ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ទំនើង​២​ក្រុម​វាយ​តប់​គ្នា​​ជម្រះ​​គំនុំ​​ចាស់​ត្រូ​វ​ជាប់​អន្ទាក់​​ប៉ូលិស​​ទាំង​សង​ខាង​

13 ឆ្នាំ មុន

ខេត្ត​កណ្តាល​៖ ​ក្មេង​​ទំនើង​​២​​ក្រុម​ម្ខាង​​មាន​​គ្នា​៤​នាក់ ម្ខាង​ទៀត​មាន​គ្នា​​២​នាក់​ធ្លាប់​​មាន​គំនុំ​វាយ​តប់​គ្នា​ពី​​ពេល​មុន​នោះ​ពេល​នេះ​ជួប​មុខ​គ្នា​​ ហើយ​វាយ​តប់​គ្នា​ម្តង​ទៀត​ ដើម្បី​ជម្រះ​បញ្ជី​ចាស់​បង្កឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​តាម​ដង​ផ្លូវ​ត្រូវ​ប៉ូលិស​ស្រុក​អង្គ​ស្នួល និង​ប៉ូលិស​ប៉ុស្តិ៍​បែក​ចាន​ចុះ​ទៅ​ព័ទ្ធ​​ចាប់​បាន​ញាត់​ចូល​ទ្រុង​​ទាំង​សង​ខាង ។​

ហេតុ​ការណ៍​នោះ​បាន​កើតឡើង​កាល​ពី វេលា​ម៉ោង​៦​និង​២៥​នាទី​ល្ងាច​ថ្ងៃ​​ទី​៨ សីហា ២០១២ ​នៅ​តាម​ផ្លូវ​លំ​ស្ថិត​ក្នុង​ភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល ។ ​ក្មេង​ទំនើង​ទាំង​នោះ​​ត្រូវ​បាន​គេ​ដឹង​ថា ក្រុម​ទី ១ មាន​គ្នា​​៤​នាក់​ដែល​គេ​ស្គាល់​ថា ១-ឈ្មោះ​​វង្ស ឆកា ភេទ​​ប្រុស អាយុ​​១៧​ឆ្នាំ ​២-ឈ្មោះគីម វាសនា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ​អ្នក​ទាំង​២ ជា​កម្ម​ករ​​រោង​ចក្រ​ ស្នាក់​នៅ​ក្នុង​​ភូមិ​អង្គ​ស្នួ​លទី​១ ឃុំ​ពើក ស្រុក​​​អង្គ​ស្នួល ៣-ឈ្មោះ​ផាត សុភ័ណ្ឌ ​ភេទ​ប្រុស អាយុ​​១៧ឆ្នាំ ​ជា​កម្ម​ករ​រោង​ចក្រ និង​៤-ឈ្មោះ​​ផល សុខា ភេទប្រុស អាយុ​​១៦​ឆ្នាំ ​ជា​អ្នក​​លក់​ដូរ ពួក​គេ​​ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​អង្គ​ស្នួល​ទី​២ ឃុំ​ពើក។ ដោយ​ឡែក​ក្មេង​ទំនើង​ក្រុម​ទី​២ ​មាន​​គ្នា​២​នាក់​​ដែល​គេ​ស្គាល់​ថា ១-ឈ្មោះ​សាន់ វាសនា​ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ​ និង​២-ឈ្មោះ​​ចេង ហឿន ភេទប្រុស អាយុ​១៨​ឆ្នាំ ​អ្នក​ទាំង​២​នាក់​នេះ ជា​​កម្ម​ករ​​រោង​ចក្រ​មាន​ទីលំនៅ​ភូមិ​ព្រែក​អំបិល ឃុំ​ជម្ពូ​ព្រឹក្ស ​ស្រុក​ឧដុង្គ ​ខេត្ត​កំពង់​ស្ពឺ​ ។ ក្រោយ​ពេល​​កើតហេតុ​ប៉ូលិស​បាន​ចុះទៅធ្វើ​ការ​ឃាត់​​ខ្លួន​បាន​​ទាំង​សង​ខាង​ និង​ដក​ហូត​បាន​ដាវ​មួយ​ដើម​​ទៀត​ផង ។

ប៉ូលិស​ស្រុក​អង្គ​ស្នួល បាន​ឱ្យ​ដឹង​ថា ក្រុម​ក្មេង​ទំនើង​ទាំង២​ក្រុម​នេះ​ធ្លាប់​មាន​ទំនាស់​វាយ​តប់​គ្នា​ កាល​ពី​ប៉ុន្មាន​​ថ្ងៃ​មុន​​ដោយ​ក្រុម​ក្មេង​ទំនើង​ដែល​មាន​គ្នា​៤​នាក់ បាន​ព្រួត​គ្នា​វាយ​ទៅ​លើ​ក្រុម​ក្មេង​ទំនើង​ដែល​​មាន​គ្នា​២​នាក់ ប៉ុន្តែ​មិន​​បណ្តាល​ឱ្យ​​មាន​នរណា​ម្នាក់​រង​របួស​នោះ​ទេ ព្រោះ​វាយ​​ដោយ​ដៃ​ទទេ​ប៉ុណ្ណោះ បន្ទាប់​​មក​ពួក​គេ​ក៏​បាន​បែក​គ្នា​អស់​ទៅ​លើក​នេះ​ជាប់​អន្ទាក់​​ប៉ូលិស ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕