ខេត្តប៉ៃលិន ៖ ក្រោមបញ្ជាលោកជុំ សែនសន្ធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកសេង ផានិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានដឹកនាំសមត្ថកិច្ចមួយក្រុមចុះទៅចាប់ឃាត់ខ្លួន បុរសម្នាក់ដែលជាប់ពាក់ព័ន្ធនឹងករណីជួញដូរ និងចែកចាយថ្នាំញៀន កាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី៨ សីហា ២០១២ ត្រង់ចំណុចផ្សារថ្មី ស្ថិតក្នុងភូមិអូរច្រារកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ដកហូតបានថ្នាំ ញៀនប្រភេទយ៉ាម៉ាចំនួន២២គ្រាប់ និងសម្ភារថ្នាំញៀនមួយចំនួនទៀត ។
លោកឈន សារ៉ាយ នាយរងការិយាល័យប្រឆាំងការជួញដូរ និងចែកចាយគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត បានមានប្រសាសន៍ឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនឈ្មោះឡុង សាមិត ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ-អ៊ិស្លាម មានទីលំនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។ ប្រភពបន្តទៀតថា ដោយលោកជុំ សែនសទ្ធា ព្រះរាជអាជ្ញាបានចាត់ឱ្យក្រុមសមត្ថកិច្ចតាមដានយូរមកហើយ ទើបដឹងចំណុច និងទីតាំងពិតប្រាកដរបស់ជនល្មើសក៏ចាត់ឱ្យលោកសេង ផានិត ព្រះរាជអាជ្ញារងដឹកនាំសមត្ថកិច្ចចុះទៅដល់កន្លែងទាន់ពេល និងឃើញជនសង្ស័យរូបនេះកំពុងតែចែកចាយគ្រឿងញៀនក៏ឃាត់ខ្លួនតែម្តងទៅ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕




ចែករំលែកព័តមាននេះ