ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​ស៊ុន​ស៊ីម៉ិច​កូ​សម្ពោធ​ជា​ផ្លូវ​ការ​​សាខា​ទី​10​ក្នុង​រាជ​ធានី​ភ្នំពេញ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​​ ​ក្រុម​ហ៊ុន​ស៊ុន​ស៊ី​​ម៉ិច​​កូ គឺ​ជា​ក្រុម​ហ៊ុន​ឈាន​មុខ​​គេ​មួយ​ខាង​ផ្នែក​គ្រឿង​​អេឡិច​ត្រូនិច និង​គ្រឿង​​សង្ហារិម​ប្រចាំ​នៅ​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា នា​ថ្ងៃទី​៨ សីហា ក្រុម​ហ៊ុន​បាន​រៀប​ចំ​ប្រកាស​បើក​សម្ពោធ​​ជា​ផ្លូវ​ការ​​សាខា​​លក់រាយ ​(សាខា​ទី​១០) ដែល​មាន​ទី​តាំង​តាម​បណ្តោយ​មហា​វិថី​ម៉ៅ​សេទុង ក្នុងរាជ​ធានី​ភ្នំពេញ ។​ សាខា​​លក់​រាយ​ថ្មី​មួ​យ​នេះ​មាន​ទំ​ហំ​​៣.២០០​​ម៉ែត្រ​ការ៉េ ដែល​វាមិន​​គ្រាន់​តែ​ជា​ហាង​លក់​រាយ​របស់​ក្រុម​ហ៊ុន​​ស៊ុន​ស៊ី​ម៉ិច​កូ​​ដែល​ធំ​បំផុត​​ប៉ុណ្ណោះ​ទេ ប្រហែល​​ជា​ហាង​លក់​​រាយ​ខាង​ផ្នែក​អេឡិច​ត្រូនិច និង​គ្រឿង​​សង្ហារិម​​ដែល​ធំ​​ជាង​គេ​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​​ដែរ ។

នៅ​ក្នុង​ពិធី​​សម្ពោធ​នេះ មាន​ការ​អញ្ជើញ​ចូល​រួម​​ជាអធិ​បតី​​​​ពី​​លោក​ចម ប្រសិទ្ធ ទេស​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រីក្រសួង​ពាណិជ្ជ​កម្ម​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និង​លោក​ជំទាវ​ ។ ក្នុង​ឱ​កាស​នោះក៏​មាន​ការ​ចូល​រួម​ជា​ភ្ញៀវ​កិត្តិយស​​ជា​ច្រើន​រូប​​​ដូច​ជា អ្នក​​ឧកញ៉ា ដួង ឈីវ ព្រម​ទាំង​​អ្នក​ជំនួញ​​ដែល​​ជោគ​ជ័យ​ជា​ច្រើន​នាក់​​ទៀត​ក្នុង​ប្រទេស​កម្ពុជា​ ក៏​មាន​​វត្ត​មាន​ក្នុង​ពិធី​នោះ​ផង​ដែរ ។

អគ្គ​នាយក​ក្រុម​ហ៊ុន​លោក​ហោ ម៉េន បាន​មាន​ប្រសាសន៍​ថា «ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​ស៊ុន​ស៊ី​ម៉ិច​កូ ចាប់​ផ្តើម​វិវឌ្ឍ​ពី​ហាង​លក់​រាយ​​គ្រឿង​អគ្គិសនី​​ និង​គ្រឿង​អេឡិច​ត្រូនិច​​ធម្ម​តា​មួយ​រហូត​ពង្រីក​ខ្លួន​ក្លាយ​ទៅ​ជា​ក្រុម​ហ៊ុន​ធំ​ដែល​មាន​ច្រើន​​សាខា​សម្រាប់​​បម្រើ​សេវា​កម្ម​ជូន​ដល់​អតិថិជន​ ។ ​​ជា​មួយ​នឹង​ការ​​បើក​បន្ថែម​​នូវ​សាខា​​លក់​រាយ​​ដ៏​ធំ​​មួយ​នេះ​នឹង​ធ្វើ​ឱ្យ​យើង​ក្លាយ​​ទៅ​ជាក្រុម​ហ៊ុន​ដែល​លក់​រាយ​​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា ។ ក្នុង​ប្រទេស​កម្ពុជា​យើង​​ រាជ​ធានី​ភ្នំពេញ គឺ​ជា​ទី​ក្រុង​​ដ៏​សំខាន់​​មួយ​របស់​យើង​ ហើយ​ក៏​ជា​​ទី​កន្លែង​គោល​ដៅ​​របស់​យើង​សម្រាប់​ក្លាយ​ខ្លួន​ទៅ​ជា​​ហាង​លក់​រាយ​ដែល​​ជា​ទីចាប់​អារម្មណ៍​​របស់​អតិថិជន​​ទាំង​អស​់​ដែល​រស់​នៅ​​ក្នុង​រាជ​ធានី​នេះ​ផង​ដែរ» ។

លោក​​ហោ ម៉េង បាន​មាន​ប្រសាសន៍​​រំលឹក​​ឡើង​វិញ​ពី​គន្លឹះ​​នៃ​ភាព​ជោគ​ជ័យ​កន្លង​​មក​របស់​ក្រុម​ហ៊ុន​សុ៊ុន​ស៊ី​ម៉ិចកូ នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​ថា «ភាព​​ជោគ​ជ័យ​​កន្លង​មក​របស់​​ក្រុម​ហ៊ុន​ស៊ុន​ស៊ី​ម៉ិច​កូ បាន​​កសាង​ឡើង​ដោយ​សារ​ការ​ស្តាប់​​ និង​យកចិត្ត​ទុក​ដាក់​​ ព្រម​ទាំង​​ឆ្លើយ​តប​ចំពោះ​សេចក្តី​ត្រូវ​ការ​របស់​អតិថ​ិជន​ ។ សាខា​​លក់​រាយ​ដ៏​ធំ​របស់​ក្រុម​ហ៊ុន​ស៊ុន​ស៊ី​ម៉ិចកូ ដែល​​បាន​កើត​ឡើង​មក​នេះ​ក៏​ដោយ​សារ​​តែ​យើង​បាន​​ផ្តោត​សំខាន់​ទៅ​លើ​តម្រូវ​ការ​​របស់​អតិថិ​ជន​ដែល​មាន​ក្នុង​​រាជ​ធានី​ភ្នំពេញ ដែល​ជា​តំបន់​​មួយ​យើង​យក​ចិត្ត​ទុក​ដាក់​បំផុត​​ក្នុង​អំឡុង​ពេល​ពីរឆ្នាំ​​មក​នេះ ពី​ព្រោះ​​យើង​ជឿជាក់​ថា​ ភ្នំពេញ​​ពិត​ជា​ទី​ផ្សារ​ដែល​មាន​សក្តា​នុ​ពល​បំផុត» ។

ការ​ចាប់​ផ្តើម​​អនុវត្ត​​នូវ​គំនិត​​ក្នុង​ការ​បើក​សាខា​លក់​រាយ​​ដ៏​ធំ​​មួយ​នេះ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ គឺបាន​ឆ្លុះ​បញ្ចាំ​ងឱ្យ​​ឃើញ​នូវការ​បន្ត​រីក​ចម្រើន​ជា​លំដាប់​របស់​ទី​ផ្សារ​ប្រទេស​​កម្ពុជា ដែល​ទន្ទឹម​នឹង​នេះ​អ្នក​ទិញ​កាន់​តែ​​មាន​ចំនួន​ច្រើន​ឡើង​ៗ​ហើយ​ជា​ធម្ម​តា​ម្នាក់​ៗ​មាន​ភាព​សាំុ​ទៅ​នឹង​ការ​រក​ទិញ​សម្ភារ​ប្រើ​ប្រាស់​នៅ​ក្នុង​​បរិយា​កាស​​របស់​ហាង​មួយ​ដែល​មាន​អ្វីៗ​គ្រប់​យ៉ាង​តាម​តម្រូវ​ការ​របស់​ខ្លួន​ ។ជា​មួយ​នឹង​​កំណើន​​នៃ​តម្រូវ​ការ​​ទាំង​អស់​នេះ យើងឃើញ​ថា ក្រុម​ហ៊ុន​​ស៊ុន​ស៊ីម៉ិចកូ បាន​ចាប់​ផ្តើម​ប្រតិ​បត្តិ​ការ​​នូវ​យុទ្ធ​​សាស្ត្រ​ពង្រីក​សាខា​​បន្ថែម​របស់​ខ្លួន​​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ក៏​ដូច​ជា​​នាំ​ចូល​​បន្ថែម​ទៀត​នូវ​ផលិត​ផល​​របស់​ខ្លួន​​ឱ្យ​មាន​កាន់​តែច្រើន​​មុខ ​ក្នុង​នោះ​មិន​​ត្រឹម​តែមាន​នូវ​​ផលិត​​​ផល​អេឡិចត្រូនិច​​ដែល​មាន​ស្លាក​​សញ្ញា​ល្បី​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​​បណ្តា​​គ្រឿង​សង្ហា​រិម​​​សម្រាប់​តុប​តែង​លម្អ​គេ​ហដ្ឋាន​​ដែល​មាន​គុណ​ភាព​ខ្ពស់​​នាំ​ចូល​​មក​ពី​ប្រទេស​​អីុតាលី​​មាន​ម៉ាក​​ល្បីៗ​ដូច​ជា Novena Furniture, Casttila Furniture, the White Furniture Company ។ ល​ ។​ និង ។ ​ល ។

លោក​ចម ប្រសិទ្ធ ​ទេស​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​​ក្រសួង​​ពាណិជ្ជ​កម្ម​​ បាន​ថ្លែង​ថា ក្រោម​ការ​ដឹក​នាំ​​ដ៏​ឈ្លាស​វៃ​របស់​​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា ប្រទេស​ជាតិ​មាន​ការ​រីក​ចម្រើន​​លើ​គ្រប់​វិស័យ​ទាំង​អស់ ជីវ​ភាព​ប្រជា​ពលរដ្ឋ​​ធូ​រ​ធារ​មាន​​លទ្ធ​​ភាព​ទិញ​សម្ភារ​ទំនើបៗ​ប្រើ​ប្រាស់​​ ហើយ​ក្រុម​ហ៊ុ​ន​ថ្មី​ៗ​ត្រូវ​បាន​បង្កើត​ឡើង​ជា​បន្ត​បន្ទាប់​ និង​មាន​ការរីក​ចម្រើន​​ផងដែរ ​ដើម្បី​​​    បំ​ពេញ​តម្រូវ​ការ​​របស់​អតិថិ​ជន​​ ។ ​លោក​សូម​ឱ្យ​​ក្រុម​ហ៊ុន​ស៊ុន​ស៊ី​ម៉ិច​កូ​​ បន្ត​ភាព​រីក​​ចម្រើន​​បន្ថែម​ទៀត​ដើម្បី​ចូល​រួម​អភិ​វឌ្ឍន៍​ប្រទេស​ជាតិ ៕