រាជធានីភ្នំពេញ ៖ ទីបំផុតគម្រោងវេចបង្វិចឡើងយន្តហោះឆ្លងសមុទ្រទៅកាន់ប្រទេសកាណាដាជាលើកដំបូងរបស់តារាចម្រៀងស្រីលំដាប់កំពូលនាង ឱក សុគន្ធកញ្ញា ត្រូវបានពន្យារពេល ដោយសារតែតារាចម្រៀងរូបនេះកំពុងតែមមាញឹកដូចទឹកបាក់ទំនប់ក្នុងការកើបលុយនៅក្នុងស្រុក ។
តាមពិតគម្រោងចេញទៅប្រទេសកាណាដាជាលើកដំបូងរបស់តារាចម្រៀងស្រីដ៏ល្បីល្បាញក្នុងផលិតកម្មរស្មីហង្សមាសរូបនេះ គឺមានជាយូរមកហើយ ប៉ុន្តែដោយសារតែការងារសិល្បៈក្នុងស្រុករបស់នាងដែលស្ទើរដកដៃមិនរួចនោះទើបឱក សុគន្ធកញ្ញា សម្រេចពន្យារការចេញទៅសម្តែងក្នុងប្រទេសដ៏ស៊ីវិល័យមួយនេះវិញ ។
ទាក់ទិននឹងការចេញទៅសម្តែងនៅប្រទេសកាណាដា របស់ឱក សុគន្ធកញ្ញា ពេលនេះត្រូវបានក្រុមគ្រួសាររបស់នាងអះអាងថា កញ្ញាពិតជាមានគម្រោងចេញទៅសម្តែងនៅឯបរទេសប្រាកដមែន តែមិនដឹងច្បាស់ថា កញ្ញាទៅពេលណាឱ្យប្រាកដនោះទេ ដោយសារតែបច្ចុប្បន្នការងារដែលត្រូវចេញនោះកំពុងស្ថិតក្នុងការរត់ឯកសារនៅឡើយ ។
ផ្ទុយពីការបកស្រាយខាងលើនេះ គូស្នេហ៍ចាស់វស្សារបស់ឱក សុគន្ធកញ្ញា លោករ៉េតធី ដូណា បានអះអាងប្រាប់កោះសន្តិភាពនៅថ្ងៃទី៩ សីហា ២០១២ នេះថា តាមពិតគម្រោងចេញទៅប្រទេសកាណាដារបស់ឱក សុគន្ធកញ្ញា គឺត្រូវចេញទៅយូរហើយតែដោយសារការងារក្នុងស្រុករបស់នាងមិនទាន់អាចដកឃ្លាបាននោះ ទើបនាងសម្រេចលើកពេលវិញ ។ ទោះបីជាយ៉ាងណាតន្ត្រីករវ័យក្មេងរូបនេះនៅមិនទាន់ដឹងថា គូស្នេហ៍របស់ខ្លួននឹងត្រូវចេញទៅនៅពេលណាមួយឱ្យប្រាកដនៅឡើយទេ ។ លោកបញ្ជាក់បន្ថែមថា ប្រសិនបើឱក សុគន្ធកញ្ញា ចេញទៅសម្តែងនៅប្រទេសកាណាដានោះគឺអាចប្រើរយៈពេលប្រហែលជា២ខែទើបវិលមកកាន់ទឹកដីកំណើតវិញ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ