ខេត្តកំពង់ធំ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិដែលកើតឡើងជាយថាហេតុ ដូចជា ខ្យល់ព្យុះ និងទឹកជំនន់ជាដើម ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានអំពាវនាវបែបនេះនាព្រឹកថ្ងៃទី៨ សីហា ឆ្នាំ២០១២ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៦២ ផ្នែកខាងត្បូងពីកំពង់ធំទៅក្រុងព្រះវិហារ ដែលមានប្រវែង១២៨គីឡូម៉ែត្រចាប់ពីភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ទឹកចាប់ហក់ឡើងកាលពីប៉ុន្មានថ្ងៃមុន ស្ទឹងត្រែង ក្រចេះ ចាប់ស្រក ហើយនៅភ្នំពេញ ចាប់ឡើងបន្តិច និងអាចស្រកចុះទៅវិញ ។ ប៉ុន្តែទោះជាយ៉ាងណា ដោយឆ្នាំរោងទឹកមិនដែលចេះតូចទេ ទឹកធំ ។ ឆ្នាំទៅទឹកធំ ហើយប្រជាពលរដ្ឋដែលទទួលរងគ្រោះថ្នាក់ជាងគេ គឺអ្នកកំពង់ធំតែម្តង មូលហេតុមកពីបឹងទន្លេសាបឡើងមកកៀកនឹងផ្លូវជាតិលេខ៦ទៅចាក់នៅត្រង់នោះតែម្តង ។ខ្ញុំដាក់បទបញ្ជានៅពេលខ្ញុំពិនិត្យទឹកជំនន់ដោយមិនត្រូវឱ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយដោយយើងមិនបានដឹងហើយមិនបានដោះស្រាយ ។ ស្ថានភាពស្លាប់ដោយអត់បាយគឺមិនបានកើតមាននៅក្នុងប្រទេសកម្ពុជាទេ ទោះបីទឹកជំនន់វាយប្រហារយើងក្នុងកម្រិតទ្រង់ទ្រាយធំដែលមានប្រជាជនរាប់លាននាក់ត្រូវទទួលរងផលប៉ះពាល់ក្តី ក៏ប៉ុន្តែគ្មានប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយទេ ។
ពាក់ព័ន្ធនឹងការស្ថាបនានៅតាមដងទន្លេមេគង្គ សម្តេចតេជោ បញ្ជាក់ថា សូមផ្អាកការស្ថាបនាជាបណ្តោះអាសន្ន ។ នៅប៉ែកខាងក្រោមអាចថាមានទឹកជំនន់នៅពេលខាងមុខ សូមប្រជាពលរដ្ឋមេត្តាយោគយល់ បើពុំដូច្នេះទេ គឺដូចជាយកលុយទៅបោះចោលក្នុងទឹក ។ នៅតាមដងទន្លេមេគង្គ តំបន់ទន្លេសាប និងតំបន់មួយចំនួនត្រូវតែមានការប្រុងប្រៀបតំបន់ទីទួលសុវត្ថិភាពឱ្យបានហ្មត់ចត់ ត្រូវមានការប្រុងប្រយ័ត្ន ។ យើងការពារទុកជាមុន….សម្តេចតេជោនាយករដ្ឋមន្ត្រី ស្នើសុំឱ្យវិទ្យុ ទូរទស្សន៍ទាំងអស់ មេត្តាជួយផ្សព្វផ្សាយអំពីអាកាសធាតុ ព្រោះជាការចាំបាច់ណាស់ដើម្បីឱ្យប្រជាពលរដ្ឋបានទទួលព័ត៌មានស្តីអំពីអាកាសធាតុនៅប្រទេសរបស់យើងឱ្យបានញឹកញាប់ជាការល្អ ។ ដូច្នេះខ្ញុំសូមអំពាវនាវសូមជួយផ្សព្វផ្សាយពីរម៉ោងម្តងអំពីបញ្ហាធាតុអាកាសដើម្បីឱ្យប្រជាពលរដ្ឋបានដឹង ៕
ចែករំលែកព័តមាននេះ