ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត2​​លាននាក់​រង​​​គ្រោះ​​ដោយ​​ទឹកជំនន់​​នៅ​​ក្រុងម៉ានីល​​​រង់​ចាំ​​​ជំនួយ​

13 ឆ្នាំ មុន

ពួកអ្នក​​ជួយសង្គ្រោះ​​​រាយ​ការណ៍​​​​កាលពីថ្ងៃ​ទី​​៨​សីហា​​ថា ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​​​ញ៉ាំង​​​​ឱ្យមាន​​​ទឹក​​ជំនន់​​ធ្ងន់ធ្ងរ​​បំផុត​​​នៅក្រុង​​ម៉ានីល​​រដ្ឋធានី​​ហ្វ៊ីលីពីន​​ បណ្តាល​ឱ្យ​​មនុស្ស​ជិត​២លាន​នាក់​រង​​គ្រោះ​​រួច​​​ត្រូវ​ការ​ជំនួយ​ស្បៀង​​​​និង​សម្ភារ​​ជាបន្ទាន់​​ខណៈ​​ពេល​​ទឹកនឹង​ឡើង​​ជោរជន់​ជា​ថ្មីទៀត ។

​ភ្លៀង​ដែល​​ធ្លាក់​ដូច​ហែក​មេឃ​​​លើ​ក្រុង​ម៉ានីល​​រវាង​​ថ្ងៃទី​៦​​ទៅ​​​ទី​៨​សីហា​ ធ្វើ​ឱ្យ​​​ប៉ះពាល់​​ដោយ​​ផ្ទាល់​​ដល់​មនុស្ស​១,៩៥​លាននាក់​​​ក្នុង​នោះ​៣០០.០០០​​នាក់​​ត្រូវ​ចាកចេញ​​ពីផ្ទះ​​សម្បែង​​ដែល​​ទឹកជន់​លិច​ទៅ​​កាន់​​​មជ្ឈមណ្ឌល​​​​សង្គ្រោះ ។ ទឹក​​ចាប់​ផ្តើម​​ស្រក​ចុះ​ក្នុង​ផ្នែក​មួយ​ធំ​​នៃរដ្ឋធានី​​ដែល​​ជន់​​លិច​៨០​% ។ ​​​ខាងផ្នែក​​​ឧតុនិយម​​​​ប្រកាស​​​ពីលទ្ធភាព​​​ដែល​​ភ្លៀង​អាច​ធ្លាក់​​​ខ្លាំង​ទៀត​នា​​ប៉ុន្មាន​ថ្ងៃខាងមុខនេះ ។ 

អាទិភាព​​​នៃ​ការ​​​ជួយ​សង្គ្រោះ​​​ពេល​​នេះ​ផ្តោត​លើ​​ការ​ផ្តល់​​ទឹក​ស្អាត​ ស្បៀងអាហារ និង​ថ្នាំពេទ្យ​ដោយ​ឆាប់​​រហ័ស​បំផុត ។  មនុស្ស​​២០​នាក់​​ស្លាប់​​ដោយសារ​​​ទឹក​ជំនន់​នៅ​​ក្រុង​​​ម៉ានីល​​និង​ក្នុង​ខេត្ត​ជុំ​វិញ​ក្រុងនេះ ។ ​តួលេខ​នេះ​ធ្វើ​ឱ្យ​ចំនួន​ជនរងគ្រោះ​​​ដោយ​ទឹក​ជំនន់​​​នៅ​​ហ្វ៊ីលីពីន​​ចាប់ពី​​​ដំណាច់​ខែ​​កក្កដា​​​មក​​ឡើងដល់​​៧៣​នាក់​ហើយ ៕​