រដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រីហុីលឡារីគ្លីនតុន បានអំពាវនាវកាលពីថ្ងៃទី៨ សីហាដល់អាហ្វ្រិកខាងត្បូងឱ្យប្រើប្រាស់ឥទ្ធិពលកម្ររបស់ខ្លួនដើម្បីបញ្ចុះបញ្ចូលអុីរ៉ង់ឱ្យបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ ។ក្នុងសុន្ទរកថាមួយថ្លែងនៅមុខបណ្តានិស្សិតសាកលវិទ្យាល័យក្រុងកាបខាងលិចលោកស្រីគ្លីនតុនមានប្រសាសន៍ថា ក្នុងឋានៈជាប្រទេសដំបូងគេបោះបង់ចោលដោយស្ម័គ្រចិត្តនូវអាវុធនុយក្លេអ៊ែរអាហ្វ្រិកខាងត្បូងអាចនិយាយជាមួយឥទ្ធិពលកម្រមួយ ។
លោកស្រីអះអាងថា អាហ្វ្រិកខាងត្បូងដែលបោះបង់ចោលដោយស្ម័គ្រចិត្តនូវកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនកាលពីឆ្នាំ១៩៨៩នោះអាចបញ្ជូនសារបញ្ចុះបញ្ចូលមួយដល់អុីរ៉ង់ ។ អាហ្វ្រិកខាងត្បូងអាចបញ្ចុះបញ្ចូលថាការបោះបង់ចោលអាវុធនុយក្លេអ៊ែរគឺជាសញ្ញាខ្លាំងមួួយពុំមែនជាការចុះខ្សោយឡើយ។ទោះបីជាមានការគាបសង្កត់នានារបស់ពួកលោកខាងលិចតែអាហ្វ្រិកខាងត្បូងនៅតែរក្សាកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងជាមួយអុីរ៉ង់ដោយអាហ្វ្រិកខាងត្បូងនាំចូលប្រេងអុីរ៉ង់ប្រមាណជា៣០% ។
អាហ្វ្រិកខាងត្បូងបានផ្អាកកាលពីខែមិថុនានូវការនាំចូលប្រេងអុីរ៉ង់ដោយសារការពង្រឹងទណ្ឌកម្មរបស់បណ្តាប្រទេសអឺរ៉ុបនិងសហរដ្ឋអាមេរិកប្រឆាំងប្រទេសនេះ ។លោកស្រីគ្លីនតុនយល់ថាអាហ្វ្រិកខាងត្បូងត្រូវដើរតួនាទីកាន់តែសំខាន់មួយដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចពិភពលោក ហើយជួយក្នុងការលុបបំបាត់ចោលការប្រឈមទាំងឡាយក្នុងនោះក៏រួមមានវិបត្តិស៊ីរីនិងកម្មវិធីនុយក្លេអ៊ែរអុីរ៉ង់ផងដែរ ៕
ចែករំលែកព័តមាននេះ