តុលាការរុស្ស៊ីមួយកាលពីថ្ងៃទី៨សីហាបានកាត់បន្ថយទោសជាប់គុក១៣ឆ្នាំ របស់អតីតមហាសេដ្ឋីប្រេងម្នាក់ដែលទទួលការកាត់ទោសពីបទគេចពន្ធនិងក្លែងបន្លំ ។តុលាការស្រុក VELSK តំបន់អាខាន់ហ្សែលស្ក៍ ភាគខាងជើងរុស្ស៊ីបានយល់ព្រមសើរើពិនិត្យឡើងវិញលើការដាក់ទោសលោកប្លាតុន ឡឺបេដេវ អតីតសហម្ចាស់ក្រុមហ៊ុនប្រេង YUKOS។ ដៃគូរកស៊ីរបស់លោកឡឺបេដេវ គឺលោកមីខាអុីលខូដូកូវស្គី ពេលនេះក៏ទទួលទោសជាប់គុក១៣ឆ្នាំដែរ ។
អ្នកទាំង២ព្រមទាំងដៃគូឯទៀត របស់ក្រុមហ៊ុន YUKOS ត្រូវចាប់ខ្លួនកាលពីឆ្នាំ២០០៣ ហើយទទួលការកាត់ទោសកាលពីឆ្នាំ២០០៥ ដោយតុលាការស្រុកខាម៉ូវនីគីក្រុងមូស្គូ។ ចៅក្រមតុលាការស្រុក VELSK លោកវិកទ័រអុីវ៉ាណូវ បានទទួលយកការលើកឡើងមួយផ្នែករបស់បណ្តាមេធាវីលោកឡឺបេដេវ ហើយសម្រេចកាត់បន្ថយទោសលោកឡឺបេដេវចំនួន៣ឆ្នាំកន្លះ ។
មេធាវីរបស់សេដ្ឋីរូបនេះដែលបដិសេធមិនចូលរួមក្នុងសវនាការកាលពីថ្ងៃទី៨ សីហា បានទាមទារឱ្យដោះលែងកូនក្តីពួកគេជាបន្ទាន់ ។ ការតវ៉ាសម្រាប់លោកឡឺ បេដេវ ធ្វើឡើងកាលពីថ្ងៃទី៦ កក្កដា ដោយផ្អែកលើការធ្វើវិសោធនកម្មច្បាប់ព្រហ្មទណ្ឌដែលសម្រាលទោសសម្រាប់ឧក្រិដ្ឋកម្មសេដ្ឋកិច្ចមួយចំនួន ៕
ចែករំលែកព័តមាននេះ