ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ឆ្លាម​សមុទ្រ​​ឈ្នះ​ក្រុម​​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិក្នុងលទ្ធផល​ 7-6 មិន​គួរ​ឱ្យ​ជឿ

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​​ ​ក្រុម​បាល់​ទាត់​ឆ្លាម​សមុទ្រ​ បាន​ប្រកួត​​ឈ្នះ​​ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ ក្នុង​លទ្ធ​ផល 7-6 សម្រាប់​​ការ​ប្រកួត​បាល់​ទាត់​​ពាន​រង្វាន់​ Mefone Cambodian League 2012 នៅ​លើ​ទី​លាន​​ពហុកីឡ​​ដ្ឋាន​ជាតិ​ កាល​ពី​​រសៀល​ថ្ងៃ​ពុធ​ទី​៨ សីហា កន្លង​មក​នេះ ។

វា​មិន​មែន​ជា​រឿង​​ធម្ម​តា​​ឡើយ​ដែ​ល​ក្រុម​​បាតតារាង​​យក​ឈ្នះ​ក្រុម​កំពូល​​តារាង​​ដូច​ជា​ក្រុម​​អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ បែប​នេះ​​នោះ ។ នៅ​ក្នុង​តង់​ទី​១ ក្រុម​​ទាំង​២​​បាន​ស៊ុត​បាល់​បញ្ចូល​ទី​​​គ្នា​បាន​៣​គ្រាប់​ម្នាក់​ ។ កីឡា​ករ​រ៉ុន រ៉ានី ពាក់​អាវ​លេខ​៣៨​របស់​​ក្រុម​​ឆ្លាម​សមុទ្រ​ រក​បាន​​១​គ្រាប់​នាំ​មុខ​មុន​នៅ​នាទី​ទី​​១៨ ខណៈ​ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​​ជាតិ តាម​សង​បាន​១​គ្រាប់​​វិញ នៅ​នាទី​ទី​២៩ ​ដែល​រក​បាន​ដោយ​កីឡា​ករ​ OLADIJINELSON OLATUNDE ពាក់​អាវ​លេខ​២០ ។

បន្ទាប់​មក​​ខ្សែ​ប្រយុទ្ធ​ជន​ជាតិ​​ប្រេស៊ីល​ ពាក់​អាវ​លេខ​២៩ ​គឺកីឡា​ករ​ BISAN GEORGE របស់​ក្រុម​ឆ្លា​ម​សមុទ្រ​​ស៊ុត​​​បាល់​បញ្ចូលទី​គូ​ប្រកួត​​បាន​២​គ្រាប់​​ទៀត​​​នៅ​នាទី​​ទី​៣៤ និង​នាទី​ទី​៤៣ ​ខណៈ​កីឡា​ករ​​ OLADIJI​NELSON OLATUNDE របស់​ក្រុម​អគ្គ​ស្នង​ការ​​ដ្ឋាន​នគរ​បាល​ជាតិ រក​បាន​២​គ្រាប់​ម្នាក់​ឯង​ទៀត​នៅ​នាទី​ទី៣១​ និង​នាទី​ទី​៣៨ ។ ចូល​ដល់​តង់​ទី​២ ក្រុម​ឆ្លាម​សមុទ្រ​​នៅ​តែ​ព្យា​យាម​​លេង​វាយ​សម្រុក​​ទៅ​លើក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​​ជាតិ​​ យ៉ាង​​ខ្លាំង​​ក្លា​រហូត​បង្កើត​បាន​​ប្រវត្តិ​សាស្ត្រ​​របស់​ខ្លួន​ដែល​ពុំ​ធ្លាប់​​មាន​ពី​មុន​មក។ ​កីឡា​ករ​​រ៉ុន រ៉ានី របស់​ក្រុម​ឆ្លាម​សមុទ្រ​​ រក​បាន​គ្រាប់​​​បាល់​ទី​២​របស់​ខ្លួន​​​នៅ​ពេល​ការ​ប្រកួត​​ឈាន​ចូល​ដល់​នាទី​​ទី​៥៩ និង​កីឡា​ករ​​សំ មីនា ពាក់​អាវ​លេខ​២៣ ដែល​ជា​មិត្ត​រួម​ក្រុម​​​​រក​បាន​១​គ្រាប់​​នៅ​នាទី​​ទី៦៥ ។

ដោយ​មិន​ចង់​​បាក់​មុខ​​ ខណៈ​ក្រុម​ឆ្លាម​សមុទ្រ​​រក​បាន​គ្រាប់​បាល់​​នាំ​មុខ​លើ​ក្រុម​ខ្លួន​​នោះ ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​​នគរ​បាល​ជាតិ ចាប់​ផ្តើម​លេង​វាយ​បក​វិញ​​រហូត​រក​បាន​គ្រាប់​​បាល់​៣​គ្រាប់​​ចុង​ក្រោយ​​ ដោយ​កីឡា​ករ​ ​OLADIJINELSON OLATUNDE ពាក់​អាវ​លេខ​២០ នៅ​នាទី​ទី​៧៩ ​កីឡា​ករ​លី អារីហ្វីន ពាក់​អាវ​លេខ​៣ នៅ​នាទី​ទី​៧៧ និង​កីឡា​ករ​នួន បូរី ពាក់​អាវ​លេខ​១០ នៅ​នាទី​ទី​​៩០​+៤ ។

ទោះ​បី​យ៉ាង​ណា ក្រុម​ឆ្លាម​សមុទ្រ​ គឺ​​កីឡា​ករ​​ AYODELE SILVASUNDAY ពាក់​អាវ​លេខ​៩ រក​បាន​គ្រាប់​បាល់​ឱ្យ​ក្រុម​របស់​ខ្លួន​បាន​ចំនួន​២​គ្រាប់​​ទៀត​នៅ​នាទី​ទី​​៧១ និង​៧៥ ។ ក្រុម​ឆ្លាម​សមុទ្រ​​​ទោះ​បី​ឈ្នះ​នៅ​​ពេល​នេះ​ទើប​តែ​រក​បាន​១១ពិន្ទុ​​ប៉ុណ្ណោះ ចំណែក​ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ រក​បាន​​៣៣​ពិន្ទុ​ ៕