ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឆោម ឆារី អតី​ត​កីឡា​ករ​ប្រដាល់​​សាកល​ល្បី​ឈ្មោះ​នា​ទស​វត្ស​ទី​70

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​​ ​លោក​ឆោម ឆារី អតី​ត​​កីឡា​ករ​ប្រដាល់​​សាកល​​ជម្រើស​ជាតិ​ដ៏​ល្បី​ឈ្មោះ​​នា​ទស​វត្ស​ទី​៧០ មិន​ត្រឹម​តែ​​ជា​កីឡា​ករ​​ដែល​ធ្លាប់​ដណ្តើម​​បាន​មេ​ដាយ​ប្រាក់​ និង​សំរឹទ្ធិ​​​​នៅ​លើ​​ឆាក​អន្តរ​ជាតិ​​នា​ពេល​កន្លង​មក​​នោះ​ទេ ប៉ុន្តែ​​នៅ​ពេល​​​ក្លាយ​ជា​គ្រូ​បង្ហាត់​​ទៅ​ហើយ​នោះ លោក​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​គ្រូ​បង្ហាត់​​កីឡា​ករ​ប្រដាល់​សាកល​ជម្រើស​ជាតិ​ដ៏​ឆ្នើម​ដែល​ជួយ​ឱ្យ​​កីឡា​ករ​​ជម្រើស​ជាតិ​​នា​សម័យ​​នេះ​ដណ្តើម​​បាន​មេដាយ​ប្រាក់​ និង​សំរឹទ្ធិ​​យ៉ាង​ច្រើន​ពី​ព្រឹត្តិ​ការណ៍​​កីឡា​ស៊ី​ហ្គេម​​នា​ពេល​កន្លង​មក ។ រហូត​​មក​ទល់​ពេល​នេះ​ លោក​មាន​វ័យ​៦១​ឆ្នាំ​ទៅ​ហើយ ប៉ុន្តែ​កាយ​សម្បទា​របស់​លោក​​នៅ​រឹង​ប៉ឹង​​មិន​ចាញ់​​មនុស្ស​វ័យកណ្តាល​ប៉ុន្មាន​ឡើយ ។

ពេល​ជួប​សម្ភាស​ជា​មួយ​​អ្នក​យក​ព័ត៌​មាន​កោះ​សន្តិ​ភាព​​ លោក​គ្រូ​ឆោម ឆារី បាន​ប្រាប់​ពី​ប្រវត្តិ​​របស់​ខ្លួន​ជូន​ប្រិយ​មិត្ត​អ្នក​អាន​កាសែត​កោះ​សន្តិ​ភាព​ ឱ្យ​ដឹង​ថា លោក​បាន​​ចូល​ហ្វឹ​ក​ហាត់​កីឡា​​ប្រដាល់​សាលក​នៅ​ឆ្នាំ​១៩៦៩ ប៉ុន្តែ​​ដោយ​សារ​តែ​ភាព​វៃ​ឆ្លាត​​ និង​ភាព​​អំណត់​អត់​ធន់​​​ប្រឹង​ប្រែង​ហ្វឹក​ហាត់​​​​មិន​យូរ​ប៉ុន្មាន​បាន​តែ​​១​​ឆ្នាំ​ប៉ុណ្ណោះ​ គឺ​នៅ​ឆ្នាំ​១៩៧០ លោក​ត្រូវ​​បាន​គេ​ជ្រើស​​​រើស​​ចូល​ក្រុម​កីឡា​ករ​​ប្រដាល់​ជម្រើស​ជាតិ​តែ​ម្តង ដែ​ល​កាល​​នោះ​លោក​រស់​នៅ​ក្នុង​សង្កាត់​លេខ​២ ក្រុង​ភ្នំពេញ ។ ​ក្រោយ​ពី​លោក​បាន​ក្លាយ​ជា​កីឡា​ករ​ជម្រើស​ជាតិ​ភ្លាម​ គឺ​នៅ​​ឆ្នាំ​១៩៧០ លោក​ត្រូវ​បាន​គេ​បញ្ជូន​ឱ្យ​ទៅ​ប្រកួត​កីឡា​ស៊ីហ្គេម​​នៅ​ទី​ក្រុង​បាង​កក​ប្រទេស​ថៃ​ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ មេដាយ​សំរឹទ្ធិ ។ ក្រោយ​​មក​ទៀត​នៅ​ឆ្នាំ​១៩៧២ លោក​បាន​​ទៅ​ចូលរួម​ប្រកួត​​កីឡា​ស៊ី​ហ្គេម​នៅ​ប្រទេស​ម៉ា​ឡេស៊ី ដោយ​ទទួល​បាន​មេដាយ​សំរឹទ្ធិ​​ទៀត ។

ប៉ុន្តែ​អ្វី​ដែល​​អស្ចារ្យ​សម្រាប់​​​ជីវិត​​របស់​លោក​​នៅ​ក្នុង​វិស័យ​កីឡា​ប្រដាល់​​នោះ គឺ​នៅ​ក្នុង​ឆ្នាំ​១៩៧៤ ​លោក​ត្រូវ​បាន​បញ្ជូន​​ឱ្យ​ទៅ​ចូល​រួម​ប្រកួត​នៅ​ក្នុង​​ព្រឹត្តិ​ការណ៍​កីឡា​ ASIAN GAME កម្រិត​អាស៊ី​​នៅ​ប្រទេស​​សិង្ហ​បុរី​​ ដែល​ពេល​នោះ​លោក​ទទួល​បាន​ជ័យ​ជម្នះ​យ៉ាង​ត្រចះ​ត្រចង់​ដោយ​ឈ្នះ​មេដាយ​ប្រាក់​។ បាន​ជា​លោក​ថា អស្ចារ្យ​ ដោយ​សារ​​ពី​មុន​រាល់​ព្រឹត្តិ​ការណ៍​​នៃ​ការ​ប្រកួត​គឺ​មិន​ងាយ​​ទទួល​បាន​មេដាយ​ឡើយ ទម្រាំ​​បាន​មេដាយ​​​ត្រូវ​ឆ្លង​​កាត់​ការ​ប្រកួត​​ជម្រុះ​​ជា​ច្រើន​​វគ្គ​ ទោះ​មេ​ដាយ​​​សំ​រឹទ្ធិ​​ ក៏ពិបាក​ដណ្តើម​​បាន​ដែរ កុំ​ថា​ឡើយ​​ដល់​មេ​ដាយ​ប្រាក់​​ និង​មាស​នោះ ។

​ពាក់​ព័ន្ធ​​នឹង​ជីវិត​​គូ​ស្រករ​​វិញ លោក​គ្រូ​ឆោម ឆារី បាន​ប្រាប់​ថា នៅ​ពេល​​លោក​វិល​ត្រឡប់​​ពី​ការ​ប្រកួត​​កីឡា​ ASIAN GAME វិញ គឺ​​នៅ​ក្នុង​ឆ្នាំ​១៩៧៤ លោក​មិន​​បាន​ចាំ​ថ្ងៃ​​ខែ​នោះ​ទេ លោក​បាន​​រៀប​អាពាហ៍​ពិពាហ៍​ជា​មួយ​ភរិយា​របស់​លោក​​ឈ្មោះ​មាស សូដាណែត ​ដែល​ជា​អតី​ត​​​កីឡា​ការិនី​​បាល់​ទះ​ជម្រើ​ស​ជាតិ​ម្នាក់ ។ ប៉ុន្តែ​ការ​រួម​រស់​​ជា​មួយ​គ្នា​ប្រកប​ដោយ​​សុភម​ង្គល​​​រវាង​រូប​លោក​ និង​ភរិ​​យាជា​ទី​ស្រឡាញ់ គឺ​បាន​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ ក៏​ត្រូវ​ពួក​ខ្មែរ​ក្រហម​​ជំលៀស​​ឱ្យ​​ទៅ​រស់​នៅ​ក្នុង​ស្រុក​​កំពង់​ថ្ម ខេត្ត​កំពង់​ធំ ។  នៅ​ទី​នោះ​ទោះ​បី​ពួក​ខ្មែរ​ក្រហម​បង្ខំ​​ឱ្យ​លោក​ធ្វើ​ការ​​ស្ទើរ​រក​ពេល​សម្រាក​គ្មាន​ តែ​លោក​នៅ​តែ​​ឆ្លៀត​ពេល​​លួច​ហ្វឹក​ហាត់​ខ្លះ​ៗ​​​ដែរ ព្រោះ​លោក​​​គិត​ថា គ្មាន​​ប្រទេស​ណា​មួយ​នៅ​លើ​ពិភព​លោក​ដែល​មិន​មាន​កីឡា​នោះ​ទេ ប៉ុន្តែ​ទី​បំផុត​​ការ​លួច​ហ្វឹក​ហាត់​របស់​លោក​ត្រូវ​បាន​ហាម​ឃាត់ ។

ទោះ​បី​បែប​ណា​ ចាត់​ទុក​ថា​​​សំណាង​ល្អ​​ដែរ​សម្រាប់​ក្រុម​គ្រួសារ​​លោក​​ដែល​រស់​នៅ​​ក្នុង​របប​៣​ឆ្នាំ៨​ខែ ២០​ថ្ងៃ ​ដែល​​មិន​ត្រូវ​បាន​ពួក​ប៉ុល ពត សម្លាប់​​ គ្រាន់​តែ​រស់​នៅ​ក្នុង​ក្តី​ភិត​ភ័យ​រហូត​​មិន​ដឹង​ថ្ងៃ​ណា​​ត្រូវ​គេ​យក​ទៅ​សម្លាប់​ ។ នៅ​​ពេល​ប្រទេស​កម្ពុជា​​ត្រូវ​បាន​រំ​ដោះ​​​ពី​របប​​យង់​ឃ្នង​នៅ​​ក្នុង​ឆ្នាំ​​១៩៧៩ ភរិយា​​របស់​លោក​​ប្រសូត​​បាន​កូន​ស្រី​​ច្បង​​ម្នាក់​ ប៉ុន្តែ​​ជា​អកុសល​កូន​ស្រី​ច្បង​​នោះ​បាន​ស្លាប់​ដោយ​​ជំងឺ​​នៅ​ពេល​ដែល​នាង​​មាន​អាយុ​១៧​ឆ្នាំ ។ បច្ចុប្បន្ន​​លោក​មាន​កូន​ចំនួន​៧​នាក់​ក្នុង​នោះ​ ស្រី​៣​នាក់ ហើយ​​​កូន​លោក​៣​នាក់​​​ពេល​នេះ​កំពុង​រស់​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ខណៈ​រូប​លោក​ និ​ង​​ក្រុម​គ្រួសារ​​រស់​នៅ​ក្នុង​ភូមិ​តាឡី សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ។

លោក​គ្រូ​ឆោម ឆារី បាន​បញ្ជាក់​​​ជា​ចុង​ក្រោយ​ថា អ្វី​ដែល​ជា​មោទន​ភាព​​សម្រាប់​រូប​លោក​​នោះ​គឺ​លោក​បាន​ជួយ​បង្វឹក​​កីឡា​ករ​ប្រដាល់​​សាកល​​ជម្រើស​ជាតិ​​កម្ពុជា​ឱ្យ​​​ដណ្តើម​​បាន​មេ​ដាយ​ប្រាក់ និង​សំរឹទ្ធិយ៉ាង​ច្រើន​​ពី​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​នៅ​ប្រទេស​​ហ្វ៊ីលីពីន ឡាវ និង​ឥណ្ឌូណេស៊ី​ជា​ដើម​ ដែល​ជា​ការ​លើក​ស្ទួយ​ដល់​វិស័យ​កីឡា​ប្រដាល់​​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​ជាតិ​ និង​អន្តរ​ជាតិ​ផង​ដែរ ៕