ គឺដោយសារតែច្រាំងទន្លេត្រើយខាងលិចក្នុងឃុំកោះខ្សាច់ទន្លា បានដុះដីលយចូលមកក្នុងទន្លេជាហេតុធ្វើឱ្យចរន្តទឹកហូរបុកមកចំចំណុចដែលបាក់ច្រាំងនេះរួមផ្សំនឹងទឹករលកបោកបក់មកចំផងទើបមានការបាក់ស្រុតខ្លាំងបែបនេះ។ ទន្ទឹមនឹងនេះដែរ ផ្លូវជាតិលេខ១១០ ត្រើយខាងកើតទន្លេបាសាក់ ស្ថិតក្នុងភូមិកណ្តាលកោះតូចប្រវែងជាង២០០ម៉ែត្រគឺច្រាំងទន្លេបាក់មកជិតដល់ដែលកំពុងប្រឈមនឹងការរអិលបាក់ស្រុតចូលក្នុងទន្លេផងដែរ ។
បន្ទាប់ពីមានការបាក់ស្រុតច្រាំងទន្លេបណ្តាលឱ្យដីលំនៅឋានប្រជាពលរដ្ឋស្រុតចូលទន្លេនេះដែរ ខាងអាជ្ញាធរនិងគណៈពង្រឹងមូលដ្ឋានបានចុះទៅធ្វើការពិនិត្យពីផលប៉ះពាល់ ។
លោកខឹម ច័ន្ទគិរី អភិបាលស្រុកស្អាង ដែលបានទៅដល់លំនៅឋានទាំងនោះកាលពីថ្ងៃទី៧ ខែសីហា បានឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋដែលទទួលរងនូវផលប៉ះពាល់មានចំនួន៣០ខ្នង ហើយផ្ទះចំនួន១៧ខ្នង ដែលប្រជាពលរដ្ឋសាងសង់នៅខាងលិចតាមបណ្តោយផ្លូវជាតិលេខ១១០ ជាប់នឹងដងទន្លបាសាក់ ស្ថិតក្នុងភូមិកណ្តាលកោះតូច ឃុំតាលន់ ស្រុកស្អាងត្រូវបានរើរុះយ៉ាងប្រញាប់ជាបន្តបន្ទាប់។
លោកអភិបាលស្រុកស្អាងបានបន្តថា ក្រោយពេលលោកចុះទៅសិក្សាពីការបាក់ច្រាំងទន្លេធ្វើឱ្យប្រជាពលរដ្ឋបង្ខំចិត្តរុះរើផ្ទះសម្បែងចេញដើម្បីរកទីទួលមានសុវត្ថិភាពរួចមកលោកឈុន ស៊ីរុន អភិបាលខេត្តបានដឹកនាំប្រតិភូនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋជាការជួយសម្រួលដល់ការលំបាកបន្តិចបន្តួច ។ ជាមួយគ្នានេះដែរ តំណាងរបស់លោកជា រតនា ប្រធានគណៈពង្រឹងមូលដ្ឋានឃុំតាលន់បានចុះសាកសួរសុខទុកប្រជាពលរដ្ឋដែលរងនូវផលប៉ះពាល់ដល់លំនៅឋាន ។
ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់សូមជួយពិនិត្យលក្ខណៈបច្ចេកទេស និងភូមិសាស្ត្រដើម្បីទប់ស្កាត់កុំឱ្យច្រាំងទន្លេបន្តបាក់ស្រុតទៀត ព្រោះមានលំនៅឋានជាច្រើនទៀតកំពុងប្រឈមនឹងការរុះរើចេញនាពេលខាងមុខនេះ ។ តាមការពិនិត្យបើសិនជាច្រាំងទន្លេនៅតែបន្តបាក់ស្រុតនោះផ្លូវជាតិលេខ១១០ក៏បាក់ស្រុតផងដែរ ៕




ចែករំលែកព័តមាននេះ