រាជធានីភ្នំពេញ ៖ គូសង្សារ២នាក់ជិះម៉ូតូត្រឡប់មកពីដើរលេងនៅទន្លេបាទីត្រូវជនមិនស្គាល់មុខ៣នាក់ជិះម៉ូតូ១គ្រឿងដកខ្សែក្រវាត់វាយទៅលើដោយពុំដឹងមូលហេតុ បណ្តាលឱ្យត្រូវមួយខ្សែក្រវាត់ដួលម៉ូតូរងរបួសបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី៩ សីហា ២០១២ ចំណុចដេប៉ូលក់ឈើផ្ទះលេខ២៦៦ ផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។
ជនរងគ្រោះឈ្មោះហ៊ុយ ហាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យជាស៊ីមសន្ធរមុខ មានទីលំនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រងរបួសរលាត់ដៃជើងបន្តិចបន្តួច ចំណែកនារីជាសង្សារពុំត្រូវបានស្គាល់ឈ្មោះនោះទេ រងរបួសបន្តិចបន្តួចដូចគ្នា ។ ប្រភពព័ត៌មានឱ្យដឹងថា គូស្នេហ៍ខាងលើមុនពេលកើតហេតុបានជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ត្រឡប់មកពីដើរលេងនៅរមណីយដ្ឋានទន្លេបាទី លុះមកដល់ចំណុចកើតហេតុស្រាប់តែមានជនមិនស្គាល់មុខ៣នាក់ជិះម៉ូតូ១គ្រឿងម៉ាកឌ្រីមសេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ ដកខ្សែក្រវាត់វាយទៅលើជនរងគ្រោះដោយពុំដឹងមូលហេតុ បណ្តាលឱ្យដួលរងរបួស ហើយជិះគេចខ្លួនបាត់ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕




ចែករំលែកព័តមាននេះ