រាជធានីភ្នំពេញ ៖ លោកវីលៀម ថត(William E.Todd) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងគណៈប្រតិភូនៃកងយោធា បុគ្គលិកនាវា USNS Mercy របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី៧ សីហា ឆ្នាំ២០១២ បាននាំយកអំណោយមួយចំនួនទៅផ្តល់ជូនដល់មូលនិធិកុមារកម្ពុជា និងអង្គការផ្ទះបាយកុមារ ។ អំណោយទាំងនោះរួមមាន ភួយ គ្រឿងសម្ភារសម្រាប់ទារក និងកុមារ រួមទាំងសម្ភារសិក្សាផងដែរ ។
លោកវីលៀម ថត មានប្រសាសន៍ថា សេវាកម្ម និងការងារមនុស្សធម៌ គឺជាគោលការណ៍មូលដ្ឋានរបស់សង្គមសហរដ្ឋអាមេរិក ។ ជាក់ស្តែង អំណោយដែលផ្តល់ជូននៅថ្ងៃនេះ គឺបង្ហាញនូវចិត្តសប្បុរសធម៌របស់ប្រជាពលរដ្ឋអាមេរិកជាច្រើនពាន់នាក់ ដែលបានផ្តល់តម្លៃដល់បេសកកម្មនៃភាពជាដៃគូក្នុងន័យមិត្តភាព និងការដឹងគុណ ។
លោកឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណចំពោះ Latter Day Saints ដែលបានចូលរួមផ្តល់ជាអំណោយមិនអាចកាត់ថ្លៃបាន និងដ៏ច្រើនសន្ធឹកសន្ធាប់នាពេលនេះ ។ លោកបន្តថា បេសកកម្មជាដៃគូនៃតំបន់ប៉ាស៊ីហ្វិក គឺកម្មវិធីសប្បុរសធម៌មួយដ៏ប្រពៃដែលគូសបញ្ជាក់ពីចំណងមិត្តភាពរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្តាប្រជាជនដទៃទៀតនៅជុំវិញពិភពលោក ។
លោកវីលៀម ថត បានលើកឡើងថា តាមរយៈនៃការបំពេញការងាររួមគ្នា យើងក៏បានផ្តល់នូវសេវាថែទាំវេជ្ជសាស្រ្ត និងបសុព្យាបាលដោយឥតគិតថ្លៃទៅដល់ប្រជាជនកម្ពុជា ដូចជាយើងបាននិងកំពុងដំណើរការសាងសង់អគារសម្ភពចំនួន៣ខ្នងនោះផងដែរ ។ លោកឯកអគ្គរដ្ឋទូតបានបង្ហាញនូវក្តីសង្ឃឹមថា សហរដ្ឋអាមេរិក នឹងអាចសម្រេចបាននូវការផ្តល់សេវាថែទាំវេជ្ជសាស្រ្តជូនដល់ប្រជាពលរដ្ឋកម្ពុជាក្នុងចំនួនដ៏ច្រើនបន្ថែមទៀតនៅក្នុងឆ្នាំនេះ ។ លោកក៏បានសម្តែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយគាំទ្រដល់បេសកកម្មរបស់កងនាវាសហរដ្ឋអាមេរិកនៅកម្ពុជា ៕




ចែករំលែកព័តមាននេះ